សន្និសីទ​អន្តរជាតិ​ជាតិ​លើក​ទី​១ ស្តី​ពី​ការសិក្សា​អាស៊ីអាគ្នេយ៍

សន្និសីទ​អន្តរជាតិ​ជាតិ​លើក​ទី​១ ស្តី​ពី​ការសិក្សា​អាស៊ីអាគ្នេយ៍



សៀមរាប ៖ សាកលវិទ្យា​ល័យ​សៅ​អ៊ី​ស​អេ​សៀ​យ​ សហការ​ជាមួយ​ក្រុមហ៊ុន​MITSU-GROUPOFCOMPANY JAPAN​ដែល​មាន​ទីតាំងនៅ​ប្រទេស​ឥណ្ឌា​បាន​រៀប​ចំ​សន្និសីទ​អន្តរជាតិ​ជាតិ​លើក​ទី​១​ស្តី​ពី ​ការសិក្សា​អាស៊ីអាគ្នេយ៍ រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ២០១៦ ដោយមាន​វាគ្មិន​មកពី​ប្រទេស​ជប៉ុន​ប្រទេស​ឥណ្ឌា វាគ្មិន​ជា​អ្នក​ជំនាញ​មកពី​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​មកពី​ក្រុមហ៊ុន មិ​ត​ហ្សឺ គ្រុប ជប៉ុន និង​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត​ក្នុង​សាកលវិទ្យាល័យ​នេះ​ចូលរួម​និង​តំណាង​សាកលវិទ្យាល័យ​ដៃគូ​ក្នុង​ប្រទេស​ចំនួន​ប្រមាណ​ជាង​១៥០​នាក់​។

សន្និសីទ​អន្តរជាតិ​លើក​ទី​១ នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​អំពី​តួនាទី​វិនិយោគិន ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​ការគ្រប់គ្រង តួនាទី​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​វិស័យ​ទេសចរណ៍ តួនាទី​ព្រះ​ពុ​ទ្ធ​សាសនា​នៅក្នុង​វិស័យ​អប់រំ​និង​ក្នុងសង្គម ស្វែងយល់​ពី​ការសិក្សា​ភាសា​អង់គ្លេស ថា​តើ​ស៊ីសង្វាក់​គ្នា​ជាមួយនឹង​ទីផ្សារ​ការងារ​បច្ចុប្បន្ន ​ឬ​យ៉ាងណា ព្រមទាំង​ជំរុញ​ទឹកចិត្ត​និង​បំផុស​ស្មារតី​អ្នកស្រាវជ្រាវ​កម្ពុជា បង្កើន​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក បន្ថែម​ពី​នេះ អង្គ​សន្និសីទ​នឹងធ្វើ​បទ​បង្ហាញ​ប្រៀបធៀប​ការសិក្សា​ភាសា​អង់គ្លេស​រវាង​និស្សិត​កម្ពុជា​ និង​និស្សិត​មកពី​ប្រទេស​ថៃ​។

តំណាង​សាស្ត្រាចារ្យ​មកពី​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ចាប់អារម្មណ៍​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​សៅ​អ៊ី​អេ​យ​សៀ​យ ថា​ប្រព្រឹត្តទៅ​បាន​ល្អ​និង​ដោយ​រលូន​ និង​បាន​ជួយ​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សន្និសីទ ដូច​គ្នា​នេះ​មាន​ជា​បន្តបន្ទាប់​និង​ជា​រៀង​រហូត​។

ថ្លែង​ក្នុង​ឱកាស​បើក​អង្គ​សន្និសីទ​នោះ លោក​បណ្ឌិត មាន​សុធី​សកលវិទ្យាធិការ​រង​ទទួលបន្ទុក​ខាង​ផ្នែក​ស្រាវជ្រាវ​ និង ​ទំនាក់ទំនង​អន្តរជាតិ​សាកលវិទ្យាល័យ​សៅ​អ៊ី​ស​អេ​យ​សៀ​យ៍​បាន​ឲ្យ​ដឹង​ថា បើ​យើង​ចង់​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ចាំបាច់​ត្រូវ​មាន​ធនធានមនុស្ស​និង​បែបផែន​ផលិតកម្ម​មួយ​ដែល​ទំនើប​តាម​ទាន់​កាលៈទេសៈ​ និង​ការ​រីកចម្រើន​នៃ​ពិភពលោក។

ដូច្នេះ​ហើយ​ការងារ​អប់​រំជា​កត្តា​គន្លឹះ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ធនធានមនុស្ស​ដែល​សង្គម​ទាំងមូល​ត្រូវតែ​ចូលរួម​វិនិយោគ​ឲ្យ​បាន​ខ្លាំងក្លា និង​ទាមទារ​ចាំបាច់​និង​បន្ទាន់​បំផុត​នូវ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ជាតិ​និង​អន្តរជាតិ​ដើម្បី​ជួយ​ឲ្យ​គោលដៅ​នៃ​ការអប់រំ​សម្រេច​បាន​ជោគជ័យ​។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​រំពឹងទុក​ក្រោយ​សន្និសីទ​អន្តរជាតិ​លើក​ទី​១​នេះ សាកលវិទ្យាល័យ​សៅ​អ៊ី​ស​អេ​យ​សៀ​យ​ នឹង​បើកឱកាស​ដល់​និស្សិត សាស្ត្រាចារ្យ​និង​បុគ្គលិក​នៃ​សាកលវិទ្យាល័យ​នេះ​នឹង​អាច​ស្វែងយល់​ពី​ចំណេះដឹង​ថ្មីៗ​ដែល​ពិភពលោក​បាន​រក​ឃើញ​ជាពិសេស​ទាក់ទង​ទៅ​នឹង​ការសិក្សា​អាស៊ីអាគ្នេយ៍៕

សន្និសីទ​អន្តរជាតិ​ជាតិ​លើក​ទី​១ ស្តី​ពី​ការសិក្សា​អាស៊ីអាគ្នេយ៍ សន្និសីទ​អន្តរជាតិ​ជាតិ​លើក​ទី​១ ស្តី​ពី​ការសិក្សា​អាស៊ីអាគ្នេយ៍