លោក មិន ឃិន ៖ បំណង​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ​ចង់បាន​ភាព​សុខដុម​សាសនា​នៅ​កម្ពុជា​

លោក មិន ឃិន ៖ បំណង​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ​ចង់បាន​ភាព​សុខដុម​សាសនា​នៅ​កម្ពុជា​



ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ លោក មិន ឃិន បាន​ថ្លែង​ថា វិស័យ​សាសនា​បាន​ប្រៀនប្រដៅ​មនុស្ស​ឲ្យ​ស្គាល់​អំពី​សច្ចភាព សុចិចរិត​ភាព បុណ្យ និង​បាប​ ហើយក៏​ជា​មាគ៌ា ដើម្បី​រំដោះខ្លួន​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខ​ទាំងឡាយ​ទាំងពួង ហើយ​ការចូលរួម​ឥត​សំចៃ​ទាំង​ស្មារតី និង​សម្ភារៈ និង​បញ្ញា​ញាណ ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រូ​គង្វាល​ទាំងអស់​ពិតជា​មានតម្លៃ​ខ្លាំង​ណាស់​ ដើម្បី​រួមគ្នា​កសាង​កម្ពុជា​ឲ្យ​ក្លាយទៅជា​សង្គម​មួយ​ដែល​គ្មាន​អំពើ​ហិង្សា​ ព្រមទាំង​ចូលរួម​លើកស្ទួយ​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស។

លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា​ថ្លែង​បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​លើ​ការ​ពង្រឹង​សមាជិក​គ្រូ​គង្វាល​កម្ពុជា​ចំនួន​១២០​នាក់​ ដែល​បាន​រៀបចំ​ ដោយ​សមាគម​ប្រូ​តេ​ស្តង់​កូរ៉េ​នៅ​ព្រះវិហារ យ៉​ល លីន ស្ថិត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

លោក​បន្ដ​ថា តួនាទី​របស់​ក្រសួង​ធម្មការ​ និង​សាសនា​ ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដឹកនាំ ​និង​គ្រប់គ្រង​សាសនា​ទាំងអស់​ សំដៅ​រួមគ្នា​កសាង​សន្តិភាព​ផ្លូវចិត្ត​ដល់​ប្រជា​ពល​រដ្ឋ ​ហើយ​នៅ​កម្ពុជា​យើង​មាន​ព្រះពុទ្ធសាសនា ឥស្លាម​សាសនា និង​គ្រិស្ត​សាសនា ដែល​សាសនា​ទាំងនោះ​ជា​កម្លាំង​ចល​ករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ លោក​បន្ដ​ថា ដោយ​ឈរលើ​ជំហរ​នយោបាយ​ស្មើភាព ស្មើ​សិទ្ធ និង​ការអនុវត្ត កាតព្វកិច្ច​ដូចៗ​គ្នា​ ដែល​កម្ពុជា​ត្រូវ​បាន​ប្រកាន់យក​តាំងពីដើម​រហូត​មក​នេះ បាន​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ងាយស្រួល​ចុះសម្រុង ទោះបី​មាន​ជនជាតិ​ដទៃ​ច្រើន​ និង​សាសនា​ច្រើន​ក៏ដោយ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ដ​ថា ចំណុច​នេះ​មិន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​កម្ពុជា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មោទនភាព​សម្រាប់​ប្រទេស​ក្នុង​តំបន់ ​និង​ពិភពលោក​ផង​ដែរ​ចំពោះ​ភាព​ជោគជ័យ​ នៃ​សុខដុម​នីយកម្ម​សាសនា​នេះ។ ទោះជា​យ៉ាង​នេះ​ក្តី​ ការ​ពង្រឹង​សុខដុម​នីយកម្ម​សាសនា​ គឺជា​កាតព្វកិច្ច​ចាំបាច់​ចំពោះ​មុខ​មួយ​ដែល​ក្រសួង​ធម្មការ​ និង​សាសនា​ ត្រូវ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ព្យា​យាម​អនុវត្ត​គ្រប់​កាលៈទេសៈ ​ដោយ​ឈរ​លើ​គោលការណ៍​រួបរួមសាមគ្គី​គ្នា​ និង​គោរព​រដ្ឋធម្មនុញ្ញ​តែមួយ។​

​ក្នុង​សិក្ខាសាលា​លើ​ការ​ពង្រឹង​សមាជិក​គ្រូ​គង្វាល​កម្ពុជា លោក មិន ឃិន បាន​ផ្តល់​អនុ​សាសន៍​មួយ​ចំនួន​ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​មូលដ្ឋាន​សហគមន៍​សាសនា​មាន ទី​១.ត្រូវ​រួម​សហការ​គ្នា រួម​សាមគ្គី​គ្នា​ក្នុង​សហគមន៍​តែមួយ ​ដើម្បី​ពង្រឹង​វប្បធម៌​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា​តាមរយៈ​ការ​រួម​សហការ​ផ្សព្វផ្សាយ​ទ្រឹស្ដី​សាសនា​ដល់​បរិស័ទ​របស់​ខ្លួន​ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ជាតិ ពង្រឹង​សាសនិក​ នៃ​គ្រប់​សាសនា ប្រឆាំង​ការរើសអើង​បែងចែក ​ក្នុងចំណោម​ប្រជាជន​ដែល​បណ្ដាល​មកពី​ភាព​ខុសគ្នា​ខាង​សាសនា។ ទី​២.ត្រូវ​បន្ត​សហការ​ជាមួយ​អង្គការ មេដឹកនាំ​សមាគម​ដែល​មាន​ចរិត​សាសនា​ ដោយមាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល កិច្ចប្រជុំ សិក្ខាសាលា កិច្ច​សន្ទនា​មេ​ដឹកនាំ​សាសនា និង​ពិធី​កម្ម​បែប​សាសនា​ឲ្យ​បាន​ញឹកញាប់ ដើម្បី​រាំង​ស្កាត់​ការ​យក​សាសនា​ទៅ​ធ្វើ​អាជីវកម្ម និង​បង្ក​ជា​វិបត្តិ​សាសនា ព្រមទាំង​រួមចំណែក​ពង្រឹង​សុខដុម​នីយកម្ម​សាសនា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។ និង​ទី​៣.គ្រប់​សាសនា​ទាំងអស់​ត្រូវ​រួម​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាព​យោគយល់ ​និង​អធ្យាស្រ័យ​គ្នា រួមគ្នា​បន្ត​អភិវឌ្ឍន៍​សង្គមជាតិ​ប្រកបដោយ​ភាព​សុខដុមរមនា​រវាង​សាសនា ​និង​សាសនា ចេះ​គោរព​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ក្តី​មេត្តា ករុណា សន្ដោស​ប្រណី​រវាង​សហគមន៍​សាសនា​ផ្សេងៗ​គ្នា​ក្នុង​ថ្នាក់​មជ្ឈិម និង​មូលដ្ឋាន​៕​