ភាពភ័យ​ខ្លាច​​និងការ​ព្រងើយ​កន្តើយ​​ជំរុញ​ឲ្យ​មាន​ការ​វាយសម្លាប់​ដោយ​ក្រុម​ប្រជាជន​ខឹងសម្បារ​នៅ​ម៉ាឡាវី​

ភាពភ័យ​ខ្លាច​​និងការ​ព្រងើយ​កន្តើយ​​ជំរុញ​ឲ្យ​មាន​ការ​វាយសម្លាប់​ដោយ​ក្រុម​ប្រជាជន​ខឹងសម្បារ​នៅ​ម៉ាឡាវី​

ផែនទីបង្ហាញពីប្រទេសម៉ាឡាវី។ ភាពភ័យ​ខ្លាច​​និងព្រងើយ​កន្តើយ​​ជំរុញ​ឲ្យ​មាន​ការ​វាយសម្លាប់​ដោយ​ក្រុម​ប្រជាជន​ខឹងសម្បារ​នៅ​​ក្នុង​ប្រទេស​មួយ​នេះ។ប្រទេស​ម៉ាឡាវី​កំពុង​ជួប​ប្រទះ​នឹង​សន្ទុះ​ហិង្សា​ចលាចល​មួយ។​ ឧបទ្ទវហេតុ​ចំនួន​បី​ដែល​កើត​ឡើង​ថ្មីៗ​នេះ​ បាន​បណ្តាល​ឲ្យ​មនុស្ស​១១​នាក់​បាន​បាត់បង់​ជីវិត​ និង​អគារ​តុលាការ​មួយ​ត្រូវ​ឆេះ។
ប្លង់ទៀរ (ម៉ាឡាវី)—

ឧបទ្ទវហេតុ​នាពេល​ថ្មីៗ​នេះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មីនា​ នៅ​ក្នុង​ស្រុក Nsanje ភាគ​ខាង​ត្បូង​នៃ​ប្រទេស។​ ​ក្រុម​ជន​ខឹង​សម្បារ​មួយ​ក្រុម​ បាន​វាយប្រហារ​លើ​បុរស​ប្រាំពីរ​នាក់​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​ការ​យក​ឆ្អឹង​មនុស្ស​ទុក​សម្រាប់​ធ្វើ​អំពើ​ធ្មប់។​

VOA បាន​និយាយ​តាម​ទូរស័ព្ទជាមួយ​លោក​Joseph Misomali ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ ដោយ​ផ្ទាល់។​

«ពួក​យើង​កំពុង​នៅ​ផ្ទះ​ ពេល​ដែល​យើង​បាន​ឭ​សំឡេង​មនុស្ស​ស្រែក​នៅ​ជិត​ផ្ទះ​របស់​យើង។​ អ៊ីចឹង​ ខ្ញុំ​ក៏​រត់​ទៅ​កន្លែង​នោះ​ ហើយ​បាន​ឃើញ​មនុស្ស​ប្រាំពីរ​នាក់​កំពុង​ត្រូវ​គេ​វ៉ៃ។​ ប៉ុន្តែ​ ពេល​គេ​ប្រាប់​ខ្ញុំ​ថា​ វា​ជា​បញ្ហា​ទាក់ទង​នឹងឆ្អឹង​មនុស្ស ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន។​ ខ្ញុំ​ភ័យ​ខ្លាច​ព្រោះ​ខ្ញុំ​ប្រដូច​បញ្ហា​នេះ​ទៅ​នឹង​រឿង​ធ្មប់​ ដែល​គ្រោះថ្នាក់​ចំពោះ​ខ្ញុំ»។

លោក​និយាយ​ថា ​ក្នុង​មួយ​រំពេច​ភ្នែក​ក្រុម​ជន​ខឹង​សម្បារ​បង្កាត់​ភ្លើង​ដុត​ពួក​ជន​ជាប់​សង្ស័យ​។​ ក្រុម​មនុស្ស​ទាំង​នោះ​បាន​យក​ឈ្នះ​លើ​កម្លាំង​ប៉ូលិស​ដែល​ព្យាយាម​ធ្វើ​អន្តរាគមន៍​ទៅ​ទៀត។​

​គេ​ជឿ​ថា​ បំណែក​សាកសព​ត្រូវ​បាន​យក​ទៅ​ធ្វើ​ព្រំ​ដែន​ប្រទេសម៉ូសំប៊ិក​ (Mozambique) និង​ប្រទេស​តង់ហ្សានី (Tanzania) ជា​កន្លែង​ដែល​គ្រូ​ធ្មប់​ជឿ​ថា ​ទឹក​ថ្នាំ​ដែល​ធ្វើ​ពី​ឆ្អឹង​មនុស្ស​ ជា​ពិសេស​បំណែក​ឆ្អឹង​របស់​មនុស្ស​ភឿក​ គឺ​នាំ​ឲ្យ​មាន​សំណាង​ល្អ​ និង​ទ្រព្យ​ធន។

