ទីបំផុត​ រដ្ឋសភា​ក៏​លូកដៃ​ក្នុង​រឿង​បុគ្គល​ឯកជន​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ដែរ​ ក្រោម​ស្លាក​ការពារ​កិត្យានុភាព​រដ្ឋសភា​

​នៅ​ទីបំផុត​ ដោយ​យោង​តាម​ញត្តិ​ស្នើ​សុំ​របស់​និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ អះអាង​ថា​ ជា​តំណាង​យុវជន​ និង​និស្សិត​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​ យោង​តាម​លិខិត​លេខ​០០៨​រស​.​គ​១.​រប​ ចុះ​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៦​ របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យបណ្តឹង​ អង្កេត​ និង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ នៃ​រដ្ឋសភា​ និង​យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ របស់​ឯកឧត្តម​ ងួ​ន​ ញ៉ិល​ ប្រធានរដ្ឋសភា​ស្តីទី​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នីតិកាល​ទី​៥​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​ កឹ​ម​ សុខា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ក្នុង​កម្មវត្ថុ​ស្នើ​សុំ​ឲ្យ​មានការ​ឆ្លើយ​បំភ្លឺ​ចំពោះ​ញត្តិ​របស់​តំណាង​យុវជន​ និង​និស្សិត​ដែល​ទាមទារ​ឲ្យ​ឯកឧត្តម​ កឹ​ម​ សុខា​ បំភ្លឺ​ចំពោះ​ខ្សែអាត់​សំឡេង​ស្នេហា​អ​សីលធម៌​ដែល​សង្ស័យ​ថា​ជា​សំឡេង​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ។​

​លិខិត​របស់​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នីតិកាល​ទី​៥​ ដែល​បាន​ស្នើ​សុំ​ឲ្យ​មានការ​ឆ្លើយ​បំភ្លឺ​ចំពោះ​ញត្តិ​របស់​និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ ពី​សំណាក់​ឯកឧត្តម​ កឹ​ម​ សុខា​ នោះ​ គឺ​បាន​បញ្ជាក់​ថា​ "​ដើម្បី​ការពារ​កិត្យានុភាព​របស់​រដ្ឋសភា​ ការពារ​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​តំណាងរាស្ត្រ​"​ ។​

​ក្រុម​និស្សិត​មួយ​ចំនួន​ដែល​មានចំណេះ​ដឹង​ផ្នែក​ច្បាប់​ និង​សីលធម៌​សង្គម​ បាន​បញ្ចេញ​ទស្សនៈ​ថា​ លិខិត​របស់​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ដែល​ស្នើ​សុំ​ឲ្យ​ឯកឧត្តម​ កឹ​ម​ សុខា​ ឆ្លើយ​បំភ្លឺ​ទៅ​នឹង​ញត្តិ​របស់​និស្សិត​ឈ្មោះ​ ស្រី​ ចំរើន​ នោះ​ គឺ​បង្ហាញ​អំពី​ការ​លូកដៃ​របស់​ស្ថាប័ន​រដ្ឋសភា​ទៅ​ក្នុង​រឿង​បុគ្គល​ឯកជន​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ដោយ​គ្រាន់តែ​ពាក់​ស្លា​កថា​ ដើម្បី​ការពារ​កិត្យានុភាព​របស់​រដ្ឋសភា​ ការពារ​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​តំណាងរាស្ត្រ​ប៉ុណ្ណោះ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ វា​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​មួយ​ដែល​ស្ថាប័ន​រដ្ឋសភា​បែរជា​ស្នើ​សុំ​ឲ្យ​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​អ្នកតំណាង​រាស្ត្រ​មួយ​រូប​បំភ្លឺ​អំពី​រឿង​បុគ្គល​ឯកជន​ទៅ​វិញ​ ដោយ​មិន​ចាប់អារម្មណ៍​ ឬរ​វីរ​វល់​ទៅ​លើ​ជន​ទុច្ចរិត​ដែល​បាន​លួច​ស្តាប់​ការ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ហើយ​ដែល​ប្រព្រឹត្ត​រំលោភ​បំពាន​ទៅ​លើ​មាត្រា​៤០​ កថាខណ្ឌ​ទី​៣​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣១៨​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​៩៧​នៃ​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ភាគី​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ និង​រក្សា​នូវ​ផលប្រយោជន៍​ច្បាប់​នោះ​ឡើយ​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​នាក់​ បាន​រួម​គ្នា​បោះ​ឆ្នោត​ដក​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ បន្ទាប់​ពី​មាន​បាតុកម្ម​របស់​បាតុករ​ប្រដាប់​ដោយ​វិទ្យុទាក់ទង​មួយ​ក្រុម​ ដែល​គ្មាន​ការ​រារាំង​ពី​សមត្ថកិច្ច​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ប្រធាន​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ និង​ជា​សមាជិក​ក្រុម​លេខា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ដែល​ទាមទារ​ឲ្យ​មានការ​ដកហូត​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ និងក៏បានធ្វើឲ្យអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចំនួន២នាក់រងរបួសធ្ងន់ធ្ងរ គឺឯកឧត្តម ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម និងឯកឧត្តម គង់ សភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ៕​

ទីបំផុត​ រដ្ឋសភា​ក៏​លូកដៃ​ក្នុង​រឿង​បុគ្គល​ឯកជន​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ដែរ​ ក្រោម​ស្លាក​ការពារ​កិត្យានុភាព​រដ្ឋសភា​ទីបំផុត​ រដ្ឋសភា​ក៏​លូកដៃ​ក្នុង​រឿង​បុគ្គល​ឯកជន​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ដែរ​ ក្រោម​ស្លាក​ការពារ​កិត្យានុភាព​រដ្ឋសភា​

Related