សុះ ម៉ាច ដង្ហោយ​អាណិត​តារា​ចម្រៀង​ទសវត្សរ៍​ឆ្នាំ​៨០​ លោក យឹម ថេ​ង ធ្លាក់ខ្លួន​ឈឺ​គ្មាន​ប្រាក់​ព្យា​បាល

សុះ ម៉ាច ដង្ហោយ​អាណិត​តារា​ចម្រៀង​ទសវត្សរ៍​ឆ្នាំ​៨០​ លោក យឹម ថេ​ង ធ្លាក់ខ្លួន​ឈឺ​គ្មាន​ប្រាក់​ព្យា​បាល



ភ្នំពេញ ៖ ឱ ! ជីវិត​អ្នក​សិល្បៈ​ចាស់ៗ​អើយ​…! ម្តេច​ឡើយ​អ្នកខ្លះ​វេទនា​ម្ល៉េះ ? តួយ៉ាង​បង យឹម ថេ​ង ម្ចាស់​បទ “លក់​ស្រូវ​ជូន​រដ្ឋ​ គឺ​ស្នេហា​ជាតិ” ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០​ បម្រើ​សិល្បៈ​ចម្រៀង​ជាង​៣០​ឆ្នាំ​ពេល​នេះ​ធ្លាក់ខ្លួន​ឈឺ​កូនកណ្ដុរ​នៅ​ក្នុង​ ក​ និង​ពោះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ បន្ទប់​លេខ​៩​ ជាន់​ទី​០៤ រកតែ​ថវិកា​ព្យាបាល​ខ្លួន​មិន​មាន​ផង​។​ នេះ​ជាស​ម្តី​របស់​ប្រធាន​សមាគម​សិល្បករ ​លោក សុះ ម៉ាច ដែល​ដង្ហោយ​អាណិត​សិល្បករ​ជើងចាស់​លោក យឹម ថេ​ង។

លោក សុះ ម៉ាច បាន​ថ្លែង​ទាំង​អារម្មណ៍​ខ្លោចផ្សា​ក្នុង​ចិត្ត​ទៀត​ថា ខ្ញុំ​ខ្លោចចិត្ត​ និង​ក្ដុកក្ដួល​ខ្លាំង​ណាស់​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​នៅ​ពេល​ទៅ​សួរ​សុខ​ទុក្ខ​គាត់​(​លោក​ យឹម​ ថេ​ង​)​ យប់មិញ ​ព្រោះ​ធ្លាប់​មាន​អនុស្សាវរីយ៍​ច្រៀង​នៅ​ក្នុង​បារ​ទឹក​រាំ​ផ្កា​រាំ​ ជាមួយ​គាត់​កាលពី​ឆ្នាំ​១៩៩១-១៩៩២ ក្នុង​ហោប៉ៅ​ខ្ញុំ​៥០​ដុល្លារ​ក៏​ជូន​គាត់។ រីឯ​បងស្រី ងិន ម៉ា​នី​យ៉ា ក៏​មាន​ទឹកចិត្ត​អាណិតអាសូរ​ដល់​គាត់​ក៏​បាន​ផ្ញើ​២០​ដុល្លារ​ជូន​ផង​ដែរ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក សុះ ម៉ាច បាន​បន្ត​ថា ​ទឹកប្រាក់​ខ្ញុំ​មិន​សម្បូរ​ដូច​គេ​ទេ​ប៉ុន្តែ​ទឹកចិត្ត​អាណិត​ស្រលាញ់​ខ្ញុំ​ពោរពេញ​ហូរហៀរ​ បង យឹម ថេ​ង ក៏​ស្រែក​ដង្ហោយ​រក​ការ​សន្ដោស​ប្រណី​នូវ​ទឹកចិត្ត​សប្បុរសធម៌​ពី​សំណាក់​មិត្ត​សិល្បៈ​ ព្រមទាំង​សប្បុរសជន​នានា​ផង​ដែរ​ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​នឹង​មាន​ការឧបត្ថម្ភ​ដល់​រូប​គាត់​មិន​ខាន។​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ លោក សុះ ម៉ាច បាន​បន្ថែម​ថា ល្ងាច​នេះ​ សមាគម​សិល្បករ ​នឹង​នាំ​យក​ថវិកា​ចំនួន​១០០​ដុល្លារ​ ដើម្បី​ឧបត្ថម្ភ​ដល់​គាត់​(លោក យឹម ថេ​ង)​ផង​ដែរ។ ខ្ញុំ​សូម​អរគុណ​ដល់​លោកគ្រូ​ អ្នកគ្រូ​ពេទ្យ​ ដែល​យកចិត្តទុកដាក់​ព្យាបាល​រូប​គាត់ ​ខ្ញុំ​សន្យា​ថា​នឹង​រួមចំណែក​ដណ្តើម​យក​ជីវិត​គាត់​ពី​ចង្កូម​មច្ចុរាជ​ឲ្យ​អស់ពី​លទ្ធភាព​របស់ខ្ញុំ។

សូម​បញ្ជាក់​ថា​ លោក យឹម ថេ​ង គឺជា​សិល្បករ​ជើងចាស់​ជំនាន់​លោក នូ សឹ​ប ,​លោក ហួ ឡា​វី និង​លោក ណ​យ វណ្ណ​ណេ​ត ជាដើម​។ ​លោក យឹម ថេ​ង ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាមរយៈ​បទ លក់​ស្រូវ​ជូន​រដ្ឋ ​គឺ​ស្នេហា​ជាតិ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កាលពី​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ រុស្សី​)​ ដែល​គិត​រហូតមកដល់​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​ គឺ​មាន​រយៈពេល​កន្លះ​ខែ ​តែ​ជំងឺ​នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ៕

សុះ ម៉ាច ដង្ហោយ​អាណិត​តារា​ចម្រៀង​ទសវត្សរ៍​ឆ្នាំ​៨០​ លោក យឹម ថេ​ង ធ្លាក់ខ្លួន​ឈឺ​គ្មាន​ប្រាក់​ព្យា​បាល

សុះ ម៉ាច ដង្ហោយ​អាណិត​តារា​ចម្រៀង​ទសវត្សរ៍​ឆ្នាំ​៨០​ លោក យឹម ថេ​ង ធ្លាក់ខ្លួន​ឈឺ​គ្មាន​ប្រាក់​ព្យា​បាល