ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ពី​បទ​វាយ​ប្លន់​អ្នកដំណើរ

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ជា​ក្រុម​ស្ទាវ​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​សម្ថ​កិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស​ន្ទុ​ក សហ​ការណ៍​ជាមួយ​អាវុធហត្ថ​ក្រុង​ស្ទឹង​សែន និង​អាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន ពី​បទ​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម្ចាស់​រថយន្ត​ដែល​ឈប់​សំចត​តាម​ដងផ្លូវ​នៅ​ពេល​យប់ ខណៈ​ពួក​គេ​ងងុយដេក​ឈប់​មួយសន្ទុះ ។ លោក​វរ​សេនី​យ៏​ត្រី  ប៊ុ​ន ឃី អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​បាន​ប្រាប់​ថា ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែ​មិ​នា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ប្រាសាទ ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក  ។

ជនសង្ស័យ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​ដាវ កាំបិត​ផ្គាក់ និង​ដំបង​ដែក បាន​ធ្វើ​សកម្មភាព​ភ្ជង់ ប្លន់ និង​វាយ​ម្ចាស់​រថយន្ត​ឲ្យ​រង​របួស និង​បែក​កញ្ចក់​រថយន្ត​ប្លន់​យក​លុយ និង​ទូរស័ព្ទ ខណៈ​ម្ចាស់​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ 3A -2901​បើកបរ​ពេល​យប់​ងងុយដេក រួច​ឈប់​រថយន្ត​ដេក​១​សន្ទុះ ក៏​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្តង ម្ចាស់​រថយន្ត​ឈ្មោះ ស៊ឹ​ម រ៉ា​សិទ្ធ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង របួស​ដៃស្តាំ ខូច​ទ្វា​រថយន្ត និង​បែក​កញ្ចក់​ចំហៀង​ខាងស្តាំ ទី​២.​ឈ្មោះ ជា ចាន់​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៣.​ឈ្មោះ ផល សុភាព ប្រុស​អាយុ​១៩ ឆ្នាំ អ្នក​ទាំង​២​ជា​កម្មករ រស់នៅ​ភូមិ​ស្រះ​ស្កូវ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង យក​អស់​ទូរស័ព្ទ​ដៃ​១​គ្រឿង លុយ​២១​ម៉ឺន​រៀល​រត់គេច​ខ្លួន បន្ទាប់​ពី​ករណី​ប្លន់​ជន​រង​គ្រោះ​មាន​ម្នាក់​រត់​រួច ទៅ​ប្តឹង​កងរាជអាវុធហត្ថ​ស្នាក់​ការ​៦០១ ដែល​នៅ​ជិត​នោះ ចុះ​ទៅ​តាមដាន​កំណត់​មុខសញ្ញា សុំ​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញា ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែ​មិ​នា​នេះ ពេល​ពួក​ជនសង្ស័យ​កំពុង​តែ​រៀបចំ​ផឹកស៊ី អ្នក​ទាំង​៥​នាក់​រួម​មាន ទី​១.​ឈ្មោះ នួ​ល សំណាង ហៅ​អា​ច្រឹង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជា​មេខ្លោង ទី​២.​ឈ្មោះ ម៉ៅ ចាន់​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៣.​ឈ្មោះ ម៉ៅ ចាន់​រ៉ុ​ង  ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ទី​៤.​ឈ្មោះ ឡេ​ង ហ៊​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី ៥.​ឈ្មោះ លន ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២០ ឆ្នាំ​អ្នក​ទាំង​៥​រស់នៅ​ភូមិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ  ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​អ្នក​ឡាន​នៅ​តាម​ដងផ្លូវ​ត្រង់​ចំណុច​ខាងលើ​នេះ​ចំនួន​ជាង​១០​ដង​មក​ហើយ  នៅ​ពេល​ប្លន់​បាន​ម្តង​ៗ​បាន​ប្រាក់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ចែក​គ្នា​បាន​ម្នាក់​៤​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​ទេ មិន​ដែល​ប្លន់​បាន​ប្រាក់​ច្រើន​នោះ​ទេ លុយ​ទាំងនេះ​យក​មក​ចែក​គ្នា​បាន​នាំ​គ្នា​ផឹកស៊ី​សប្បាយ អស់​លុយ​ទើប​ធ្វើ​សកម្មភាព​ទៀត ៕
    ​    ​    ​    ​