យូណេស្កូ​នៃ​ប្រទេស​ចិន​ចង់​ជួយ​ជួសជុល​ខ្លោងទ្វារ​គោបុរៈ​ចំនួន​៣​នៃ​ប្រាសាទ​ព្រះវិហារ

ក្រុម​អ្នក​ជំនាញ​ផ្នែក​ការពារ និង​ថែ​រក្សា​បេតិកភណ្ឌ​ពិភពលោក​ចម្រុះ​ជាតិ​សាសន៍ កំពុង​ជួប​ប្រជុំ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះវិហារ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី ព្រះវិហារ (ICC-Preah Vihear) លើក​ទី​២ នៅ​ឯ​ខេត្ត​សៀមរាប។

កិច្ច​ប្រជុំ​នេះ ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​គំនិត​ចម្បងៗ ព្រម​ទាំង​ការ​ជួយ​ជ្រោមជ្រែង​ទាំង​សម្ភារៈ និង​ថវិកា​ពី​បណ្ដា​ប្រទេស​នានា ដើម្បី​ឈាន​ទៅ​រក​ការ​ជួសជុល​ប្រាសាទ​ព្រះវិហារ ដែល​បែក​បាក់ និង​ខូចខាត​ដោយសារ​ការ​គំរាម​កំហែង​ពី​ធម្មជាតិ និង​ពី​សង្គ្រាម​ផង ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ជាតិ-យូណេស្កូ (UNESCO) នៃ​ប្រទេស​ចិន មាន​បំណង​ជួយ​ជួសជុល​ខ្លោងទ្វារ​គោបុរៈ​ចំនួន​៣ របស់​ប្រាសាទ​ព្រះវិហារ ដែល​បែក​បាក់​ខូចខាត​ជា​យូរ​មក​ហើយ ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ។

ប្រាសាទ​ព្រះវិហារ ៦១០
ប្រាសាទ​ព្រះវិហារ

អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​លោក ឯក ថា។ លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ក្នុង​ពេល​ដែល​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះវិហារ អាយ.ស៊ី.ស៊ី ព្រះវិហារ កំពុង​ជួប​ប្រជុំ​ពេញ​អង្គ​លើក​ទី​២ នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មីនា ថា លោក ហាវ ពីង (Hao Ping) ជា​ប្រធាន​គណៈកម្មការ​ជាតិ-យូណេស្កូ របស់​ចិន បាន​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា កន្លង​ទៅ។ ក្នុង​ជំនួប​នោះ លោក ហាវ ពីង ជម្រាប លោក សុខ អាន ថា ភាគី​ចិន ពេញ​ចិត្ត​ក្នុង​ការ​ចូលរួម​វិភាគទាន​ជួយ​ជួសជុល​ខ្លោងទ្វារ​គោបុរៈ​ចំនួន​៣ របស់​ប្រាសាទ​ព្រះវិហារ៖ «ឯកឧត្តម​បណ្ឌិត ហាវ ពីង គាត់​បាន​ប្រកាស​ថា គាត់​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​លើក​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​ចិន ចំពោះ​ការ​ជួសជុល​នូវ​ខ្លោងទ្វារ​ចំនួន​៣ គឺ​គោបុរៈ​ទី​១ គោបុរៈ​ទី​២ និង​ទី​៣»

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះវិហារ ក្រោម​កិច្ច​ដឹក​នាំ​ដោយ​សហប្រធាន មាន​ឥណ្ឌា និង​ចិន នោះ ក៏​បាន​លើក​ទឹក​ចិត្ត​ចំពោះ​ភាគី​ចិន ថា​ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ជួសជុល​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ ដែរ។

សហប្រធាន​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ប្រាសាទ​ព្រះវិហារ-ឥណ្ឌា លោក ណាវីន ស្រ៊ីវ៉ាស្តាវ៉ា (Naveen Srivastava) ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា ប្រទេស​ចិន ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​ជួសជុល​ប្រាសាទ​ព្រះវិហារ នោះ ថ្វី​បើ​ជា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋ​ភាគី​ដែល​ជា​សមាជិក​នៃ​អង្គការ​យូណេស្កូ ក៏ប៉ុន្តែ​វា​ក៏​បាន​ឆ្លង​កាត់​គណៈកម្មាធិការ​អន្តរជាតិ​ដែរ៖ «រាល់​ការ​សម្រេច​ចិត្ត​ថ្មីៗ​ពី​បណ្ដា​រដ្ឋ​ដែល​ជា​សមាជិក​នៃ​អង្គការ​យូណេស្កូ ប្រទេស​ចិន អាច​ជា​អ្នក​នាំ​មុខ​យើង​ទាំងអស់​គ្នា ដោយ​មាន​ហេតុផល​ជាច្រើន​ក្នុង​ការ​ឈាន​ទៅ​ជួសជុល​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ»

កាល​ពី​អំឡុង​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១១ ប្រាសាទ​ព្រះវិហារ ក្រៅ​តែ​ពី​ខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ ក៏​ទទួល​រងគ្រោះ​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ ជាច្រើន​កន្លែង​ទៀត​ក្នុង​ពេល​ទាហាន​ខ្មែរ-ថៃ បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយសារ​រឿង​ជម្លោះ​ព្រំដែន​នៅ​តំបន់​ក្បែរ​នោះ។

ក្រៅ​តែ​ពី​បាន​ដាក់​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក រដ្ឋាភិបាល​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ បាន​បង្កើត​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រឹងប្រែង​លើ​ការងារ​អភិវឌ្ឍន៍​ជាច្រើន ដូចជា​ទាក់ទាញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ ការងារ​ជួសជុល និង​អភិរក្ស​ប្រាសាទ ការងារ​អភិវឌ្ឍន៍​សហគមន៍ អភិរក្ស​ធនធាន​ធម្មជាតិ និង​តំបន់​ការពារ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។