ថ្ងៃ​ទី​២២​មីនា​នេះ​ថៅកែ​រោងចក្រ​កាត់ដេរ​ជី អេ​ច អាយ​(GHI)​ នឹង​ចូល​បំភ្លឺ​ចំពោះ​មុខ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល

ថ្ងៃ​ទី​២២​មីនា​នេះ​ថៅកែ​រោងចក្រ​កាត់ដេរ​ជី អេ​ច អាយ​(GHI)​ នឹង​ចូល​បំភ្លឺ​ចំពោះ​មុខ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល



កណ្ដាល ​៖​ លោក​ហេង​ធៀ​ម ​អភិបាលក្រុង​តាខ្មៅ​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ម៉ោង​២​ថ្ងៃ​ទី​២១​ ខែ​មីនា ​ឆ្នាំ​២០១៦​ចំពោះ​កូដកម្ម​តវ៉ា​របស់​កម្មករ​រោងចក្រ​(GHI) ជី អេ​ច អាយ​ថា​ នឹង​ដឹង​លទ្ធផល​នៅ​ពេល​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​របស់​ក្រសួង​ការងារ​ហៅ​ថៅកែ​រោងចក្រ​មក​សវនាការ។

លោក​អភិបាលក្រុង​បាន​បញ្ជាក់​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មីនា ​ឆ្នាំ​២០១៦​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្រសួង​ការងារ​នឹង​ហៅ​ថៅកែ​រោងចក្រ​មក​បើកសវនាការ​លើ​សំណើ​១៤​ចំណុច​របស់​កម្មករ​រោងចក្រ​GHI។

លោក​អភិបាល​បាន​បន្ត​ថា​ កម្មករ​កម្មការិនី រោងចក្រ​កាត់ ដេរ ជី អេ​ច អាយ ហ្គា​មេន​(G H I Graments)​ប្រមាណ​៣០០​នាក់ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​​មីនា​បាននាំគ្នា​មកលើ​បដា​នៅ​ខាងមុខ​ភូមិគ្រឹះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នៅ​ទួល​ក្រសាំង​ក្រុង​តាខ្មៅ ក្នុង​គោលបំណង​សុំ​ឲ្យ​សម្ដេច ជួយ​អន្តរាគមន៍ ដោះស្រាយ​វិវាទ រវាង​កម្មករ ​និង​ថៅកែ​រោងចក្រ ដែល​កម្មករ​បាន​ចោទ​ថា​ថៅកែ​រោងចក្រ គាបសង្កត់​មក​លើ​កម្មករ និង​មិន​គោរព កិច្ចសន្យា ស្ដីពី​ច្បាប់​ការងារ។

លោក​អភិបាល​បាន​បញ្ជាក់​ថា​ កម្មករ​បាន​រំសាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បន្ទាប់ពី​លោក​បាន​ពន្យល់​ និង​ស្នើ​ឲ្យ​តំណាង​កម្មករ​លើក​យក​សំណូមពរ​ឲ្យ​ចំ ​ពិសេស​និយាយ​គ្នា​លើ​តុ។

តំណាង​កម្មករ​បាប​ប្រាប់​ឲ្យ​ដឹង​ថា ​មកដល់ពេលនេះ ការ​ទាមទារ​តវ៉ា របស់​កម្មករ សុំឲ្យ​​​សម្ដេច​ជួយ​អន្តរាគមន៍ គឺ​ទី​១​សុំ​ឲ្យ​​ ថៅកែ​រោងចក្រ ទទួលយក​កម្មករ ដែល​បាន​​បញ្ឈប់​កន្លងមក​ចូលធ្វើការ​វិញ និង​ទាមទារ​សុំ​កុំ​បញ្ឈប់​កម្មករ​ ពី​ការងារ​ដោយ​គ្មាន​មូលហេតុ ទី​២​សុំ​ទាមទារ​ប្រាក់​ថ្លៃ​បាយ​មួយថ្ងៃ​៣​ ពាន់​រៀល និង​ទី​៣ សុំ​ទាមទារ ​កុំ​ឲ្យ​ថៅកែ រោងចក្រ គាបសង្កត់​មកលើ​កម្ម​ករ ខុសច្បាប់​ស្ដីពី​សិទ្ធិ​ការងារ។

