អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​៥​ខ្នង នៅ​ក្រុង​ច្បារមន

ខេត្តកំពង់ស្ពឺ ៖ នា​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមីនា មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​៥​ខ្នង ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អគ្គិភ័យ​ដែល​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៥​ខ្នង បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​ឈ្មោះ សុខ សុ​ខន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ទៅ​ការ​ប្អូន​បាត់​ពី​ផ្ទះ ទើប​មិន​បានដឹង​ហើយ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង សរុប​ចំនួន​៥​ខ្នង ។ ចំណែកឯ​ការ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់ការ​នៅឡើយ ៕