ពលរដ្ឋ​មាន​ទំនាស់​ដី​៦៣​គ្រួសារ​តវ៉ា​មុខ​សាលា​ខេត្ត​បាត់ដំបង​ទាមទារ​ដំណោះស្រាយ

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រមាណ ៤០​នាក់​ក្នុង​ចំណោម ៦៣​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មីនា នាំ​គ្នា​តវ៉ា​ក្រោម​ដើម​ពោធិ៍​មុខ​សាលា​ខេត្ត ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ដី​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​តវ៉ា​នេះ ដោយសារ​អ្នក​ភូមិ​អស់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន បន្ទាប់​ពី​ពួក​គាត់​ទាមទារ​ឲ្យ​ដោះស្រាយ​ជិត ១០​ឆ្នាំ​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

ក្រុម​អ្នក​តវ៉ា​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​អាយុ​ចាប់​ពី ៥០​ឆ្នាំ​ឡើង​ទៅ និង​ខ្លះ​ជា​ស្ត្រី​មេម៉ាយ​ឈរ​កាន់​រូប​ថត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី និង​មាន​បដា​ដែល​មាន​សរសេរ​ខ្លឹមសារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់។

តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បឹងសង្កែ ឃុំ​ឃ្លាំងមាស ស្រុក​បវេល គឺ​លោកស្រី តាក យ៉េន ថ្លែង​ថា មេ​ភូមិ​ទួលសង្កែ ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន យក​ដី​របស់​ពួក​គាត់​ជាង ៤​ហិកតារ​ក្នុង​មួយ​គ្រួសារ លក់​ឲ្យ​អ្នក​មាន​ទ្រព្យ​ធន ធ្វើ​ឲ្យ​គ្មាន​ដី​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ លោកស្រី​អះអាង​ថា ពួក​គាត់​មក​តវ៉ា​នេះ គឺ​ជា​ក្ដី​សង្ឃឹម​ចុង​ក្រោយ ដើម្បី​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹង និង​ពន្លឿន​ដំណោះស្រាយ​ជូន​ពួក​គាត់៖ «ចា៎! ពួក​ខ្ញុំ​អត់​មាន​ដី​ធ្វើ​ស្រែ ប៉ុន្តែ​មេ​ភូមិ​គាត់​មិន​អើពើ​ដោះស្រាយ​ទំនាស់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ទេ ដោយ​មេ​ភូមិ​ថា សក់​អ្នក​ណា​ក្បាល​អ្នក​នោះ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ឃ្លាំងមាស លោក ប៊ុន សម្បត្តិ មាន​ប្រសាសន៍​ថា រឿង​ដី​នេះ ប្រជាពលរដ្ឋ​ភូមិ​បឹងសង្កែ មាន​ទំនាស់​ជាមួយ​អ្នក​ភូមិ​ទួលស្នួល គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​បាន​យក​ដី​របស់​ពួក​គាត់​ទៅ​លក់​ដូច​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​នោះ​ទេ។ លោក​អះអាង​ថា កន្លង​ទៅ អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​បាត់ដំបង បាន​ព្យាយាម​ដោះស្រាយ​ជូន​ពួក​គាត់​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល៖ «វា​ពិបាក​នឹង​និយាយ​ណាស់។ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​បើ​និយាយ​ទៅ ម្ខាង​ទទួល​យក ឯ​ម្ខាង​ទៀត​គាត់​មិន​ទទួល ហើយ​ថា​ខ្ញុំ​ផ្សំ​គំនិត​ជាមួយ​ពួក​គាត់​នោះ​ទៅ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង ដែល​ឃ្លាំ​មើល​រឿង​នេះ​រហូត​មក កត់​សម្គាល់​ថា រឿង​ទំនាស់​នេះ ពលរដ្ឋ​តវ៉ា​ខ្លាំង​តាំង​ពី​ឆ្នាំ​២០០៧ ជា​បន្តបន្ទាប់​មក។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ដោះស្រាយ​មិន​ចេញ ដោយសារ​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ចេតនា​ដោះស្រាយ​ជូន​ពលរដ្ឋ៖ «រឿង​ទំនាស់​នេះ បើ​យើង​យក​ដី​មក​ចែក​សម្របសម្រួល​គ្នា​ដោយ​សិក្សា​ឲ្យ​ច្បាស់លាស់​ទៅ ខ្ញុំ​គិត​ថា រឿង​នេះ​នឹង​ចប់​ដោយ​គ្មាន​អ្នក​តវ៉ា​ទៀត​ឡើយ»

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ ពុំ​មាន​អាជ្ញាធរ​ណា​ចេញ​មក​ជួប និង​ដោះស្រាយ​ជូន​ពួក​គាត់​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អ្នក​តវ៉ា​មិន​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២១ មីនា ដោយ​ពួក​គាត់​ស្នាក់​នៅ​វត្ត​ដំរីស ក្រុង​បាត់ដំបង។ អ្នក​ភូមិ​បញ្ជាក់​ថា ពួក​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​តវ៉ា​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ទៀត បើ​សិន​ជា​អាជ្ញាធរ​ខេត្ត​នៅ​តែ​មិន​ដោះស្រាយ​ជូន​ពួក​គាត់​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។