ភាព​ចម្រូងចម្រាស​ក្នុង​ទំនាស់​ដីធ្លី​រវាង​ទាហាន​៥​គ្រួសារ​និង​ពលរដ្ឋ​១​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​មន្ត្រី​ទាហាន ៥​គ្រួសារ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ អនុវត្ត​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​យក​ដី​ទៅ​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​មន្ត្រី​ទាហាន​ចំនួន ៥​គ្រួសារ​នៅ​ពេល​ថ្មីៗ​នេះ បាន​បង្ហោះ​រូបថត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​កាន់​កាប់​ដី​ទំនាស់​នោះ។ មន្ត្រី​ទាហាន​អះអាង​ថា ដី​ទំនាស់​នោះ​ជា​ដី​ដែល​ពួក​គេ​បាន​កាន់​កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​គ្រួសារ​នៅ​ស្រុក​អូរជ្រៅ លើក​ឡើង​ថា ការ​តវ៉ា​របស់​នាយ​ទាហាន និង​ពល​ទាហាន ប្រឆាំង​នឹង​ដីកា​ស្ថាពរ​របស់​តុលាការ ដែល​ពួក​គាត់​បាន​ឈ្នះ​ក្ដី​នេះ ថា​ជា​រឿង​អយុត្តិធម៌​មក​លើ​ពលរដ្ឋ​ក្រីក្រ។ កាល​ពី​ថ្ងៃ​ទី​១៥ និង​ទី​១៦ មីនា មន្ត្រី​ទាហាន​ចំនួន ៥​គ្រួសារ ដឹក​នាំ​ដោយ​លោក​មេ​បញ្ជាការ​រង​វរ​សេនា​តូច​លេខ​៥១១ ចំណុះ​កងពល​តូច​លេខ​៥១ ប្រចាំ​ការ​នៅ​ព្រំដែន​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បាន​តវ៉ា​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពួក​គាត់​នៅ​មុខ​ដី​មាន​ទំនាស់​នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។ ពួក​គេ​បាន​បង្ហោះ​ឃ្លិប​វីដេអូ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឲ្យ​មហាជន​ទស្សនា។ ការ​តវ៉ា​នេះ ដោយសារ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ចុះ​អនុវត្ត​ដីកា​ស្ថាពរ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ទៅ​នឹង​សារ​បង្ហោះ​របស់​មន្ត្រី​ទាហាន​ទាំង​នោះ ថា​ជា​រឿង​អយុត្តិធម៌​ទៅ​លើ​ពួក​គេ និង​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ផ្អាក​ការ​ចុះ​អនុវត្ត​ដីកា​របស់​តុលាការ​កំពូល ហើយ​សើរើ​រឿង​នេះ​ឡើង​វិញ​ឲ្យ​បាន​ឆាប់៖ «ព្រោះ​អា​រឿង​នេះ​មិន​មែន​រឿង​លេង​សើច​រឿង​តូច​រឿង​ធម្មតា! ទាហាន​ទៅ​ការពារ​ជាតិ ត្រឡប់​មក​វិញ​ការពារ​ផ្ទះ​ខ្លួន​ឯង​មិន​បាន។ សូម្បី​តែ​រដ្ឋមន្ត្រី ទៀ បាញ់ យើង​ក៏​ត្រូវ​ឈឺឆ្អាល​មុន​គេ​ដែរ។ យើង​រដ្ឋមន្ត្រី ការពារ​ទាហាន​កូន​ចៅ​ខ្លួន​ឯង​មិន​បាន មិន​បាន​ទេ! ហើយ​ខ្ញុំ​ត្រូវ​ចាប់​ទូរស័ព្ទ​ហៅ​ទៅ ប៊ុន សេង ប្រធាន​ភូមិ​ភាគ​៥ ថា​រឿង​នេះ​វា​យ៉ាង​ម៉េច? ថា​រឿង​ហ្នឹង ដី​ហ្នឹង​តាំង​ពី ប៉ោ វណ្ណៈ ចែក​ឲ្យ តាំង​ពី​ឆ្នាំ​កៅសិប​ប៉ុន្មាន​ណោះ

ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ពលរដ្ឋ​ដើម​បណ្ដឹង លោកស្រី ទូត សុភ័ក្ត រស់នៅ​ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​សាលា​សង្កាត់​និមិត្ត ថា លោកស្រី​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ និង​សំណូមពរ​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ លោកស្រី​អះអាង​ថា នាយ​ទាហាន និង​ពល​ទាហាន ៥​គ្រួសារ​នោះ រំលោភ​យក​ដី​របស់​គាត់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ស្ត្រី​សម្បុរ​ស្រអែម​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​រូប​នេះ បន្ត​ក្នុង​ទឹក​មុខ​ស្រពោន​ថា ឪពុក​របស់​គាត់​បាន​ធ្វើ​ស្រែ​នៅ​លើ​ដី​ទំនាស់​ទំហំ ៤​ហិកតារ​នោះ​តាំង​នៅ​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៣ ក៏​បាន​ផ្អាក​ទៅ​វិញ។ លោកស្រី​បន្ថែម​ថា មូលហេតុ​ដែល​ផ្អាក​ធ្វើ​ស្រែ​ដោយសារ​ទាហាន​ប៉ារ៉ា​ចូល​មក​បោះ​ទីតាំង​ឈរ​ជើង​ក្នុង​បន្ទាយ​កូន​ដំរី​នោះ។ ក្រោយ​មក នាយ​ទាហាន​ឈ្មោះ លោក គិម ធារ៉ា បាន​ចាប់​ត្រាក់ទ័រ​របស់​គាត់​ទៅ​ទុក​នៅ​បន្ទាយ និង​បាន​ទៅ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន ហើយ​មិន​ឲ្យ​ឪពុក​របស់​លោកស្រី​ធ្វើ​ស្រែ​នៅ​លើ​ដី​នោះ​រហូត​មក។ លោកស្រី​បន្ត​ថា ក្រោយ​ពី លោក គិម ធារ៉ា បាន​ស្លាប់​ទៅ​នៅ​ឆ្នាំ​១៩៩៧ រឿង​ក្ដី​នេះ​បាន​ធ្លាក់​ទៅ​លើ​ប្អូន​ថ្លៃ​របស់​គាត់​ឈ្មោះ លោក ឃុត តុល ជា​មេ​បញ្ជាការ​រង​វរ​សេនា​តូច​លេខ​៥១១ បាន​កាន់​កាប់​រហូត​មក​ទល់​សព្វថ្ងៃ៖ «និយាយ​រួម​រយៈពេល ៤​ខែ ការ​ដោះស្រាយ​អត់​បាន​ជោគជ័យ រហូត​ដល់ ឃុត តុល គំរាម​រក​បាញ់​ពុក​ខ្ញុំ​នៅ​មុខ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​នោះ​ទៀត ទើប​ប្រធាន​ដោះស្រាយ​វិវាទ​ដីធ្លី គាត់​បាន​បញ្ជូន​រឿង​នេះ​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​បញ្ជាការ​រង​វរ​សេនា​តូច​លេខ​៥១១ លោក ឃុត តុល អះអាង​ថា លោក​មិន​ជំទាស់​នឹង​ការ​ចាញ់​ក្ដី​នេះ​ទេ ប្រសិន​បើ​តុលាការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​លោក​ថា មូលហេតុ​ដែល​មិន​សុខ​ចិត្ត ដោយសារ​ដីកា​សម្រេច​នោះ​បាន​ប៉ះពាល់​លើ​ដី​របស់​ទាហាន​ចំនួន ៥​គ្រួសារ ដែល​មាន​ទទឹង ២០​ម៉ែត្រ និង​បណ្ដោយ ៥០​ម៉ែត្រ នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ចំណោម​ដី ៤​ហិកតារ​នោះ ពីព្រោះ​លោក​ថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ទាហាន​ដែល​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក៖ «នៅ​ពេល​ដែល​ព្រះរាជអាជ្ញា លោក ផាន់ វណ្ណរ័ត្ន បាន​ចេញ​មក​ឲ្យ​ខ្ញុំ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​ទំនាស់ តែ​ដី​នោះ​អត់​មាន​ឋិត​ក្នុង​ដី​ទំនាស់​ទេ ហើយ​ផ្ទះ​លើ​ដី​នោះ គឺ​ឋិត​នៅ​លើ​ដី​គ្រួសារ​កងទ័ព​ទាំង ៥​នាក់​ទេ។ មូលហេតុ​បាន​ជា​ឲ្យ​ខ្ញុំ​រុះ​ផ្ទះ​នោះ​ចេញ