នៅ​ប្រហែល​ជា​ជាង​មួយ​ខែ​មុន​នេះ​ នៅ​ថ្ងៃ​ទី​២៦​ ខែ​មករា​ ក្រុម​មនុស្ស​មួយ​ក្រុម​នៅស្រុក​ Neno ​ភាគ​ខាង​ត្បូង​ប្រទេស​បាន​សម្លាប់​មនុស្ស​បួន​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​៦៩​ ទៅ​ ៨៩​ឆ្នាំ​ ក្រោយ​ពេល​ដែល​ក្មេង​ស្រី​អាយុ​ ១៧​ឆ្នាំ​ម្នាក់​បានស្លាប់​ដោយ​សារ​រន្ទះ​បាញ់​យោងតាម​សារព័ត៌មាន​ក្នុង​ស្រុក។​ ក្រុម​មនុស្ស​ទាំង​នោះ​បាន​ចោទ​អ្នក​ស្រុក​ចាស់ៗ​ទាំង​នោះ​ថា ​បាន​ប្រព្រឹត្តិអំពើ​ធ្មប់។​

ហើយ​នៅ​យប់​ថ្ងៃ​ទី៣​ ខែ​កុម្ភៈ​ អ្នក​ស្រុក​ដែល​ខឹង​សម្បារ​នៅ​តំបន់​ Lunzu​ខាង​ត្បូង​ ក្នុង​ក្រុង​ Blantyre បាន​ដុត​អគារ​តុលាការ​របស់​ចៅក្រម។​ ប្រជាជន​ខ្លាច​ថា ​តុលាការ​នឹង​បើក​ឲ្យ​មាន​ការបង់​ប្រាក់​ធានា​ជន​សង្ស័យ​ជា​ឃាតករ​ទាំង​បី​នាក់​ដែល​ប្រជាជន​និយាយ​ថា​ចង់​ឲ្យ​ស្លាប់។

ប្រជាជន​ម៉ាឡាវី​ មាន​ប្រតិកម្ម​ផ្សេង​ៗគ្នា​ចំពោះ​ការ​វាយប្រហារ​ដោយ​ក្រុម​ជន​ខឹង​សម្បារ​ដែល​មាន​ជា​បន្តបន្ទាប់​មក​នេះ។

លោក​ Gerald Manda ជា​គ្រូ​បង្រៀន​ថ្នាក់​បឋម​សិក្សា​នៅ​ទីក្រុង​ Blantyreបាន​និយាយ​ថា​ «ខ្ញុំ​យល់​ថា ​វា​រឿង​ខុស​ឆ្គង​ណាស់​ ពីព្រោះ​មនុស្ស​គ្រប់​គ្នា​ មាន​សិទ្ធិ​ទទួល​បាន​នូវ​ការកាត់ក្តី​យុត្តិធម៌​ត្រឹម​ត្រូវ​ ហើយ​ជាទូទៅ​ យើង​កំពុង​និយាយ​អំពីមនុស្ស​ដែល​ត្រូវ​គេ​សម្លាប់។ វា​មិន​សម​ហេតុ​ផល​ទេ»។

ប៉ុន្តែ​ លោក​ស្រី ​Mercy Chanza ​ជាអ្នក​ជំនួញ​ម្នាក់​ បាន​និយាយ​ថា​ ប្រជាជន​កំពុង​តែ​មិន​សប្បាយ​ចិត្ត។​ ពួក​គេ​គិត​ថា​តុលាការ​ធូរស្រាល​ពេក​ចំពោះ​ឧក្រិដ្ឋជន។

«ប្រសិន​បើ​ជន​ល្មើស​ត្រូវ​ចាប់​ខ្លួន​ និង​ត្រូវ​ដាក់​ទោស​ដែល​ចាំបាច់​នោះ​ គឺ​មិន​បាច់​អី​នឹង​មាន​ការ​កាត់​ទោសដោយ​ហ្វូង​មនុស្ស​នោះ​ទេ​ ពីព្រោះ​ពួក​គេ​នឹង​ជឿ​ជាក់​លើ​ប្រព័ន្ធ​តុលាការ»។

អ្នក​នាំ​ពាក្យ​របស់​តុលាការ​ លោក Mlenga Mvula មិន​យល់​ស្រប​ចំពោះ​ការយល់​ឃើញ​នេះ​ទេ។​ លោក​និយាយ​ថា​តុលាការ​ត្រូវ​ផ្តល់​ឲ្យ​ជន​គ្រប់​រូប​មាន​សិទ្ធិតវ៉ា​ប្តឹង​ឡើង​ឧទ្ធរណ៍។​ យើង​មិន​អាច​ស្តី​បន្ទោស​តុលាការ​អំពី​ការ​កើន​ឡើង​នៃ​ការ​កាត់​ក្តី​ដោយ​ហ្វូង​មនុស្ស​ដែល​មានប្រកប​ភាព​ខឹង​សម្បារ​នេះ​ឡើយ។តុលាការ​គ្រាន់​តែ​ធ្វើ​តាម​ច្បាប់​។

