រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៦ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៩​ម៉ឺន​តោន

រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៦ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៩​ម៉ឺន​តោន



ភ្នំពេញ ៖ បើ​គិត​ត្រឹម​រយៈពេល ២​ខែ​ដើម​ឆ្នាំ​២០១៦​នេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន ៩៨​ពាន់ ៩៤៥​តោន និង​បើ​ធៀប​កាលពី ឆ្នាំ​២០១៥ បាន​ចំនួន ៧៣​ពាន់​៥៩៧​តោន​មាន​កំណើន ៣០,៤%។​

លោក ហ៊ាន វណ្ណ​ហន ប្រធាន​ច្រក​ចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​រយៈ​ពេល ២​ខែ​នេះ​មិនមាន​ឧបសគ្គ​អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​នោះទេ បើ​ធៀប និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នោះ។

លោក​បាន​លើក​ឡើង​ថា ចំពោះ​ការ​នាំ​ចូល​អង្ករ​ឬ​ទំនិញ​ពី​ប្រទេសជិតខាង​គឺជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ដែល​កម្ពុជា​បាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ក្នុង​តំបន់​កាលពី​ខែធ្នូ ឆ្នាំ២០១៦ កន្លងមក ហើយ​លំហូរ​ទំនិញ​ដោយ​គ្មាន​របាំង​ពន្ធគយ​នោះ​ឡើយ។

លោក​បាន​បន្ថែម​ថា រឿង​សំខាន់​សម្រាប់​កម្ពុជា​គឺ ការ​ខិតខំ​កសាង​សមត្ថភាព​ការផលិត​តាម​ស្តង់ដារ ព្រោះ​ទំនិញ​គេ​នាំចូល​វិញ ដោយ​សេរី  ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​កម្ពុជា​ត្រូវតែ​ពង្រឹង​ការ​នាំ​ចូល​ផលិតផល​មក​កម្ពុ​ជាពិសេស​នោះ ការ​ត្រួតពិនិត្យ​បញ្ហា ភតគាម​អនាម័យ​ជា​ចម្បង​សិន​មុន​អនុញ្ញាត​នាំចូល​។

ចំណែក លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន AMRU Rice Cambodia​បាន​ថ្លែង​បញ្ជាក់ថា ការនាំចេញ​អង្ករ​របស់​ក្រុមហ៊ុន  AMRU Rice Cambodia រយៈ ពេល​៣​ខែ​ដើម ឆ្នាំ​២០១៦​នេះ​បាន ១​ម៉ឺន ២​ពាន់​តោន ហើយ​ធៀប​កាលពី​ឆ្នាំមុន ការនាំចេញ​មានការ​ថយចុះ​ប្រមាណ ២០០០ ទៅ​៣០០០ តោន​។

លោក សុង សារ៉ន បាន​បន្តទៀតថា ការនាំចេញ​អង្ករ​ឆ្នាំនេះ​ជួប​ឩ​ប​សគ្គ​ទាក់ទង​និង​ការប្រមូល​ផល​បាន​តិចតួច ហើយ​អ្នក​ផលិត​គ្មាន​ទុន​ប​ង្វិល​ស្រប​ពេលដែល​ធនាគារ​បា​ន​បន្ថយ​ការខ្ចី​លុយ​ដល់​កសិករ​អ្នក​ផលិត និង​រោង​ម៉ាស៊ីនកិនស្រូវ។

លោក​បាន​បន្ថែមថា ក្រៅពីនេះ​ទីផ្សារ​នាំ​អង្ករ​ធំ​របស់​កម្ពុជា​គឺ​នៅ​ប៉ែក​អឺរ៉ុប ហើយ​បច្ចុប្បន្ននេះ ដោយសារតែ​គោលនយោបាយ​របស់​ធនា​គារ​និង​មីក្រូហិរញ្ញវត្ថុ​មានការ​រឹតត្បិត ហើយ​រដ្ឋាភិបាល​បាន​ពង្រឹង​ការខ្ចី​លុយ​របស់​ធនាគា​រ​ដល់​កសិករ​ដែល​ធ្វើ​ឲ្យ​ជួបប្រទះ​ការលំបាក​ក្នុង​វិស័យ​កសិកម្ម ព្រោះ​អត្រា​ការប្រាក់​មានការ​កើនឡើង​ជាង​មុន​៕