ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ប្រឡង​គំនូរ​សិស្ស​បឋមសិក្សា​កម្រិត​សាខា

ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ប្រឡង​គំនូរ​សិស្ស​បឋមសិក្សា​កម្រិត​សាខា



សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ២១ ខែ មីនា ឆ្នាំ​២០១៦​នៅ​ទីស្នាក់ការ​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត សៀមរាប​មាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​ជ័យ​លាភី​ប្រឡង​គំនូរ​សិស្ស​បឋមសិក្សា​កម្រិត​សាខា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១៥៣​ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​៨ឧសភា​ ឆ្នាំ​២០១៦​ក្រោម​វត្តមាន​លោកស្រី​គួ​យ​ ណា​លីន​ឃឹម​ប៊ុន​សុង ​អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ដោយមាន​ការ​អញ្ជើញ ចូលរួម​ពី​សំណាក់ លោកជំទាវ អស់លោក លោកស្រី ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ចំនួន ៥១​នាក់ មកពី​សាលា​គោលដៅ​ទាំង ១៧ ដែល​បាន​ចូលរួម​។

តាម​សេចក្តី​រាយការណ៍​របស់​លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា ​ក្រុម​ប្រតិបត្តិ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តសៀមរាប បាន​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត  ការិយាល័យ​អប់រំ​យុវជន និង​កីឡា ស្រុក​អង្គរធំ​និង​ស្រុក​បន្ទាយស្រី​ដោយ​សម្រេច​យក​សាលាបឋមសិក្សា​គោលដៅ​ក្នុងស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី​ចំនួន​១៧​សាលា​ដើម្បី​បំផុស​ឲ្យ​សិស្ស​ថ្នាក់​ទី​៥ និង​ទី​៦ ដែល​មាន​ចំណូលចិត្ត​គូរ​រូប ឲ្យ​ចូលរួម​បញ្ចេញស្នាដៃ​គំនូរ ប្រឡង​ជ្រើសរើស ជ័យលាភី​ថ្នាក់​សាខា និង ឈាន​ទៅ​ចូលរួម​ប្រឡង​ជ័យលាភី​ថ្នាក់​ជាតិ​ផង​ដែរ។

លោក​ក៏បាន​មានប្រសាសន៍​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រធានបទ​និង​លក្ខខ័ណ្ឌ​សម្រាប់​ប្អូនៗ​សិស្សានុសិស្ស​ចូលរួម​ប្រឡង​គួរ​គំនូរ គឺ គូរ​ទៅតាម​ការយ​ល់ដឹង និង​គំនិត​ផ្តួចផ្តើម​របស់​សិស្ស ផ្អែក​តាម​ការណែនាំ​រប​ស់​កាកបាទក្រហមកម្ពុជា និង ដោយ​ស្នាដៃ​សិស្ស​ផ្ទាល់ នៃ​ថ្នាក់​ទី​៥​និង​ទី​៦ ដែលមាន​អាយុ​ចាប់ពី​១០​ឆ្នាំ​ដល់​១៤​ឆ្នាំ និង មាន​សមាសភាព​យែ​ន​ឌ័​រ។ ចំពោះ​លក្ខណៈវិនិច្ឆ័យ​នៃ​ការវាយតម្លៃ​ស្នាដៃ​គំនូរ គឺ​ត្រូវ​ផ្តោតលើ​៣​ចំណុច​គឺ ខ្លឹមសារ ស្នាដៃ និង សោភ័ណភាព។ ក្នុង​នោះ​ជ័យលាភី លេខ​១ បាន​ទៅ​កុមារី​វណ្ណ គឹម​លៀង​ សិស្ស​ថ្នាក់​ទី​៦ ​សាលាបឋមសិក្សា​បន្ទាយ​ស្រី ,​លេខ​២ បាន​ទៅលើ​កុមារី​ណាន ឌឿ​ន ​សិស្ស​ថ្នាក់​ទី​៥​ សាលាបឋមសិក្សា​ត្រពាំង​ស្វាយ ស្រុក​អង្គរធំ  ,  លេខ​៣ បាន​ទៅលើ​កុមារី​ខ្វេ​ង ​សីហា​ សិស្ស​ថ្នាក់​ទី​៦ សាលាបឋមសិក្សា​តា​ទុំ​ ស្រុក​បន្ទាយស្រី។

បន្ទាប់ពី​គណៈអធិបតី​និង​ភ្ញៀវកិត្តិយស​ធ្វើការ​ប្រគល់​រង្វាន់​ជ័យលាភី​ និង​រង្វាន់​លួង​ចិត្ត​ដល់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ប្រកួត​ប្រឡង​គូរ​គំនូរ​រួចមក​មានប្រសាសន៍​នោះ​លោកស្រី​គួ​យ ណា​លីន​ឃឹម​ប៊ុន​សុង​ ក៏បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្មួយៗ ជ័យលាភី​ទាំងបី​រូប​ដែលជា​កុមារី​ក៏​ដូច​ក្មួយៗ​ដែល​មិនបាន​ជាប់​ចំណាត់ថ្នាក់​តែ​បាន​ខិតខំ​ប្រឹងប្រែង​រិះគិត និង​បញ្ចេញ​នូវ​គំនិត​ស្នាដៃ​របស់ខ្លួន​តាមរយៈ​ក្នុង​ការគួរ​គំនូរ​ដោយផ្ទាល់ ដើម្បី​បង្ហាញ​ពី​សកម្មភាព​នៃ​ចលនា​មនុស្សធម៌​ជាក់ស្តែង​ដែល​ទាក់ទង​ទៅនឹង​វិស័យ​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុជា​។

