ជំនួប​ពិភាក្សា​ជាមួយ​អ្នកវិនិយោគម៉ាឡេស៊ី

ជំនួប​ពិភាក្សា​ជាមួយ​អ្នកវិនិយោគម៉ាឡេស៊ី



សៀមរាប ៖ នៅ​ថ្ងៃ​ទី​២១ ​ខែមីនា ​ឆ្នាំ​២០១៦​នេះ​ លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន វិនិយោគ​វិស័យ​ថាមពល​អគ្គិសនី​របស់​ម៉ាឡេស៊ី​ចូល​ជួប​នឹង​សម្តែង​ការគួរសម នៅ​ការិយាល័យ​ផ្ទាល់​របស់​លោក នៃ​សាលា​ខេត្តសៀមរាប។

តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​ក៏បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លងមក​ក្រុមហ៊ុន​របស់​លោក បាន ធ្វើការ​ទំនាក់​ទំនងជា​មួយ​អាជ្ញាធរ​ខេត្ត​អំពី​ការ​ចូល​មក​វិនិយោគ​ពី​ថាមពល​អគ្គិសនី ដែល​ប្រើប្រាស់​ដោយ​ផ្ទាំង​សូ​ឡា​ដើម្បី​ទាញ​យក​ថាមពល​អគ្គិសនី​យក​មក​ធ្វើការ​ផ្គត់ផ្គង់ ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​។

លោក​បាន​បន្ត​ទៀត​ថា ​ដោយ​ការ​មើល​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​ប្រទេស​កម្ពុជា សំខាន់​ខេត្តសៀមរាប​ដែល​ជា​ខេត្ត ឧស្សាហកម្ម​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ដែល​បាន​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់​មជ្ឈដ្ឋាន ចូល​ទស្សនា​កម្សាន្ត ហើយ​ការ​រីកចម្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​សេវា​វិស័យ​ទេសចរណ៍​ក៏បាន​ភាព​ទាន់សម័យ ទៀត​ផង។

ម្យ៉ាងទៀត​នៅ​តាម​បណ្តាជន​បទ​មួយ​ចំនួន​យើង​សង្កេត​ឃើញ​ថា ​មានការ​ខ្វះ​នូវ​ថាមពល​អគ្គិសនី​ប្រើ ប្រាស់ ហើយ​ដើម្បី​ឲ្យ​បាន​សមស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០២០ នៅ​គ្រប់​ទី​ជនបទ​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្នា​។ ដោយ​កត្តា​នេះ​ហើយ ទើប​ក្រុមហ៊ុន​របស់​លោក​ចូល​មក​ធ្វើការ​វិនិយោគ​ក្នុង​ការផលិត​ថាមពល​អគ្គិសនី តាមរយៈ​ការប្រើប្រាស់​ផ្ទាំង​សូ​ឡា​ ដើម្បី​យក​ភ្លើង​សម្រាប់​ផ្គត់ផ្គង់​ដល់​អាជ្ញាធរ អគ្គិសនី​យក​ទៅ​ចែកចាយ​ដល់​អ្នកប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​ប្រចាំថ្ងៃ។

លោក​បាន​បន្ត​ទៀត​ថា ការ​ចូល​ជួប​លោក​បណ្ឌិត​អភិបាលខេត្ត​នាពេល​នេះ​ក៏​ជា​ការ​បង្ហាញ​នូវ​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​អគ្គិសនី​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី ដែល​មាន​បទពិសោធន៍ ព្រមទាំង​បាន​អនុវត្តបាន​ទទួលជោគជ័យ​នៅ​ប្រទេស​ម៉ាឡេស៊ី​ទៀត​ផង​។ ម្យ៉ាង ទៀត​ក៏​ជាការ​ចុះ​មក​ធ្វើការ​សិក្សា​បន្ថែម​ទៀត ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ការ​អនុញ្ញាត​ដើម្បី​កំណត់​ទីតាំង ក្នុង​ការ​ដំឡើង​នូវ​ផ្ទាំង​សូ​ឡា និង ស្ថានីយ​ផ្ទុក​ថាមពល។

មានប្រសាសន៍​នោះ​ដែរ ​លោក​បណ្ឌិត​ ឃឹម​ ប៊ុន​សុង ​ក៏បាន​បញ្ជាក់​ថា កន្លងមក​ក្រុមហ៊ុន​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រមទាំង​បាន​អញ្ជើញ​ចុះទៅ​សិក្សា​នូវ​ទីតាំង​ដែល​ក្រុមហ៊ុន​បាន​ស្មើ​សុំ​។

លោក​បណ្ឌិត​ក៏បាន​បន្ត​ទៀត​ថា ​បញ្ហា​ថាមពល​អគ្គិសនី​នេះ គឺជា​តម្រូវ​ការចាំបាច់​របស់​ខេត្ត​ទេសចរណ៍​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​បច្ចុប្បន្ន​ចំណោទ​បញ្ហា​ថាមពល​អគ្គិសនី​នេះ មិន​ទាន់​បាន​ចែកចាយ​បាន​គ្រប់គ្រាន់​ទៅតាម​តំបន់​ជនបទ​នៅឡើយ​ទេ ដែល​ធ្វើ​ឲ្យ​តម្លៃ​ថាមពល​អគ្គិសនី​នៅ​តាម​ជនបទ​មានតម្លៃ​ខ្ពស់​ជាង​ទីក្រុង​។ ម្យ៉ាងទៀត​ក្រុមហ៊ុន​ដែល​មាន​គោលបំណង​ក្នុង​ការ​ចូលរួម​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា គឺជា​កិច្ច​បំពេញ​នូវ​តម្រូវការ​ចាំ​បាច់​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ក្នុង​ការ​លើកកម្ពស់​វិស័យ​អគ្គិសនី ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​២០២០ ឲ្យ​មាន​អគ្គិសនី​ទៅដល់​តំបន់​ជនបទ។

លោក​បណ្ឌិត ​ឃឹម​ ប៊ុន​សុង ​ក៏​សូម​ឲ្យ​ធ្វើ​កិច្ចពិភាក្សា​បន្ត​ជាមួយ​អភិបាលរង​ខេត្ត​និង​អង្គភាព​ជំនាញ ក្នុង​គោលដៅ​សិក្សា​បន្ត​ទៅលើ​ការកំណត់​ទីតាំង​ក្នុង ការរៀបចំ​ស្ថានីយ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ទៅតាម​ដែល​ក្រុមហ៊ុន​បាន​ស្នើ​សុំ​ផង​ដែរ។ លោក​បណ្ឌិត​ក៏​មាន សង្ឃឹម​ផង​ដែរ​ថា នៅ​ពេល​ក្រុមហ៊ុន​ម៉ាឡេស៊ី​បង្កើត​ទីតាំង​ផលិត​ថាមពល​អគ្គិសនី ដោយ​ប្រើ​សន្ទះ​សូ​ឡា ក្នុង​ផ្គត់ ផ្គង់​ថាមពល​នោះ ខេត្ត​យើង​ក៏​មិន​ព្រួយបារម្ភ​ពី​កង្វះខាត​ថាមពល​អគ្គិសនី​ទៀត​ឡើយ៕

ជំនួប​ពិភាក្សា​ជាមួយ​អ្នកវិនិយោគម៉ាឡេស៊ី ជំនួប​ពិភាក្សា​ជាមួយ​អ្នកវិនិយោគម៉ាឡេស៊ី