មេ​បញ្ជាការ​យោធា​ការពារ​ព្រំដែន​ខេត្ត​ព្រះវិហារ​បដិសេធ​ព័ត៌មាន​ថា​ភ្លើង​ឆេះ​ឃ្លាំង​ស្ដុក​អាវុធ

មន្ត្រី​យោធា​ទទួល​បន្ទុក​ការពារ​ព្រំដែន​ខ្មែរ​ជុំវិញ​ប្រាសាទ​ព្រះវិហារ បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា មាន​ភ្លើង​ឆេះ​ព្រៃ​មួយ ហើយ​រាល​ដាល​ឲ្យ​ឆេះ​ឃ្លាំង​ដែល​រក្សា​ទុក​កាំភ្លើង និង​គ្រាប់​ខ្លះ​នៅ​ភាគ​ខាង​លិច​វត្ត​កែវសិក្ខាគីរីស្វារៈ ជិត​ប្រាសាទ​ព្រះវិហារ។

មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​ទទួល​ការពារ​ព្រំដែន​ខ្មែរ​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មីនា ថា មិន​មាន​ភ្លើង​ឆេះ​ព្រៃ​ណា​រាល​ទៅ​ឆេះ​បំផ្លាញ​ឃ្លាំង​ទុក​អាវុធ និង​គ្រាប់​នៅ​លើ​ខ្នង​ភ្នំ​ដងរែក ជិត​ប្រាសាទ​ព្រះវិហារ នោះ​ទេ។ លោក​ឧត្តមសេនីយ៍ ស្រី ឌឹក បញ្ជាក់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា គឺ​មាន​ភ្លើង​ឆេះ​វាល​ស្មៅ​ដែល​នៅ​ចង្កេះ​ភ្នំ​ជិត​ប្រាសាទ​ព្រះវិហារ ហើយ​រាល​ទៅ​ឆេះ​រោង​ស្នាក់​នៅ​របស់​ឆ្មាំ​ការពារ​ប្រាសាទ​មែន ក៏ប៉ុន្តែ​រោង​នោះ​មិន​មាន​រក្សា​ទុក​កាំភ្លើង និង​គ្រាប់​ឡើយ៖ «វា​ឆេះ​តាម​ជើង​ភ្នំ​សុទ្ធតែ​ស្មៅ សុទ្ធតែ​ស្លឹក​ឈើ វា​រាល​មក​ចង្កេះ​ភ្នំ ទាល់​តែ​វា​រាល​ខ្លាំង​មក​ឆេះ​រោង​ដែល​គេ​ស្នាក់នៅ​យាម​កាម​ការពារ​ប្រាសាទ»

ទោះ​បី​ជា​យ៉ាង​ណា គេហទំព័រ​ក្នុង​ស្រុក​មួយ​បាន​ចេញ​ផ្សាយ​ដែល​មាន​ទាំង​រូបថត​ភ្លើង​ឆេះ​នោះ ថា​មាន​ភ្លើង​ឆេះ​ព្រៃ​បណ្ដាល​ឲ្យ​រាល​ដាល​ឆេះ​ទៅ​ដល់​ឃ្លាំង​ស្តុក​កាំភ្លើង និង​គ្រាប់​នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នៅ​វេលា​ម៉ោង​ជាង ១១​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦។ អគ្គីភ័យ​នោះ​បាន​ឆេះ​បំផ្លាញ​អាវុធ និង​គ្រាប់​ជាច្រើន។ គេហទំព័រ​ដដែល​បាន​ដកស្រង់​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ថា ហេតុការណ៍​នេះ​បាន​បំផ្លាញ​អាវុធ​ចំនួន ១១​ដើម និង​គ្រាប់​ចំនួន​ជាង ២.០០០​គ្រាប់ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។