លោកស្រី​គួ​យ​ណា​លីន​ឃឹម​ប៊ុន​សុង​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ​នេះ​ជា​លើក​ទី​៤​ហើយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ធ្វើ​ការ​បំផុស​លើកទឹកចិត្ត​ដល់​ក្មួយៗ​នៃ​កម្រិត​សាលាបឋមសិក្សា​តាម​ក្រុង​ស្រុក ឲ្យ​បញ្ចេញ​នូវ​ទេពកោសល្យ​ស្នាដៃ​ប្រឡង​គួរ​គំនូរ​ដោយមាន​ការ​ត្រួតពិនិត្យ​ពី​គណៈកម្មការ​ពិនិត្យ​វាយតម្លៃ​ស្នាដៃ​គំនូរ​ថ្នាក់​សាខា ហើយ​ស្នាដៃ​ទាំងបី​ខាងលើ​នេះ នឹង​ត្រូវ​ដាក់បញ្ចូល​ទៅ​ចូលរួម​ប្រឡង​ជ្រើសរើស​នៅ​ថ្នាក់​ជាតិ​ផង​ដែរ។

លោកជំទាវ​បាន​បន្ត​ទៀត​ថា ​ដោយ​ការគួរ​គំនូរ​របស់​ក្មួយៗ ក្នុង​ការ​សាកល្បង​ថ្វីដៃ​ជា វិចិត្រករ​វ័យក្មេង​ទោះបី​បច្ចុប្បន្ន​បច្ចេកវិទ្យា​សាស្ត្រ​រីកចម្រើន​ក៏​ពិតមែន តែ​រូបភាព​គំនូរ​ដែល​គូរ​ដោយ​ដៃ ដែលជា ស្នាដៃ​បានមកពី​ការព្យាយាម​អំណត់​របស់​វិចិត្រករ​ផ្ទាល់​ គឺ​មាន​តម្លៃ​និង​ពេញ​និយម​ចំពោះ​អ្នក​ដែល​និយម​រូបភាព​ទេសភាព​។ ម្យ៉ាងទៀត​ការ​គូរ​គំនូរ​នេះ គឺ​ទាក់ទង​នឹង​សកម្មភាព​ចលនា​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា។

លោកស្រី​គួ​យ ណា​លីន​ឃឹម​ប៊ុន​សុង​ ក៏បាន​ធ្វើការ​ផ្តាំ​ផ្ញើ​ដល់​សិស្សានុសិស្ស​ទាំង​ទទួល​ជ័យលាភី និង​មិន​បាន​ទទួល​ជ័យលាភី​ត្រូវ​ខិតខំ​បន្ត​ទៀត ​ដើម្បី​សម្រាប់​មក​ចូលរួម​ប្រឡង​ឆ្នាំខាងមុខ ព្រមទាំង​ត្រូវ​ស្តាប់​នូវ​ដំបូន្មាន​លោកគ្រូ អ្នកគ្រូ លោកឪពុក អ្នក​ម្តាយ និង គោរព​ឲ្យ​បាន​នូវ​វិន័យ​សាលា និង ចេះ​ជួយ​មិត្តភក្តិ​ទន់ខ្សោយ និង​ត្រូវតែ​ធ្វើអំពើ​ល្អ ដើម្បី​ឲ្យ​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ និង មិត្ត​ល្អ ព្រមទាំង​យកចិត្តទុកដាក់​ជួយ​បំផុស លើកទឹកចិត្ត​ក្មួយ​ៗ​ក្នុង​សារប្រយោជន៍​ទាក់ទង​នឹង វិស័យ​មនុស្សធម៌​នេះ​។

ម្យ៉ាងទៀត​ស្នាដៃ​ទាំងនេះ គឺ ជា​ពន្លក យុវវ័យ ដែល​ជា​សសរស្ដម្ភ​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​ក្នុង​ការ​ចូលរួម​បង្ហាញ ពី​ការ​យល់ដឹង​តាមរយៈ​គំនូរ​រូបភាព​ស្តី​ពី​សកម្មភាព​មនុស្សធម៌​ទាំងឡាយ ដែល​កាក​បាទក្រហមកម្ពុជា កំពុង​អនុវត្ត​ហើយ​គំនូរ​នេះ​ក៏​ជា​ការ​បណ្តុះ​នូវ​ស្មារតី​មនុស្សធម៌ សម្រាប់​ក្មួយៗ​នា​ពេល​អនាគត​ផងដែរ។

ដើម្បី​ទទួល​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​លោកជំទាវ ក៏បាន​ឧបត្ថម្ភ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ ម្នាក់ៗ​នូវ​សារុង​ស៊ឹង ០១​ថវិកា​២​ម៉ឺន​រៀល និង សិស្សានុសិស្ស នូវ​កន្សែង​ម្នាក់​១​ផងដែរ៕

ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ប្រឡង​គំនូរ​សិស្ស​បឋមសិក្សា​កម្រិត​សាខា ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ប្រឡង​គំនូរ​សិស្ស​បឋមសិក្សា​កម្រិត​សាខា ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ប្រឡង​គំនូរ​សិស្ស​បឋមសិក្សា​កម្រិត​សាខា ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ប្រឡង​គំនូរ​សិស្ស​បឋមសិក្សា​កម្រិត​សាខា