នៅ​ទីតាំង​ដី​ដែល​មាន​ទំនាស់​មាន​ផ្ទះ​មួយ​ខ្នង​ដំបូល​ប្រក់​ស័ង្កសី ទំហំ​ទទឹង​ប្រមាណ ៦​ម៉ែត្រ និង​បណ្ដោយ​ប្រហែល ៧​ម៉ែត្រ។ ផ្ទះ​នេះ​មាន​កន្លែង​ខ្លះ​ពីងពាង​ព័ទ្ធ ហើយ​ពុំ​មាន​សម្ភារៈ ដូចជា​កន្ទេល​ខ្នើយ​នោះ​ទេ តែ​មាន​ពាង​ចាស់ៗ​បាក់​បែក​បី​បួន​តម្រៀប​គ្នា ហាក់​ពុំ​មាន​មនុស្ស​រស់នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មេ​ភូមិ​កូនដំរី និង​ចៅ​សង្កាត់​និមិត្ត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ មីនា ដោយ​ថា​រវល់​ប្រជុំ។ ចំណែក​ក្រុមប្រឹក្សា​សង្កាត់​និមិត្ត លោក ហ៊ឺ វណ្ណា ក៏​មិន​ហ៊ាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ដែរ ដោយ​ថា​លោក​មិន​បាន​ដឹង​រឿង​ទំនាស់​នោះ​ទេ។

ដើម​បណ្ដឹង លោកស្រី ទូត សុភ័ត្ត ថ្លែង​ថា ដី​របស់​ទាហាន ៥​គ្រួសារ​នោះ​ជា​ការ​រៀបចំ​ឡើង​ក្រោយ​មាន​ទំនាស់​ដែល​លោកស្រី​ឈ្នះ​ក្ដី​នៅ​ឆ្នាំ​២០១១ ដើម្បី​ទាមទារ​ដី​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោកស្រី​អះអាង​ថា ការ​ពិត​ជា​ដី​របស់​លោកស្រី​ក្នុង​ចំណោម ៤​ហិកតារ​តែ​មួយ៖ «បន្ទាប់​ពី​តុលាការ​កំពូល ចេញ​ដីកា​ស្ថាពរ​មក មាន​អ្នក​ទូរស័ព្ទ​មក​គំរាម​បង​ថ្លៃ​ខ្ញុំ​ថា ទាមទារ​ឲ្យ​បែង​ចែក​ដី ៣០​ភាគរយ និង ៧០​ភាគរយ​ម្នាក់។ ហើយ​គាត់​ថា បើ​មិន​ព្រម​ឲ្យ​ត​ក្ដី ១០​ឆ្នាំ​ទៅ​មុខ​ទៀត​ចុះ។ អ្នក​គំរាម​នោះ​ឯង​ជា​មាន​នៅ​ប៉ោយប៉ែត ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​ក្ដី​នេះ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា រឿង​នេះ​ប្រមុខ​រដ្ឋាភិបាល​គួរ​ទុក​ឲ្យ​ស្ថាប័ន​តុលាការ​ជា​អ្នក​ដោះស្រាយ​រក​ខុស​ត្រូវ​ឲ្យ​ភាគី​ទាំង​សង​ខាង ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ខ្លួន។ លោក​ពន្យល់​ថា ការ​ជ្រៀតជ្រែក​ប្រព័ន្ធ​តុលាការ នឹង​ធ្វើ​ឲ្យ​ការ​កាត់​ក្ដី​មាន​ភាព​លម្អៀង៖ «យើង​ឃើញ​ថា​ដំណើរ​ការ​ក្ដី​មក​ដល់​ស្ថាពរ​ហើយ តុលាការ​គួរ​តែ​អនុវត្ត​សាល​ដីកា​ឲ្យ​បាន ដើម្បី​ផ្ដល់​ទំនុក​ចិត្ត ព្រោះ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ពី​ស្ថាប័ន​នីតិប្រតិបត្តិ»

ចាប់​តាំង​ពី​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ឲ្យ​ដើម​បណ្ដឹង​ឈ្នះ​ក្ដី​កាល​ពី​ខែ​មីនា ឆ្នាំ​២០១១ មក ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​អនុវត្ត​សាល​ដីកា​ចំនួន ៥​លើក​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១២ មួយ​លើក ឆ្នាំ​២០១៤ មួយ​លើក ឆ្នាំ​២០១៥ ចំនួន ២​លើក និង​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ តែ​មិន​បាន​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។