ប្រយោជន៍​បីយ៉ាង ពី​ការ​ញ៉ាំ​ត្រប់វែង​ច្រើន​

ត្រប់វែង ត្រូវបានគេស្គាល់ថា ជាបន្លែមានរសជាតិប្លែកមួយ ហើយក៏ជាទីពេញនិយម សម្រាប់ប្រជាជនខ្មែរយើងដែរ ព្រោះវាជាបន្លែមានគ្រប់រដូវកាល។ ដូច្នេះ តើអ្នកមានដឹងទេថា ជីវជាតិក្នុងត្រប់វែងនេះ មានប្រយោជន៍ខ្លាំងប៉ុណ្ណា ចំពោះសុខភាពមនុស្សយើង?

បន្ថយកូឡេស្តេរ៉ុលក្នុងឈាម
ត្រប់វែង មានសារធាតុ Chlorogenic Acid ដ៏សំខាន់ ដែលត្រូវបានគេស្គាល់ថា មាននាទីលុបបំបាត់រ៉ាឌីកាល់សេរី ដ៏ខ្លាំងក្លាបំផុត។ សារធាតុមួយនេះ ក៏ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងដើរតួនាទីប្រឆាំងនឹងវីរុស មហារីក និងមេរោគបានច្រើនទៀតផង។

ជាចំណីរបស់ខួរក្បាល
ចំពោះសម្បករបស់ត្រប់វែង មានសារធាតុ Nasunin ដែលត្រូវបានគេស្គាល់ថា ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយ ដែលជួយការពារជាតិខ្លាញ់ ដែលមានក្នុងភ្នាស កោសិកាខួរក្បាល កុំឲ្យខូចខាត ដោយសាររ៉ាឌីកាល់សេរី។ ការសិក្សាក៏បានបង្ហាញថា សារធាតុមួយនេះ ចូលរួមក្នុងលំហូរឈាមទៅខួរក្បាល និងទប់ស្កាត់ ការរលាកសរសៃប្រសាទ។ វាក៏ជួយបង្ការជំងឺ ដែលទាក់ទងនឹងបញ្ហាផ្លូវចិត្ត និងជួយពង្រឹងដល់ ការចងចាំបានដែរ។

ជំងឺមហារីក
ត្រប់វែង មានសារធាតុ Polyphenols ដែលត្រូវបានគេរកឃើញថា ជំរុញដល់ប្រសិទ្ធភាព ប្រឆាំងនឹងមហារីក។ សារធាតុ Chlorogenic Acid និង Anthocyanins ដើរតួនាទី ជាសារធាតុប្រឆាំងការរលាកផង និងអង់ទីអុកស៊ីដង់ផង។

វាជួយការពាររាងកាយ ពីការខូចខាត ដោយសាររ៉ាឌីកាល់សេរី ដែលបង្ការកុំឲ្យលូតលាស់ ចេញជាដុំសាច់ និងកោសិកាមហារីករាលដាល។ វានឹងជំរុញឲ្យ កោសិកាមហារីកឆាប់ស្លាប់ និងភ្ញោចដល់អង់ស៊ីមច្រោះជាតិពុល ក្នុងកោសិកានោះតែម្តង៕

ប្រយោជន៍​បីយ៉ាង ពី​ការ​ញ៉ាំ​ត្រប់វែង​ច្រើន​

ប្រភព៖ គេហទំព័រ www.health.com.kh