គ្រោះ​រាំង​ស្ងួត​នៅ​តាម​ប្រទេស​ជាប់​ទន្លេ​មេគង្គ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ខណៈ​ឡាវ​ប្តេជ្ញា​ថា​នឹង​គោរព​សិទ្ធិ​ប្រទេស​នៅ​​ខ្សែ​ទឹក​ខាង​ក្រោម

គ្រោះ​រាំង​ស្ងួត​នៅ​តាម​ប្រទេស​ជាប់​ទន្លេ​មេគង្គ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ខណៈ​ឡាវ​ប្តេជ្ញា​ថា​នឹង​គោរព​សិទ្ធិ​ប្រទេស​នៅ​​ខ្សែ​ទឹក​ខាង​ក្រោម

រូប​ឯកសារ៖ អ្នក​នេសាទ​ម្នាក់​បង់​សំណាញ់​នៅ​ក្បែរ​សាឡាង​មួយ​ នៅ​លើ​ទន្លេ​មេគង្គ​ក្បែរ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។​

គ្រោះ​រាំងស្ងួត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ កំពុង​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​នៅ​តាម​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​និង​វៀតណាម​ ដែល​នៅ​ទី​នោះ​កម្រិត​ជាតិ​ប្រៃ​ពី​ទឹក​សមុទ្រ​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​ទន្លេ​មេគង្គ។​

ប្រជា​សហគមន៍​ដែល​ពឹង​អាស្រ័យ​លើ​ទឹក​ទន្លេ​មេគង្គ​ ក៏​មាន​មន្ទិល​អំពី​ការ​សន្យា​ថ្មីៗ​ពី​ប្រទេស​ឡាវ​ថា​ ប្រទេស​នេះ​នឹង​គោរព​សិទ្ធិ​របស់​ប្រទេស​នៅ​ខ្សែ​ទឹក​ខាងក្រោម​ នៅ​ពេល​ដែល​ខ្លួន​សាងសង់​ទំនប់​វារី​អគ្គិសនី​តាម​ដង​ទន្លេមេគង្គ​នោះ។

ការ​ធានា​អះអាង​ពី​រដ្ឋាភិបាល​ក្រុង​វៀងច័ន្ទ​នេះ​ ចេញ​មក​ពី​លោក​ Bounhang Vorachith ដែល​ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ឡាវ​កាល​ពីពេល​ថ្មីៗ​នេះ។​ ការ​អះអាង​របស់​លោក​បែប​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ក្តី​សង្ឃឹម​ថា​ លោក​ប្រហែល​ជា​ប្រើ​វិធីសាស្ត្រ​បែប​សម្រុះ​សម្រួល​ជាង​មុន​ ដើម្បី​ចរចា​ជាមួយ​ប្រទេស​ដែល​ប្រើប្រាស់​ទន្លេមេគង្គ​រួម​គ្នា។

លោក Bounhang Vorachith បាន​ថ្លែង​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ​ទាក់ទង​នឹង​គម្រោង​របស់​ឡាវ​ក្នុង​ការ​សាងសង់​ទំនប់​ចំនួន​១១​ តាម​ដង​ទន្លេ​មេគង្គ ​និង​ផល​ប៉ះពាល់​នៃ​ទំនប់​ទាំង​នេះ​ទៅលើ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ថា​ «ប្រទេស​ឡាវ​នឹង​ខំ​ប្រឹង​ប្រែង​ធានា​ថា​ នឹង​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​នោះ​ទេ»។

លោក Bounhang Vorachith ក៏​បាន​រំឭក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ផង​ដែរ​ថា​ ប្រទេស​ឡាវ​បាន​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​ទាំង​អស់​នេះ​ហើយ​ ហើយ​បាន​សន្យា​ថា​នឹង​កម្រិត​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ ដន សាហុង​ ដ៏​ចម្រូងចម្រាស​នោះ។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​រាយការណ៍​ថា​ ទំនប់​វារី​អគ្គិសនី​ ដន សាហុង នឹង​ត្រូវ​សាងសង់​នៅ​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​ប៉ែក​ខាង​ជើង៕