ប្រទេស​ទន្លេ​មេគង្គ​ក្រោម​អរគុណ​ចិន​ដែល​បើក​បង្ហូរ​ទឹក​ឱ្យ​ប្រើ​

ប្រទេស​ទន្លេ​មេគង្គ​ក្រោម​អរគុណ​ចិន​ដែល​បើក​បង្ហូរ​ទឹក​ឱ្យ​ប្រើ​

រូបឯកសារ៖ អ្នក​នេសាទ​ត្រី​​នៅ​ទន្លេ​មេគង្គ​ជិត​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៤។ ស្រប​គ្នា​នេះ​ដែរ​ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​ជា​ខេត្ត​មួយ​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ក៏​បាន​បង្ហាញ​ភាព​រីក​រាយ​ចំពោះ​ចំណាត់​ការ​នេះ​ដែរ។​
ភ្នំពេញ—

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅគណៈកម្មការ​ទន្លេ​មេគង្គ​បាន​បង្ហាញ​ការ​សាទរ​និង​គាំ​ទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារី​អគ្គិសនី​ដើម្បី​ជួយ​សម្រាល​បញ្ហា​រាំង​ស្ងួត​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដែល​រួម​មានប្រទេស​កម្ពុជា ​ថៃ​ ឡាវ​និង​វៀតណាម​ដែល​កំពុង​ជួប​ប្រទះ​និង​ភាព​រាំង​ស្ងួត។​

រដ្ឋាភិបាល​ចិន​បាន​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារី​អគ្គិសនី​ជីងហុង​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា​នេះ​ដើម្បី​ជួយ​សម្រាល​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ភាព​រាំងស្ងួត​នៅ​ក្នុង​ប្រទេស​តំបន់​មេគង្គ​ក្រោម​ដែល​រួមមាន​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក​ ផាម ​ទួនផាន ​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​ថា។​

«គណៈកម្មការ​ទន្លេ​មេគង្គ​ពេញ​ចិត្ត​ចំពោះ​គោល​បំណង​ល្អ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ការ​បើក​បង្ហូរ​ទឹក​ចូល​ក្នុង​ទន្លេ​មេគង្គ​ពី​ស្ថានីយ​ទំនប់​វារី​អគ្គិសនី​ជីងហុង។ វា​នឹង​ជួយ​ការ​រាំង​ស្ងួត​និង​ជួយ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់»។​

លោក​ Le Duc Trung ​ប្រធាន​គណៈកម្មការ​រួម​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ត្រូវ​បាន​គេ​ស្រង់​សម្តី​យ៉ាង​ដូច្នេះ​ថា ​«ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ប្រទេស​ដែល​ជា​សមាជិក​ឱ្យ​ប្រើប្រាស់​ទឹក​នេះ​ឱ្យ​បាន​ល្អ​និង​មាន​ប្រសិទ្ធភាព»។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​មនុស្សធម៌​នេះ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​គាំ​ទ្រ​ចំពោះ​សកម្មភាព​សប្បុរស​របស់​ប្រទេស​ចិន។

«ការ​បង្ហូរ​ទឹក​ចូល​មក​ទន្លេ​មេគង្គ​បាន​បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​ការ​គ្រប់គ្រង​ធនធាន​ទឹក​រវាង​បណ្តា​ប្រទេស​មេគង្គ​និង​ចិន​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យន្តការ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ»។

ស្រប​គ្នា​នេះ​ដែរ​ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​ជា​ខេត្ត​មួយ​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ក៏​បាន​បង្ហាញ​ភាព​រីក​រាយ​ចំពោះ​ចំណាត់​ការ​នេះ​ដែរ។​

លោក ភោគ ​និមល ​កសិករ​ម្នាក់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មាន​ប្រសាសន៍​ថា​ លោក​មាន​ភាព​សប្បាយ​រីករាយ​ហើយ​លោក​ថា​ការ​បង្ហូរ​ទឹក​ចូល​ទន្លេ​មេគង្គ​របស់​ប្រទេស​ចិន​នឹង​ជួយ​សម្រាល​ជីវភាព​រស់​នៅ​របស់​លោក។

«ទី​មួយ​គឺ​វា​ជួយ​ការ​នេសាទ​យើង​វា​បាន​ស្រួល​បើកបរ​ហើយ​ទីពីរ​វា​ស្រួល​មាន​ទឹក​ស្រួល​ធ្វើ​ការ​ងា។វា​មិន​រីង​ដល់​បាត​ទន្លេ»។​

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ម៉ៅ​ សារ៉េត ​ប្រធាន​សហគមន៍​នេសាទ​រស់​នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង​បាន​មាន​ប្រសាសន៍​ថា​ការ​បង្ហូរ​ទឹក​នេះ​អាច​ជួយ​ជីវភាព​របស់​ប្រជា​នេសាទ​ជា​ច្រើន​នាក់​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​រួម​ទាំង​រូប​លោក​ផង​ដែរ។​

«ឥឡូវ​សព្វថ្ងៃ​កំពុង​តែ​មាន​ការ​រាំង​ស្ងួត​យ៉ាង​ខ្លាំង​ដោយ​សារ​កន្លង​មក​ប្រជាជន​មាន​ទឹក​អណ្តូង​មាន​អី​ប្រើប្រាស់​តែ​ឥឡូវ​ទឹក​អណ្តូង​វា​រីង​អស់។ហើយ​សព្វ​ថ្ងៃ​ទិញ​ទឹក​គេ​ប្រើ​ទេបាទ»។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយលោកបានបន្ថែមថាលោក​មាន​ការ​ព្រួយបារម្ភ​ថា​ប្រសិន​បើ​ទឹក​ត្រូវ​បាន​បង្ហូរ​ច្រើន​ពេក​នោះ​វា​អាច​នឹង​ប៉ះពាល់​ផល​ដំណាំ​របស់​ប្រជា​កសិករ​នៅ​ជា​ច្រើន​ដែល​រស់​នៅ​តាម​មាត់​ទន្លេ​មេគង្គ​ផង​ដែរ។​

«ប្រសិន​បើ​ចិន​ព្រលែង​មក​ធុន​តូច​នោះ​គឺ​មិន​អី​ទេ។​ធ្វើ​យ៉ាងម៉េច​កុំ​ឱ្យ​វា​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​នោះ​គឺ​វា​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នោះ​បើ​សិន​ជា​លែង​ខ្លាំង​តែ​បើ​លែង​តិច​តួច​នោះ​គឺ​មិន​អី​ទេ»។​

លោក​ តឹក ​វណ្ណារ៉ា​ ប្រធានអង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​ឬNGO FOrum ​បាន​និយាយ​ថា​ការ​បង្ហូរ​ទឹក​នេះ​អាច​ជួយ​គាំ​ទ្រ​ដល់​ធន​ធាន​ជលផល​នៅ​រដូវ​ប្រាំង​និង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​កសិករ​នេសាទ​ក្នុង​ការ​បម្លាស់​ទូក​នេសាទ​និង​ជួយ​ឱ្យ​មានទឹក​សម្រាប់​ការ​ធ្វើ​ស្រែ​រដូវប្រាំង។​

តែ​លោក​បាន​បន្ថែម​ថា​ការ​បង្ហូរ​ទឹក​នេះអាច​មាន​ផល​ប៉ះពាល់​ទៅ​លើប្រព័ន្ធ​ជីវសាស្ត្រ​ចម្រុះ។

«ផល ​ប៉ះពាល់​ អវិជ្ជមាន​ក៏ ​មាន។​ផល​ ប៉ះពាល់​ អវិជ្ជមាន​ វា ​អាច​ មាន​ បញ្ហា ​កាលណា ​យើង ​ទប់​ ទឹក​ ទុក​ រហូត​ ដល់​ ខែ​ប្រាំង​យើង​បើក​មក​អញ្ចឹង​មាន​ន័យ​ថា​វា​ខុស​លំហូរ​ធម្មជាតិ​វា​នាំ​ឱ្យ​មាន​គេ​ហៅ​ថា​ជីវចម្រុះ​វា​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​ផង​ដែរ»។

យោង​ទៅ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​រដ្ឋាភិបាល​ចិន​បាន​រំដោះ​ទឹក​២.៣០០​លាន​ម៉ែត្រ​គីប​នៅ​ក្នុង​ខែ​មករា​និង​ខែ​កុម្ភៈ​ម្តង​រួច​មក​ហើយ។​

កន្លង​មក​សកម្មជន​បរិស្ថាន​បាន​រិះគន់​ប្រទេស​ចិន​និង​ប្រទេស​ឡាវ​ចំពោះ​ការ​សង់​ទំនប់​វារី​អគ្គិសនី​នានា​តាម​ទន្លេ​មេគង្គ​ថា​ការ​សាង​សង់​ទំនប់​ទាំង​នោះ​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​ខ្លាំង​ចំពោះ​កម្រិត​ទឹក​ទន្លេ​មេគង្គ​និង​ប្រព័ន្ធ​អេកូឡូស៊ី៕