ទៀតហើយ​ ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​FlyDubai​នៅ​រុស្ស៊ី​

យន្តហោះ​ដឹក​អ្នកដំណើរ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍ FlyDubai បាន​ធ្លាក់​ខណៈ​ពេល​ដែល​ធ្វើការ​ចុះចត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី​ បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដំណើរ និង​​​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ទាំង​៦២​នាក់​ កាល​ពី​ថ្ងៃ​ទី ១៩ ខែ មិនា​​ ឆ្នាំ​ ២០១៦​។

FlyDubai ដែល​មាន​ជើង​ហោះ​ហើរ​លេខ​ ៩៨១ បាន​ធ្វើ​ការ​ហោះហើរ​ពី​ទីក្រុង​ ឌូបៃ ទៅ​កាន់​ទីក្រុងRostov-on-Don ប្រទេស​រុស្ស៊ី​។ បើ​តាម​តួលេខ​អ្នក​ស្លាប់​ដែល​ផ្ដល់​អោយ​ដំបូង​ រួម​មាន​អ្នក​ដំណើរ​ចំនួន​៥៥​នាក់​ក្នុង​នោះ​ ស្ត្រី​៣៣​នាក់​ បុរស​១៨​នាក់ និង​កុមារ​៤​នាក់​ ព្រមទាំង​អ្នក​បម្រើ​ការងារ​លើ​យន្តហោះ​៧​នាក់​ផ្សេង​ទៀត​។ ក្នុង​ចំណោម​អ្នកដំណើរ​ដែល​បាន​​ស្លាប់​ទាំងអស់​ យ៉ាង​ហោច​ណាស់​មាន​ជនបរទេស​ចំនួន​១១​នាក់ រួម​មាន​ជនជាតិ​អ៊ុយក្រែន​៨​នាក់​ ជនជាតិ​ឥណ្ឌា​២នាក់​ និង​ជនជាតិ​Uzbek ម្នាក់​ ហើយ​អ្នក​បម្រើ​ការងារ​លើ​យន្តហោះ​៦​នាក់​ក៏​មិន​មែន​ជា​ជនជាតិ​រុស្ស៊ី​ដែរ​។

មាន​ការ​រាយការណ៍​ថា យន្តហោះ​ធុន​ Boeing 737-800នេះ​ បាន​ធ្លាក់​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ផ្លូវ​រត់​របស់​យន្តហោះ​ ដោយ​ស្លាប​យន្តហោះ​បាន​បុក​នឹង​ដី​ បណ្តាល​ឲ្យ​មាន​ការ​ឆេះ​ផ្ទុះ​ឡើង​ នៅ​ពេល​ដែល​យន្តហោះ​​ព្យាយាម​ធ្វើ​ការ​ចុះចត​ជា​លើក​ទី​២​ក្នុង​ស្ថានភាព​ពិបាក​ក្នុង​ការ​មើលផ្លូវ​រត់​​​ បន្ទាប់​ពី​បញ្ហា​អាកាសធាតុ​អាក្រក់​នៅ​ឯ​ព្រលាន​យន្តហោះ​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយក្រែន​ នៅ​វេលា​ម៉ោង00:34 ម៉ោង​នៅ​​ក្នុង​ប្រទេស​អង់គ្លេស​។ ទោះ​ជា​យ៉ាង​ណា​ បញ្ហា​ផ្នែក​មនុស្ស និង​បញ្ហា​បច្ចេកទេស​ ក៏​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ផង​ដែរ​ ព្រោះ​វា​ក៏​អាច​ជា​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​នេះ​​ដែរ​។

អគ្គនាយក​ក្រុមហ៊ុន​FlyDubai បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គេ​នឹង​បាន​ព័ត៌មាន​ពី​ស្ថានភាព​នៃ​ឧប្បត្តិហេតុ និង​ប្រអប់​ខ្មៅ​នា​ពេល​ខាងមុខ ការ​ស៊ើបអង្កេត​ក៏​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​រុស្ស៊ី​ហើយ​​គេ​ក៏​កំពុង​​រង់ចាំ​លទ្ធផល​ផង​ដែរ​។

ប្រែ​សម្រួល​៖ Sophany
ប្រភព ៖

  • ទៀតហើយ​ ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​FlyDubai​នៅ​រុស្ស៊ី​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:ជីវិតនិងសង្គម
Tags: