សម្លាប់​​ដំរី​អស់​ ២២៦​ក្បាល កាត់​ទោស​​ជាប់​ពន្ធនាគារ​​៣០​ឆ្នាំ​

បុរស​ជន​ជាតិ​ចិន​ពីរ​នាក់​​ត្រូវ​​​បាន​តុលាការ​​ប្រទេស​តង់ហ្សានី​​​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​​រយៈ​ពេល​៣០​ឆ្នាំ ក្រោយ​​ពេល​រក​ឃើញ​ថា​បាន​សម្លាប់​​ដំរី​អស់​ជា​ច្រើន​ក្បាល​​​​ជា​មួយ​ភស្តុតាង​ភ្លុក​ដំរី​​ចំនួន​៧០៧​បំណែក។

 

សម្លាប់​​ដំរី​អស់​ ២២៦​ក្បាល កាត់​ទោស​​ជាប់​ពន្ធនាគារ​​៣០​ឆ្នាំ​
 

តាម​សារព័ត៌មាន​ Shanghaiistជនជាតិ​ចិន​​ទាំង​ពីរ​នាក់​ដែល​មាន​ឈ្មោះ Xu Fujie និង​ Huang Qin ត្រូវ​បាន​តុលាការ​ប្រគល់​ជម្រើស​​ពីរ​ដោយ​ការ​ជាប់​ពន្ធនាគារ​​​ឬ​​​​បង់​ប្រាក់​ពិន័យ​ ១០០,៧​​ពាន់​​លាន​​​​​ Shilling តង់ហ្សានី (៤៦​លាន​ដុល្លារ)។ ចំពោះ​ការ​​កាត់​ទោស​ខាង​លើ​ ​​​​​​ជា​​​ទណ្ឌកម្ម​​​​ខ្លាំង​ជាង​គេ​មួយ​​​​ក្នុង​ការ​​រឹត​បន្តឹង​​ការ​ជួញ​ដូរ​​ខុស​ច្បាប់​ក្នុង​ប្រទេស​​​តង់ហ្សានី។

 

តាម​ប្រភព​ព័ត៌មាន​ដដែល អ្នក​ប្រមាញ់​​​​សត្វ​ព្រៃ​ខុស​ច្បាប់​ជន​ជាតិ​ចិន​ទាំង​ពីរ​នាក់​​​ត្រូវ​​បាន​ផ្ដន្ទាទោស​​ពី​បទ​ប៉ុនប៉ង​​​ឲ្យ​សំណូក​ទៅ​ប៉ូលិស​និង​មន្ត្រី​រដ្ឋាភិបាល​​នូវ​ទឹក​ប្រាក់​ ៣០​,២​លាន​ Shilling (១៤០០០​ដុល្លារ​)​ផង​ដែរ​។ អ្នក​ទាំង​ពីរ​បាន​ចូល​​ក្នុង​ប្រទេស​តង់ហ្សានី​​ចាប់​តាំង​ពី​ឆ្នាំ​២០១០​និង​ស្នាក់​​នៅ​ទី​នោះ​​អស់​រយៈ​​ពេល​បី​ឆ្នាំ​​​មុន​ពេល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទី​ក្រុង ​Dar es Salaam ។

 

“ដោយ​យោង​លើ​ភស្តុតាង​​​ដែល​​​បង្ហាញ​នៅ​ក្នុង​តុលាការ ហើយ​​បាន​ធ្វើ​ឲ្យ​​ប្រទេស​ជាតិ​តង់ហ្សានី​​​​បាត់​បង់​​​សត្វ​ដំរី​២២៦​ក្បាល។ ជាក់​ស្ដែង​​ការ​ចោទ​ប្រកាន់​​​គឺ​ជា​ការ​ពិត​ ដោយ​​ជន​ជាតិ​ចិន​ទាំង​ពីរ​​បាន​ប្រមាញ់​​​សត្វ​ដំរី​​ក្នុង​​ដែន​ដី​ប្រទេស​​​តង់ហ្សានី”។ នេះ​បើ​តាម​សម្ដី​​របស់​ចៅក្រម​តុលាការ​ប្រទេស​តង់ហ្សានី។

 

គួរ​រំឭក​ផង​ដែរ​ថា​ ប្រទេស​ចិន​ជា​​​ប្រទេស​ប្រើ​ប្រាស់​ភ្លុក​ដំរី​​​​​ច្រើន​ជាង​គេ​មួយ​លើ​ពិភព​លោក (សហរដ្ឋអាមេរិក​លេខ​ពីរ) ដែល​​​ភ្លុក​ដំរី​ទាំង​នោះ​ត្រូវ​គេ​ប្រើ​សម្រាប់​ធ្វើ​ជា​ឱសថ​​សម្រាប់​ព្យាបាល​និង​ប្រើ​សម្រាប់​​តុបតែង​លំអ​​របស់​របរ​ផ្សេង​ៗ​ជា​របស់​មាន​តម្លៃ៕

 

ចុចអាន៖  ទៅ​​មើល​ការ​ប្រលង​បវរ​កញ្ញា​ឯក​ដំរី​​ នៅ​​នេប៉ាល់​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖shanghaiist, thecitizen​​​​​​​​​​​​​​​