ចោរ​ជំនាញ​លួច​គោ ពេល​នេះ​អស់លក្ខណ៍​ហើយ

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​គ្រ​យា​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ជាង​៣០​នាក់​ព័ទ្ធ​ចាប់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់​ពី​ក្រុម​ចោរ​ល្បិច​ខ្ពស់​ទាំងនេះ​បាន​លួច​គោ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​តា​សែង ឃុំ​តា​ប្រុ​ក ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

លោក​អនុសេនីយ៍ឯក ចារ សុ​ខន នាយ​នគរបាល​ប៉ុស្តិ៍​គ្រ​យា បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ថា​បាន​បាត់គោ រូប​លោក និង​ប្រជា​ការពារ​ភូមិ​ប្រមាណ​ជាង​៣០​នាក់ បាន​សហការ​ជាមួយ​ម្ចាស់​គោ ដេញ​ឡោម​ព័ទ្ធ​ចាប់​បាន​មេចោរ​២​នាក់ និង​គោ​៦​ក្បាល ដែល​ជនសង្ស័យ​កំពុង​ដឹក​កាត់​ព្រៃ ។

លោក​អនុសេនីយ៍ឯក ចារ សុ​ខន បន្ត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ម៉ៅ ភឿ​ក ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ជា​មេខ្លោង និង​ឈ្មោះ វ័ន ព្រលឹង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ជា​អ្នក​ដឹកគោ ។ ចំណែក​ក្រុម​គ្រួសារ​រង​គ្រោះ​ដោយសារ​ចោរលួច​គោ​មាន​២​គ្រួសារ​គឺ ឈ្មោះ ឃុន លី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែប្រាំង ឃុំ​តា​ប្រុ​ក ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ឈ្មោះ ឃុន ឆុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ករួច​មក ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ចំណែក​វត្ថុ​តាង​ដែល​ជា​សត្វ​គោ​ទាំង​៦​ក្បាល សមត្ថកិច្ច​ស្រុក​ស​ន្ទុ​កបាន​និង​កំពុង​បំពេញ​សំណុំ​ឯកសារ​ដើម្បី​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ៕