មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ឧបត្ថម្ភ​អំណោយ​ដល់​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ឫស្សីកែវ

មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ឧបត្ថម្ភ​អំណោយ​ដល់​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ឫស្សីកែវ



ភ្នំពេញ​ ៖​ នា​ព្រឹក​ថ្ងៃទី​២១ ​ខែមីនា ​ឆ្នាំ​២០១៥​ នៅ​វត្ត​ញាណ​រង្សី​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ អនុ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខណ្ឌ​ឫស្សីកែវ​បានទទួល​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ពី​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត បណ្ឌិត​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា​ដើម្បី​ទុក​ចែក​ជូន​បន្ត​ដល់ដៃ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក៏ដូចជា​ជួយ​រំលែក​ទុក្ខ​លំបាក ​និង​ការ​ខ្វះខាត​ផ្សេងៗ ផងដែរ។

អញ្ជើញ​ និង​និមន្ត ចូលរួម​នា​ឧកាស​នោះគេ​ឃើញ​មាន​វត្តមាន លោក ជា​ពិសី ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​ និង​ក្រុមការងារ ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​បណ្ឌិត​ខឹម​សម្បត្តិ​ចៅអធិការ​វត្ត​ញាណ​រង្សី​ និង​ជា ព្រះប្រធាន​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា រួម​នឹង​ព្រះសង្ឃ​ជាច្រើន​អង្គ។

នាឱកាស​នោះ​ព្រះ​តេជគុណ សុវណ្ណ​ជោតិ ខឹម សម្បត្តិ បាន​មាន​សង្ឃដីកា​ថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ​ដែល​មាន​ព្រះ​អង្គជា​ព្រះប្រធាន​តែងតែ​បាន​កៀរគរ​រក​ជំនួយ​ផ្សេងៗ​ពី​សប្បុរសជន​នានា ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ និង​តាម​ទី​វត្តអារាម​នានា ដើម្បី​បម្រើ​ឲ្យ​សកម្មភាព​មនុស្សធម៌​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​សាខា​កាកបាទក្រហម​ក្រុង អនុសាខា​កាកបាទក្រហម​ខណ្ឌ​ និង​ជន​ងាយ​រងគ្រោះ​ផ្សេងៗ​ជាច្រើន​ទៀត។

លោក ជា​ពិសី បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ក៏ដូចជា​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​ទាំងអស់។

លោក​បន្តថា លោក សូម​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះសង្ឃ​គ្រប់​អង្គជា​ពិសេស​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​រក​ជំនួយ​ពី​គ្រប់ទិសទី​ដើម្បី​ចែក​ជូន​ដល់​ជន​ងាយ​រងគ្រោះ​ផ្សេងៗ ជាពិសេស​សហការ​ជាមួយ​សាខា​ក៏ដូចជា​អនុ​សាខា​កាកបាទក្រហម ចុះជួយ​ឧបត្ថម្ភ​ដល់​ជន​ទីទាល់ក្រ​គ្រួសារ​មាន​ផ្ទុក​មេរោគ​អេដស៍ ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ។

លោក ក៏បាន​សន្យា​ថា​នឹង​យក​អំណោយ​ទាំង​អស់នេះ​ទៅ​ចែក​ជូន​ដល់ដៃ​ជនរងគ្រោះ​ផ្សេងៗ​ដោយ​មិន​ឲ្យ​បាត់បង់​មួយ​រៀល​ឡើយ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​នា​ពេល​នេះ រួមមាន ស​អង្ករ ១០០០​គីឡូក្រាម ​មី ១០ កេស ទឹកក្រូច​៥​កេស ទឹកត្រី ១០​យួរ ទឹង​​ស៊ីអ៊ីវ​១០​យួរ ស្ករស​៣០​គីឡូក្រាម ទឹកដោះគោ​២០​កំប៉ុង​ តែ​២០០​កញ្ចប់ ទឹក​សុទ្ធ​១០​កេស បាឡុង​២​សម្រាប់ និង​ថវិកា​ចំនួន ៤​លាន​រៀល៕