ការ​បោះ​ឆ្នោត​សភា​ឡាវ​ថ្ងៃ​ទី​20 មីនា

ការ​បោះ​ឆ្នោត​សភាជាតិ​ឡាវ​នី​តី​កាល​ទី​៨ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត និង​ក្រុង​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២០ មីនា ដោយ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ទូ​ទាំង​ប្រទេស​ចាប់​បើកទ្វារ​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​១៧ ។

ពលរដ្ឋ​ឡាវ​ប្រមាណ​ជា​ជិត​៤​លាន​នាក់​ត្រូវ​ទៅ​បោះ​ឆ្នោត​ក្នុង​ខេត្ត​-​ក្រុង​ទាំង​១៨​របស់​ប្រទេស ។ ការ​បោះ​ឆ្នោត​នេះ​ត្រូវ​ជ្រើសរើស​សមាជិក​សភាជាតិ​១៤៩​រូប ក្នុង​ចំណោម​បេក្ខជន​២១១​រូប ក្រៅពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង​៣៦០​រូប សម្រាប់​អាណត្តិ​២០១៦-២០២០ ។

រដ្ឋធម្មនុញ្ញ​ឡាវ បាន​កែប្រែ​ជា​លើក​ទី​២​កាលពី​ឆ្នាំ​២០០៥ ដែល​អាច​ឱ្យ​បង្កើត​ក្រុមប្រឹក្សា​ប្រជាជន ខេត្ត​សម្រាប់​ធ្វើការសម្រេចចិត្ត​លើ​បញ្ហា​មូលដ្ឋាន​ធំ​ៗ ហើយ​ពិនិត្យ​សកម្មភាព​របស់​រដ្ឋបាល​មូលដ្ឋាន ។ ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​ក៏​មាន​សមត្ថកិច្ច​ផង​ដែរ​អនុម័ត​បណ្តា​ផែនការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច និង​ថវិកា​មូលដ្ឋាន ជ្រើសតាំង និង​ដក​តំណែង​អភិបាលខេត្ត​តាម​សំណើ​របស់​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​ខេត្ត ៕