ប្រាក់រៀល​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​មោទនភាព​ជាតិ​និង​សាមគ្គីភាព​ជាតិ​

ភ្នំពេញ​:
ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​បានលើកឡើង​ថា ប្រាក់រៀល​មាន​តួ​នារី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​មោទនភាព​ជាតិ​និង​សាមគ្គីភាព​ជាតិ​ហើយ​និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ​វិស័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ទាំងមូល​ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​អធិបតេយ្យ​ផ្អែកលើ​រូបិយវត្ថុ ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​។​

​    ​នេះ​ជាការ​លើកឡើង​របស់លោក​ស្រី នាវ ច័ន្ទ​ថា​ណា​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​នៅក្នុង​ទិវា​អបអរសាទរ​ការដាក់​ឲ្យ​ចរាចរណ៍​ប្រាក់រៀល​ឡើងវិញ​លើក​ទី​៣៦​កាលពី​រសៀល​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៦ កន្លងមកនេះ​នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​.​ជប៉ុន​។​

​    ​លោកស្រី នាវ ច័ន្ទ​ថា​ណា បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​តួនាទី​យ៉ាងសំខាន់​នៃ​ប្រាក់រៀល​រហូតមកដល់​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​គោលនយោបាយ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ដែល​ក្នុងនោះ​អំណាច​ទិញ​របស់​ប្រាក់រៀល​ត្រូវបាន​ការពារ​យ៉ាង​ល្អប្រសើរ​ហើយ​ក្រដាស​ប្រាក់រៀល​ក៏ត្រូវ​បាន​រចនា​ឡើង​ដ៏​ស្រស់ស្អាត​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់​ដើម្បី​ធានា​សុវត្ថិភាព​និង​បង្កប់​នូវ​អត្ថន័យ​សំខាន់ៗ​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​ជាមួយនឹង​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​របស់​ខ្មែរ​យើង​។​

​លោកស្រី​បាន​បញ្ជាក់ថា នាពេល​ឆាប់ៗ​ខាងមុខនេះ​ធនាគារជាតិ​នៃ​កម្ពុជា​នឹងដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ផ្ទេរប្រាក់​រៀល​ថ្មី​ឈ្មោះថា FAST ដែលជា​ប្រព័ន្ធ​ទូទាត់​រាយ​ដែល​អាច​ឲ្យ​អតិថិជន​ទទួលបាន​ប្រាក់​ភ្លាមៗ​។​

​    ​លោកស្រី​ទេសាភិបាលរង​បាន​បន្តថា ទន្ទឹមនេះ​តំណាង​ពី​វិស័យ​ឯកជន​រួមមាន​តំណាង​ក្រុមហ៊ុន សហគ្រាស​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​បង្ហាញថា​កន្លងមក​អាជីវកម្ម​និង​ប្រតិបត្តិការ​របស់ខ្លួន​បាន​ប្រើប្រាស់​ប្រាក់រៀល​កើន​ឡើងជា​លំដាប់​តាមរយៈ​ការបើក​ប្រាក់ខែ ការកំណត់ថ្លៃ​ជា​ប្រាក់រៀល​និង​ការទូទាត់​ជា​ប្រាក់រៀល​ជាដើម​ហើយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ ការប្រើប្រាស់​ប្រាក់រៀល​ធ្វើ​ឲ្យ​កាត់បន្ថយ​ការ​ប្តូរប្រាក់​និង​ចំណាយ​ប្រតិបត្តិការ​ផ្សេងៗ​នៅក្នុង​អាជីវកម្ម ហើយ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ជា​ប្រាក់រៀល​ក៏បាន​កេណ្ឌ​ប្រមូល​សន្សំ​ជា​ប្រាក់រៀល​និង​ផ្ត​ល់ឥណ​ជា​ប្រាក់រៀល​ដែល​ចូលរួម​ដោយផ្ទាល់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​យើង​ជាពិសេស​នៅតាម​តំបន់​ជនបទ​។

​    ​លោកស្រី នាវ ច័ន្ទ​ថា​ណា​បាន​បញ្ជាក់ថា ការប្រើប្រាស់​ប្រាក់រៀល​នឹងធ្វើ​ឲ្យ​ប្រទេស​យើង​ទទួលបាន​ប្រាក់ចំណូល​ពី​ការបោះពុម្ព​និង​ស្រូបយក​នូវ​រូបិយ​បណ្ណ​ដើម្បី​គរ​ពួន​ជា​ទុនបម្រុង​សម្រាប់​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​មកលើ​សេដ្ឋកិច្ចកម្ពុជា​។​ទាំងនេះ​គ្រាន់តែ​ជា​សារៈសំខាន់​មួយផ្នែក​ប៉ុណ្ណោះ​នៃ​ការប្រើប្រាស់​ប្រាក់រៀល​នៅមាន​អត្ថប្រយោជន៍​ដ៏​ច្រើន​ទៀត​ដែល​ជួយ​គាំទ្រ​សេដ្ឋកិច្ច​របស់​យើង​ឲ្យ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​    ​គួររំលឹកថា​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​សហការ​រៀបចំ​ទិវា​ប្រាក់រៀល​ជាមួយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ដែល​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការគាំទ្រ​របស់​វិស័យ​ឯកជន​ចំពោះ​ការប្រើប្រាស់​ប្រាក់រៀល​។ គោលបំណង​ចម្បង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ​គឺ​ដើម្បី​រលឹក​ខួប​នៃ​ការដាក់​ឲ្យ​ចរាចរណ៍​ប្រាក់រៀល​ឡើងវិញ​ព្រមទាំង​ដើម្បី​គាំទ្រ​និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ដោយ​ស្មារតី​ស្ម័គ្រចិត្ត​៕​

ប្រាក់រៀល​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​មោទនភាព​ជាតិ​និង​សាមគ្គីភាព​ជាតិ​

ប្រាក់រៀល​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​មោទនភាព​ជាតិ​និង​សាមគ្គីភាព​ជាតិ​
ប្រាក់រៀល​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​មោទនភាព​ជាតិ​និង​សាមគ្គីភាព​ជាតិ​