«ប្រសិន​បើ​ភាគី​ណា​មិន​ពេញ​ចិត្ត​នឹង​ការកាត់​ក្តី​ ពួក​គេ​ត្រូវ​បាន​ប្រាប់​ទៀត​ថា​ ពួក​គេ​មាន​សិទ្ធិ​តវ៉ា​ទៅ​ឧទ្ធរណ៍។​ ដូច្នេះ​ ពួក​គេ​ត្រូវ​បាន​ផ្តល់​និតី​វិធី​ឲ្យ​ប្តឹង​ទៅ​ឧទ្ធរណ៍​ ហើយ​ភ្លាមៗ​នោះ​ ចៅក្រម​ថ្នាក់​ទាប​នឹង​សរសេរ​ដើមចម​នៃ​ការតវ៉ា​ទាំង​អស់​ រួច​បញ្ជូន​ទៅ​តុលាការ​កំពូល។​ ប៉ុន្តែ​មិន​មាន​អ្នក​ណាមក​ប្រាប់​ថា​ រូបគេចង់​ប្តឹងបន្ត​ទៅ​ឧទ្ធរណ៍​នោះ​ទេ»។

លោក​ Mvula និយាយ​ថា​មនុស្ស​ជាច្រើន​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​កាត់​ក្តី​ដោយ​ហ្វូង​មនុស្ស​ដែលខឹង​សម្បារ​ មិន​អើពើ​នឹង​ច្បាប់​របស់​ប្រទេស​ម៉ាឡាវីឡើយ​។​

ពេល​នេះ​ នាយកដ្ឋាន​របស់​លោក​ កំពុង​ស្នើ​សុំ​ជំនួយ​ថវិកា​ចំនួន​ប្រហែល​៨០.០០០ដុល្លារ​ ដើម្បី​ធ្វើការ​យុទ្ធនាការ​លើក​កម្ពស់​ការយល់ដឹងអំពីដំណើរ​ការ​នៃ​ប្រព័ន្ធ​យុត្តិធម៌។

អ្នក​នាំ​ពាក្យ​របស់​ប៉ូលិស​ជាតិ​ លោក​ Nicholas Gondwa និយាយ​ថា​ ប៉ូលិស​ក៏​កំពុង​តែ​ព្យាយាម​អប់រំ​ប្រជាជន​អំពី​របៀបដែល​ពួក​គេ​អាច​ចាត់​ការ​លើ​ជន​សង្ស័យ​ប្រព្រឹត្ត​បទ​ល្មើស​ផង​ដែរ។

«យើង​តែងតែ​ចុះ​ទៅធ្វើកិច្ចប្រជុំស្តី​ពី​ការ​ចាត់​វិធានការ​រក្សា​សន្តិសុខ​នានា​ដោយ​សហគមន៍។​ យើង​កំពុងតែ​ដាស់​ស្មារតី​ឲ្យ​សមាជិក​ សាធារណជន​ទូទៅ​ឆ្លើយ​តប​នឹង​បញ្ហា​ការ​កាត់​ទោស​ដោយ​ហ្វូង​មនុស្ស​ដែល​ខឹង​សម្បារ​នេះ​ គឺ​យ៉ាង​ហោច​ណាស់​ ការពារ​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង។​ ប៉ុន្តែ​ ប្រជាជន​នៅ​ខាង​ក្រៅ​ ធ្វើ​ថ្លង់​មិន​ស្តាប់​យើង​ឡើយ​ គឺ​ប្រហែលជា​ពួកគេ​មិនចង់កិច្ច​ប្រឹងប្រែង​របស់​យើង​វិវត្ត​ទៅ​មុខ​»។​

លោក​ Gondwa បាន​និយាយ​ថា​ ការ​កាត់ទោស​ដោយ​ហ្វូង​ប្រជាជន​ បំផ្លាញ​ភស្តុតាង​ ហើយធ្វើ​ឲ្យ​ប៉ូលិស​ពិបាក​ស៊ើប​អង្កេត​លើ​បទ​ល្មើស​ដែល​ត្រូវ​ចោទ។​

លោក​និយាយ​ថា ​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំបី​នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់នៅ​ស្រុក​Neno ហើយ​កំពុង​ធ្វើការ​ស៊ើប​អង្កេត​រឿង​ឧបទ្ទវហេតុ​ដែល​កើត​ឡើង​ថ្មីៗ​នេះ​នៅ​ស្រុក Nsanje​៕​

ប្រែ​សម្រួល​ដោយ សើ​ សាយ្យាណា