​ហេតុអ្វី​បានជា ​ក្មេង​អាយុ​២​ឆ្នាំ​ ពិបាក​ចាត់ការ​ម្លេះ​?

នៅពេលដែល កូនមានអាយុ២ឆ្នាំ គឺជាដំណាក់កាល ដែលពិបាកមើលថែបំផុត ព្រោះគេចាប់ផ្តើម មានចរឹតដែលចេះ ប្រឆាំងនឹងអ្នកហើយ។ ដូចនេះតើគួរតែ ធ្វើដូចម្តេចទៅ?

យល់ចិត្តកូន
នៅពេលដែលកូន ដល់ដំណាក់កាលនេះ កូននឹងចាប់ផ្តើមមាន អារម្មណ៍ចេះខឹង ចេះច្រណែន ចេះខ្មាសអៀន ឬសប្បាយជាដើម ហើយនៅពេលដែលគេ មានអារម្មណ៍មិនសប្បាយចិត្ត គេនឹងអាចយកការយំ មកបញ្ចេញប្រាប់អ្នក ដោយសារតែគេ មិនទាន់ចេះនិយាយ ដូចនេះនៅពេលនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ដោយមិនត្រូវស្រែកដាក់កូន ហើយត្រូវជួយគេឲ្យ មានអារម្មណ៍ល្អវិញ ទើបគេមិនយំទៀត។

លើកទឹកចិត្តឲ្យគេនិយាយ
មានពេលខ្លះដោយសារតែ ប្រដាប់ប្រដាល់លេង របស់គេត្រូវអ្នកដទៃដណ្តើម ឬដោយសារតែគេមិនព្រមគេង ទើបគេស្រែកយំ ហើយរករឿង ដូចនេះអ្នកអាចទុកឲ្យគេយំឆ្អែត ហើយទើបសួរគេពីមូលហេតុ ហើយបង្រៀនគេពី របៀបដោះស្រាយ និងរំងាប់អារម្មណ៍ នោះពេលក្រោយគេនឹង មិនធ្វើបែបនេះទៀតទេ។

ត្រូវដាក់វិន័យ
កូនដែលមានអាយុ ២ឆ្នាំ ភាគច្រើនមិនព្រម ធ្វើតាមអ្នកឡើយ ដូចនេះអ្នកត្រូវតែ ដាក់វិន័យឲ្យគេធ្វើតាម ដោយម៉ោងបាយត្រូវ តែអង្គុយលើតុញ៉ាំ លេងរួចត្រូវតែរៀបប្រដាប់ប្រដាល់លេងទុក ដោះស្បែកជើងរួចត្រូវតែ ទុកនៅក្នុងទូរឲ្យស្រួល ទើបគេអាចធ្វើតាមអ្នក។

បណ្តោយតាមគេ
នៅពេលដែលរងារ គេមិនព្រមពាក់ អាវដៃវែងចេញក្រៅ ឬគេមិនព្រមញ៉ាំបាយ ហើយទោះបីជាអ្នកអង្វរ យ៉ាងណាក៏ដោយក៏គេ មិនព្រមធ្វើតាមអ្នកដែរ ដូចនេះអ្នកគួរតែ បណ្តោយតាមគេ ឲ្យគេធ្វើអ្វីដែលគេចង់ នោះពេលដែលគេធ្វើរួច គេនឹងជួបផលវិបាកផ្សេងៗដូចជា ៖ រងារ ឬឃ្លាន ហើយគេនឹងរត់មក រកអ្នកដើម្បីចង់ញ៉ាំអាហារ ពេលនោះអ្នកអាចប្រាប់គេឲ្យចាំ ដល់អាហារមួយពេលទៀត ទើបគេដឹងថាភាពរឹងគឺអាចនាំឲ្យ គេជួបផលវិបាកបែបនេះ ដូចនេះថ្ងៃក្រោយគេនឹងមិន រឹងមិនស្តាប់អ្នកទៀតទេ៕

​ហេតុអ្វី​បានជា ​ក្មេង​អាយុ​២​ឆ្នាំ​ ពិបាក​ចាត់ការ​ម្លេះ​?

ប្រភព៖ គេហទំព័រ www.health.com.kh