អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ចាត់​ទុក​ការ​ប្រើ facebook របស់​សម្តេច​តេ​ជោ បាន​ដោះស្រាយ​បញ្ហា​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ

អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ចាត់​ទុក​ការ​ប្រើ facebook របស់​សម្តេច​តេ​ជោ បាន​ដោះស្រាយ​បញ្ហា​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ



ភ្នំពេញ ៖ លោក ម៉ាសា​កា​ស៊ុ ហា​ម៉ា (Masakasu Hamachi) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​ជា​សមាជិកសភា​ជប៉ុន បាន​សំដែង​ការ​កោតសរសើរ​ចំពោះ​ការដឹកនាំ​ប្រទេស និង ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន និង​ដោះស្រាយ​បញ្ហា​ឲ្យ​ប្រជាជន​បានល្អ ដែល​ខុសពី​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​លោក​គ្រាន់តែ​ទទួល​យកតែ​ពុំបាន​ដោះស្រាយ​បញ្ហា​ទេ។

​លោក ម៉ាសា​កា​ស៊ុ ហា​ម៉ា​ជី (Masakasu Hamachi) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​ជា​សមាជិកសភា​ជប៉ុន បាន​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី នា​ល្ងាច​ថ្ងៃ​ទី ២១ ខែ មិនា ឆ្នាំ ២០១៦។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារ​ព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ លោក ម៉ាសា​កា​ស៊ុ ហា​ម៉ា​ជី បាន​ស្នើសុំ​បទពិសោធន៍​នៃ​ការដឹកនាំ​ប្រទេស និង ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម។ ដោយ​លោក​បាន​មើល​ឃើញ​ថា ​កន្លងមក​ស​ម្តេច​តេ​ជោ​ហ៊ុន សែន ​បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម សម្រាប់​ទំនាក់​ទំនងជា​មួយ​ប្រជាជន​ផង និង សម្រាប់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ផង ។ លោក​បាន​កោតសរសើរ​និង​បាន​ធ្វើ​ការ​ប្រៀបធៀប​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ស៊ី​ស៊ូ​អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុងនោះ​លោក​បានលើកឡើង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម សម្រាប់​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​ប្រជាជន ហើយ​ឲ្យ​មាន​ស្ថាប័ន​របស់​រដ្ឋ​ធ្វើការ​ដោះស្រាយ​បញ្ហា​មួយចំនួន ដែលជា​ទូទៅ​សម្តេច​តេ​ជោ​តែងតែ​ផ្សារភ្ជាប់​ដោះស្រាយ​បញ្ហា​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ។ ចំណែក​លោក ស៊ិន​ស៊ូ អា​បេ បានទទួល​សំណូមពរ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​មិនមាន​ការឆ្លើយតប​វិញ​នោះទេ។

លោក ម៉ាសា​កា​ស៊ុ ហា​ម៉ា​ជី បាន​បញ្ជាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​លោក​បាន​កោតសរសើរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន តាំងតែ​ពី​លោក​ស្ថិតនៅ ជា​និស្សិត​ក្នុង​ឆ្នាំ ១៩៩១ លោក​បាន​តាមដាន​ព័ត៌មាន​ទាក់ទង​ជាមួយ​សម្តេច​តេ​ជោ​និង ប្រទេស​កម្ពុជា ហើយ​នេះ​ជា​លើក​ទី​១ ហើយ​ដែល​លោក​បាន​មកកាន់​កម្ពុជា។ លោក ម៉ាសា​កា​ស៊ុ ហា​ម៉ា​ជី បានធ្វើ ការ​កត់សំគាល់​ថា​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ច្រើន ជាពិសេស​មិន​ថា​រាជធានី​ភ្នំពេញ​ទេ គឺ​នៅ​ជន បទ​ក៏​មាន​ការ​រីកចម្រើន​ដែរ។

លោក ម៉ាសា​កា​ស៊ុ ហា​ម៉ា​ជី ក៏បាន​ជម្រាប​ជូន​សម្តេច​ពី​ការ​ផ្តល់​ជំនួយ​របស់ ជប៉ុន​ដល់​កម្ពុជា​ដែល​ក្នុងនោះ​មាន​ជំនួយ​ឥត​សំណង​ចំនួន ២ គម្រោង ក្នុង​នោះ​ការ​ស្តារ​ស្ពាន​ជ្រោយ ចង្វា​ឡើងវិញ និង ការ​ផ្តល់​ជំនួយ​ជា​សម្ភារៈ​សម្រាប់​បោសសំអាត​មីន និង កម្ចីសម្បទាន​មួយ​គម្រោង សម្រាប់​ការ​ស្តារ​ឡើងវិញ​ផ្លូវជាតិ​លេខ ៥។

នៅ​ក្នុង​ជំនួប​នេះ​ក៏បាន​ផ្លាស់​ប្តូ​រមតិ​ផង​ដែរ​លើ​បញ្ហា​សភាព​ការ ក្នុង​តំបន់ និង អន្តរជាតិ ជាពិសេស​ពាក់ព័ន្ធ​នឹង សមុទ្រ​ចិន​ភាគ​ខាងត្បូង​ក៏ដូចជា​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ និង​ផ្លាស់ប្តូ​រមតិ​ពី​បញ្ហា​នៅ​តំបន់​អាស៊ាន​ជាដើម។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ចូល​រួមចំណែក ក្នុង​ការ​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​សកម្មភាព​ទាំងអស់​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន និង​ភាពជា​យុទ្ធសាស្ត្រ។

បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រួចមក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោក ម៉ាសា​កា​ស៊ុ ហា​ម៉ា​ជី អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ និង លោក យូ​ជី គូ​ម៉ា​ម៉ា​រូ (Yuji KU MAMARU) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

​យោង​តាម​សុន្ទរកថា​ដែល​អាន​ដោយ​លោក យូ​ជី គូ​ម៉ា​ម៉ា​រូ បាន​ឲ្យ​ដឹងថា​លិខិត​ប្តូរ​សារ និង កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ហិរញ្ញប្បទាន​ឥត​សំណង និង ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ដូចជា​ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​ទឹកប្រាក់​ចំនួន ៤.៧០០ លាន​យ៉េន ស្មើ​ប្រមាណ ៣៩ លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្តន៍​គម្រោង​២​រួមមាន​១.​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ពាន​ជ្រោយចង្វារ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣.៣៤៣ លាន​យ៉េន។ ២.​ជំនួយ​សម្ភារៈ​បច្ចេកទេស​បោស សំអាត​មីន​ដំណាក់កាល​ទី ៧ ដែល​មាន​ទឹកប្រាក់​ចំនួន ១.៣៧២​លាន​យ៉េន។

ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​ចំនួន​១៧.៣០០​លាន​យ៉េន​ប្រមាណ​១៤២​លាន​ដុល្លារ អាមេរិក​សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នៅ​ផ្លូវជាតិ​លេខ​៥ “​កំណាត់​ផ្លូវ​ពី​ព្រែក​ក្តាម​-​ធ្លា​ម្អម​” ដំណាក់​កាល​ទី​២៕

អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ចាត់​ទុក​ការ​ប្រើ facebook របស់​សម្តេច​តេ​ជោ បាន​ដោះស្រាយ​បញ្ហា​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ចាត់​ទុក​ការ​ប្រើ facebook របស់​សម្តេច​តេ​ជោ បាន​ដោះស្រាយ​បញ្ហា​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