មុខសញ្ញា​ចោរលួច​គាស់​តូប​លួច​ឥ​វ៉ាន់​ក្នុង​ផ្សារឆ្នាំង​ម្នាក់ និង​អ្នកទទួលផល​ចោរកម្ម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ធ្វើអោយ​អ្នកផ្សារ​ឆ្នាំង​ស្រួល​ចិត្ត​បន្តិច

​ខេត្តកំពង់ឆ្នាំង​៖ មុខសញ្ញា​ចោរលួច​ម្នាក់ ដែល​ល្បី​ខាង​គាស់​តូប​លក់ដូរ​ក្នុង​ផ្សារឆ្នាំង​ជា​យូរហើយ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​ស្ត្រី​ម្នាក់ទៀត​ជា​អ្នក​ផល​ចោរកម្ម ដោយ​ដកហូត​បាន​ទាំង​វត្ថុតាង ខ្ទឹមស​មួយ​កា​រ៉ុង​បន្ទាប់ពី​គេ​គាស់​និង​កាត់​ជញ្ជាំង​តូប​លួច​យក​ពី​ក្នុង​ផ្សារឆ្នាំង​កាលពី​យប់​ថ្ងៃទី​១៨ ខែមីនា ។ ការចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៦ នៅផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

លោក ឈី​វ ទ្រី មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ពី​ស្ត្រី​ឈ្មោះ ប្រាក់ ស៊ី​នឿន ជា​ម្ចាស់​តូប​លក់​ចាប់ហួយ​នៅក្នុង​ផ្សារឆ្នាំង​ថា តូប​គាត់​ត្រូវ​ចោរលួច​គាស់​យក​របស់​មួយចំនួន មាន​ខ្ទឹមស​១​កា​រ៉ុង ស្មើ​២០​គីឡូក្រាម ក្បាល​ចាក់​ឌី​វី​ឌី​១​គ្រឿង និង​គ្រឿងទេស​មួយចំនួនទៀត ពេលនោះ​សមត្ថកិច្ច​នគរបាល​ខេត្ត និង​ក្រុង​កំពង់ឆ្នាំង​បាន​សហការគ្នា​ស្រាវជ្រាវ ទើប​ចាប់បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ ភិរម្យ អាយុ​៣២​ឆ្នាំ និង​បាន​សាកសួរ​ចម្លើយ​ទើប​ដឹងថា របស់​ដែល​លួចបាន​មួយចំនួន​បាន​យកទៅលក់​អោយ​ស្ត្រី​ឈ្មោះ​ឌិន ធី​ឡេ អាយុ​៤៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម ទើប​ឈានដល់​ចាប់ខ្លួន​ស្ត្រី​ខាងលើនេះ​ដែលជា​អ្នកទទួលផល​ចោរកម្ម និង​បាន​រកឃើញ​ខ្ទឹម ស​១​កា​រ៉ុង​មកវិញ ។ ចំណែក​ក្បាល​ចាក់​វីស៊ីឌី និង​របស់​មួយចំនួនទៀត ត្រូវបាន​បក្ខពួក ឈ្មោះ សុខ ភិរម្យ យកទៅលក់​អោយ​គ្នា​គេ​នៅ​ផ្សារ​ព្រៃ​ខ្មែរ​ដែល​ពេលនេះ​គេ​កំពុង​រត់គេចខ្លួន​។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សុខ ភិរម្យ បាន​សារភាពថា​៖ កាល​មុន​ខ្លួន​ពិតជា​
​ធ្លាប់​លួច​មែន ក្រោយមក​មួយរយៈ​នេះ​ឈប់​លួច​យូរហើយ ប៉ុន្តែ​នៅវេលា​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃ ទី​១៨ ខែ​មិនា បក្ខ​ពួកគេ​ម្នាក់ទៀត​បាន​បបួល​លួច​ម្តងទៀត ដោយ​ប្រើ​កន្ត្រៃ​កាត់​ជញ្ជាំង​ស័ង្កសី​តូប ចូល លួច​ឥ​វ៉ាន់ លុះ​ព្រឹ​ពេល​ក​ឡើង​ក៏ត្រូវ​សមត្ថកិច្ច​ស្រាច​ជ្រាវ​ចាប់ខ្លួនបាន​តែម្តង​។ ជនសង្ស័យ​ទាំង​២​នាក់ គឺ​អ្នក​លួច​និង​អ្នកទិញ​ផល​ចោរកម្ម ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង ទៅកាន់​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕ រិ​ទ្ធ ជ័យ​

KA-21-03-2016-23 KA-21-03-2016-24