ចាប់​ឃាត់ខ្លួន​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​៤​នាក់

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​៩​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​នគរបាល​ខេត្ត  ធ្វើការ​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែមីនា  ឆ្នាំ​២០១៦ ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង និង​ក្នុងភូមិ​ម៉ុង​បារាំង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខណៈ​ជនសង្ស័យ​ទាំង​៩​នាក់​នោះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​។

លោក ម៉ា យន្ត នាយ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ថា ក្រោយ​ពី​ទទួល​សេចក្តី​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ និង​ដោយ​កំណត់​គោលដៅ​បាន​ច្បាស់លាស់ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង សហ​ការណ៍​ជាមួយ​នគរបាល​ខេត្ត ចុះ​បង្ក្រាប និង​ចាប់​ជនសង្ស័យ​បាន​ចំនួន​៩​នាក់ នៅ​ទីតាំង​ពីរ​កន្លែង គឺ​ក្នុងភូមិ​ដំណាក់​ពពូល និង​ភូមិ​ម៉ុង​បារាំង ពេល​ដែល​ពួក​គេ​កំពុង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​។

ជនសង្ស័យ​ទាំង​៩​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ​ហៀ​ង កាលី អាយុ​៣២​ឆ្នាំ  ២-​ឈ្មោះ រស់ សុភា អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ ម៉ុង ចាន់​ធឿ​ន អាយុ​២៥​ឆ្នាំ ៤-​ឈ្មោះ កេ​ត វ​ណ្ណា​រ៉ា អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ ណេ​ន សំ​ណា​ន អាយុ​១៩​ឆ្នាំ ៦-​ឈ្មោះ សាវ៉ា​ន់ វិទូ អាយុ​១៧​ឆ្នាំ ៧-​ឈ្មោះ កួយ តាំង​គុណ អាយុ​១៩​ឆ្នាំ ៨-​ឈ្មោះ គី​ម ម៉ា​លី​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ និង​៩-​ឈ្មោះ ដា ដា​ណេ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ស្រុក​រលា ប្អៀ​រ និង​ក្រុង​កំពង់ឆ្នាំង​។

វត្ថុ​តាង​ដែល​រឹបអូស​បាន​មាន​គ្រឿងញៀន​ម៉ា​ទឹកកក​២​កញ្ចប់  ប្រដាប់​ប្រើប្រាស់ និង​ថង់​វិច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ដាវ​២​ដើម កាំភ្លើង​កែ​ច្នៃ​មួយ​ដើម ម៉ូតូ​៣​គ្រឿង និង​ទូរស័ព្ទ​ដៃ​៥​គ្រឿង ។ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​មន្ត្រី​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