ថយ​រ៉ូឡូ​ខុស​បច្ចេកទេស​រេ​ចង្កូត​បុក​ផ្ទះ​គេ​ខូច​ខ្ទេច​ ព្រម​ទាំង​ឆក់​យក​ជីវិត​ក្មេង​អាយុ​​២​ឆ្នាំ​ម្នាក់

ថយ​រ៉ូឡូ​ខុស​បច្ចេកទេស​រេ​ចង្កូត​បុក​ផ្ទះ​គេ​ខូច​ខ្ទេច​ ព្រម​ទាំង​ឆក់​យក​ជីវិត​ក្មេង​អាយុ​​២​ឆ្នាំ​ម្នាក់



ពោធិ៍សាត់ ​៖​ ​​រ៉ូឡូ​មួយ​គ្រឿង​បាន​បើក​ថយ​ក្រោយ​​​ខុស​បច្ចេកទេស​ ក៏​របូត​ប្រអប់លេខ​ ដាក់​មិន​ចូល​ ក៏​រេ​ចង្កូត​ទៅ​​​បុក​​ផ្ទះ​មន្ត្រី​យោធា​ម្នាក់​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​យ៉ាង​ដំណំ ​ហើយ​អ្វី​ដែល​សង្វេគ​បំផុត​នោះ​គឺ​ក្មេង​ប្រុស​អាយុ​​២​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ផ្ទះ​នោះ​បាន​ស្លាប់។ ទោះ​យ៉ាង​ណា ​ជន​បង្ក​​ត្រូវ​បាន​ឃាត់​ខ្លួន​​​យក​ទៅ​កាន់​អធិការ​ផង​ដែរ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​​​​៧​និង​១៥​នាទី​ ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា​ ឆ្នាំ​២០១៦ ​ស្ថិត​ក្នុង​ភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​​បាន​ប្រាប់​ថា ​ជន​បង្ក​​ក្នុង​ឧប្បត្តិហេតុ​ចរាចរណ៍​ខាងលើ​មាន​ឈ្មោះ​សៅ ឌី ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មាន ស្រុក​កំណើត​ភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុំ​ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ចំណែក​ក្មេង​រង​គ្រោះ​ឈ្មោះ​លី សៀវ​ល័យ អាយុ​​២​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ ​​ត្រូវជា​កូន​បង្កើត​របស់​ឈ្មោះ​ឆាយ តេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ មុខរបរ ​ទាហាន​សឹក​រង​ផ្នែក​ជំនួយការ​ស្រុក​វាលវែង។

ប្រភព​ដដែល​បន្ត​ថា ​៖​ មុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​ជន​បង្ក​ខាង​លើ​ ​​បើក​រ៉ូឡូ​មួយ​គ្រឿង​ពណ៌ ​លឿង​ លុះ​ទៅ​ដល់​ចំណុច​អូរ​១៧​ក្នុង​ភូមិ​សាស្ត្រ​ខាង​លើ ​ជន​នេះ​ក៏​បើក​ឡើង​ទី​ទួល ​រួច​ថយក្រោយ​វិញ។ ប៉ុន្តែ​វា​ខុស​បច្ចេកទេស​ក្នុង​ការ​បើកបរ​ដាក់​លេខ​ថយក្រោយ​ ​ក៏​រអិល​ពី​ទី​ទួល​ខ្ពស់​​​ចុះក្រោម​ រួច​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​មន្ត្រី​យោធា​ខាងលើ​ ដែល​នៅ​ក្បែរ​ផ្លូវ​នោះ ​បណ្ដាល​ឲ្យ​ស្លាប់​កូនប្រុស​បុរស​នោះ​អាយុ​០២​ឆ្នាំ​តែម្ដង។ ចំណែក​ផ្ទះ​គាត់​​​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​ ហើយ​ក៏​បាន​ឃាត់ខ្លួន​ជន​បង្ក​នោះ រួម​នឹង​វត្ថុតាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​ បន្ទាប់ពី​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​រួច៕
ថយ​រ៉ូឡូ​ខុស​បច្ចេកទេស​រេ​ចង្កូត​បុក​ផ្ទះ​គេ​ខូច​ខ្ទេច​ ព្រម​ទាំង​ឆក់​យក​ជីវិត​ក្មេង​អាយុ​​២​ឆ្នាំ​ម្នាក់