សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ទប់ស្កាត់​ការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឡង់

សង្គម​ស៊ីវិល និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឡង់​ដែល​កំពុង​តែ​កើត​មាន​ឥត​ឈប់​ឈរ។ ការ​ទទូច​នេះ ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​ពិភពលោក ប្រារព្ធ​ទិវា​ព្រៃ​ឈើ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា។

សេចក្តី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល ចុះ​ថ្ងៃ​ទី​២១ មីនា លើក​ឡើង​ថា នៅ​កម្ពុជា ព្រៃ​ឡង់ និង​តំបន់​ព្រៃ​ឈើ​ផ្សេង​ទៀត ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​បរិស្ថាន និង​សន្តិសុខ​ស្បៀង។

ដោយឡែក​ព្រៃ​ឡង់​មាន​សារសំខាន់​បំផុត​សម្រាប់​មនុស្ស​ប្រមាណ ២​សែន​នាក់ ដែល​កំពុង​រស់នៅ និង​ទទួល​ផល​នៅ​ជុំវិញ​ព្រៃ​ឡង់ ជាពិសេស​វា​មាន​សារសំខាន់​សម្រាប់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ផល និង​អនុផល​ព្រៃ​ឈើ។

សង្គម​ស៊ីវិល​លើក​ឡើង​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​បង្កើន​ឲ្យ​មាន​គម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា ដែល​អាច​កើន​ឡើង​ដល់ ៦០% ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០៣០ និង​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្តី ក៏​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឡង់​ក្នុង ៤​ខេត្ត គឺ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ នៅ​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

ពួក​គេ​ទទូច​ឲ្យ​រដ្ឋាភិបាល ចាត់​វិធានការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បន្ថែម​ទៀត ដោយ​ដក​ហូត​ម៉ាស៊ីន​រណារ​យន្ត​ខុស​ច្បាប់​ចេញ​ពី​ភូមិ ឃុំ ស្រុក និង​ទីតាំង​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ជុំវិញ​ព្រៃ​ឡង់ ព្រម​ទាំង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី អាជ្ញាធរ​ដែនដី និង​មេ​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។