លោក​អូបាម៉ា​នឹង​ជួប​ជាមួយ​លោក​រ៉ាអ៊ូល​ កាស្ត្រូ​ ជា​សម្ព័ន្ធមិត្ត​នៃ​រជ្ជកាល​ថ្មី​ក្នុង​ទំនាក់ទំនង​អាមេរិក-​គុយបា

លោក​អូបាម៉ា​នឹង​ជួប​ជាមួយ​លោក​រ៉ាអ៊ូល​ កាស្ត្រូ​ ជា​សម្ព័ន្ធមិត្ត​នៃ​រជ្ជកាល​ថ្មី​ក្នុង​ទំនាក់ទំនង​អាមេរិក-​គុយបា

លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា​ ធ្វើ​ដំណើរ​ទស្សនកិច្ច​ជាមួយ​ក្រុម​គ្រួសារ​នៅ​ដើម​ថ្ងៃ​ទី​១​ ក្នុង​ប្រទេស​គុយបា​ រដ្ឋ​ធានី​ឡាហាវ៉ាន ថ្ងៃ​ទី​២០ ខែ​មិនា​ ឆ្នាំ​២០១៦។​

ប្រធានាធិបតី​អាមេរិក​ លោក បារ៉ាក់ អូបាម៉ា នឹង​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ដំបូង​ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ទៅកាន់​ប្រទេស​គុយបា​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ទល់​មុខ​គ្នា​ជាមួយ​ប្រធានាធិបតី​គុយបា​ លោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro)។

ការ​ជួប​គ្នា​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ នឹង​ឈាន​ទៅ​បិទ​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ភាព​ប្រទូសរ៉ាយ​នឹង​គ្នា​ក្នុង​សង្គ្រាម​ត្រជាក់​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​កន្លង​មក​នេះ។

ជំនួប​នៅ​ឯ​វិមាន​បដិវត្ត​ក្នុង​រដ្ឋធានី​ឡាហាវ៉ាន​ (Havana) របស់​គុយបា​នេះ​ គឺ​ជា​ការ​ជួប​គ្នា​លើក​ទី​៤​ហើយ​រវាង​មេដឹកនាំ​ទាំង​ពីរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ដោយ​រួម​ទាំង​ការ​ជួប​គ្នា​រយៈពេល​ខ្លី​នៅ​ឯ​ពិធី​បុណ្យ​សព​របស់​លោក​ Nelson Mandela នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ​២០១៣​ និង​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​តំបន់​មួយ​នៅ​ក្រុង​ប៉ាណាម៉ា​ (Panama) កាល​ពី​ខែ​មេសា​ឆ្នាំ​មុខ​ផង​ដែរ។​

លោក​ អូបាម៉ា​ និង​លោក​ កាស្ត្រូ នឹង​ជល់​កែវ​គ្នា​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ​ នៅ​ឯ​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជួប​គ្នា​មួយ​នៅ​ឯ​វិមាន​បដិវត្ត​នោះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​ពេល​នេះ​ នឹង​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិកស្ថិត​នៅ​ក្នុង​តំណែង​ដំបូង​គេ​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​គុយបា​ ក្នុង​រយៈពេល​ជិត​៩០​ឆ្នាំ​មក​នេះ។​

​ប្រធានាធិបតី​គុយបា​មិន​បាន​ទៅ​ទទួល​លោក​ អូបាម៉ា​ទេ​ នៅ​ពេល​លោក​ អូបាម៉ា​ចុះ​ពី​យន្តហោះ​ Air Force One កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នោះ។​ ផ្ទុយ​ទៅ​វិញ​រដ្ឋមន្ត្រី​ការបរទេស​គុយបា​ លោក Bruno Rodriguez បាន​ដឹកនាំ​គណៈប្រតិភូ​គុយបា​មួយ​ក្រុម​តូច​ ដើម្បី​ស្វាគមន៍​លោក អូបាម៉ា ភរិយា​របស់​លោក​ គឺ​លោកស្រី Michelle និង​កូន​ស្រី​ទាំង​ពីរ​របស់​ពួកគេ​ ព្រម​ទាំង​ម្តាយ​ក្មេក​របស់​លោក​អូបាម៉ា គឺ​លោកស្រី​ Marian Robinson។

ប្រមុខ​ការទូត​អាមេរិក​ប្រចាំ​នៅ​ក្នុង​ប្រទេស​គុយបា​ ក៏​ទៅ​ទទួល​ស្វាគមន៍​ក្រុម​គ្រួសារ​របស់​លោក​ អូបាម៉ា​ផង​ដែរ៕