តំណាង​កម្មករ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់ពី​ក្រុម​កម្មករ បាន​ឈរ លើក​បដា នៅ​ខាង​មុខ​ភូមិគ្រឹះ រយៈពេល​ជាង​២​ម៉ោង ​ ខាង​តំណាង​ខុទ្ទកាល័យ សម្ដេច បាន​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ យក​ញត្តិ​ទៅ និង​បាន​សន្យា ថា​នឹង​យក​ញត្តិ​ទាមទារ​របស់​កម្មករ ស្នើ​​សុំ​អន្តរាគមន៍​ នេះ​ទៅ​រាយការណ៍​ជូន​សម្ដេច និង​រាយ​ការណ៍​ជូន​មន្ត្រី​រាជរដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ​ជូន​កម្មករ​។​

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​១៨ ខែ​មីនា កម្មករ​រោងចក្រ​នេះ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​លើ​ផ្លូវជាតិ ដោយ​លើក​បដា ទាមទារ​សិទ្ធិ​ការងារ​របស់​ខ្លួន និង​បាន​នាំគ្នា​លើក​មែក​ឈើ ដាក់​​ទទឹង​ផ្លូវ ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​២ នៅខាងមុខ​រោងចក្រ ស្ថិតនៅ​ភូមិ​ប​ត្តា​ជី ១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ អស់​រយៈពេល​ជាង​៤​ម៉ោង ​ធ្វើ​ឲ្យ​កំណាត់​ផ្លូវជាតិ លេខ​២ ត្រូវបាន​បិទ​ ចរាចរណ៍ ស្ទើរ​ទាំងស្រុង ​ដោយ​ រថយន្ត​ធំៗ ចត ត្រៀបត្រា នៅលើ​ផ្លូវ ជាតិ​​ចម្ងាយ​រាប់ពាន់​ម៉ែត្រ។ ចំណែក​រថយន្ត ធុន​តូច និង ទោចក្រយានយន្ត យានយន្ត ត្រូវ​ចរាចរណ៍ តាមផ្លូវ វាង​។​

ការផ្ទុះ​បាតុកម្ម​បិទផ្លូវ​ជាតិ​នេះ គឺ បន្ទាប់ពី​ក្រុម​កម្មករ ធ្វើការ​តវ៉ា លក្ខខណ្ឌ​ការងារ នៅខាងមុខ រោងចក្រ និង​រក​អន្តរាគមន៍ ពី​អាជ្ញាធរ មិន​ទទួល​បាន​ជោគជ័យ នា​ពេល​កន្លងមក។

តំណាង​កម្មករ​បាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​កម្មករ ធ្វើបាតុកម្ម​នេះ​ ក្នុង​គោលបំណង ឲ្យ​ថៅកែ​រោងចក្រ គោរព​លក្ខខណ្ឌ​ការងារ ១៤ ចំណុច ក្នុងនោះ​មាន​៤​ចំណុច​សំខាន់ៗ ដែល​ថៅកែ​រោងចក្រ​បាន​ធ្វើ​បាប​កម្មករ ​រំលោភ​លើ​ច្បាប់​ស្ដីពី​ការងារ​។ ពិសេស​នោះ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួលយក​កម្មករ​ប្រមាណ​២០០​នាក់ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ គ្មាន​មូលហេតុ ជា​បន្តបន្ទាប់​កាលពីពេល​ថ្មីៗ​នេះ​។ កម្មករ​ស្នើ​សុំ ដល់​ក្រសួង មន្ទីរ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌​ស្របតាម​ច្បាប់​ស្ដីពី​ការងារ ដល់​កម្មករ ទាំងអស់គ្នា​ផង។ នៅវេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ​ដដែល គេ​ឃើញ វត្តមាន លោក អភិបាលក្រុង តាខ្មៅ បានចុះទៅ​ធ្វើការ សម្របសម្រួល និង​ពន្យល់​ណែនាំ ដល់​កម្មករ​ឲ្យ បើកផ្លូវ​ជាតិ​វិញ ប្រយោជន៍​កុំឲ្យ​ ប៉ះពាល់ ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់ សាធារណៈ​និង​ស្នើ​ឲ្យ​​កម្មករ ធ្វើការ ដោះស្រាយ ជាមួយ ថៅកែ​រោង ចក្រ នៅ​លើ​តុ​វិញ​ ប្រសើរ​ជាង ធ្វើបាតុកម្ម បិទ​ផ្លូវ​បែបនេះ ​ ដោយ​លោក​បាន​សន្យា​ជាមួយ​ក្រុម​កម្មករ​ថា​លោក​នឹង​ឈរ​នៅ​ខាង​កម្មករ ជានិច្ច​ក្នុង​ការរក​ដំណោះស្រាយ ដោយ​យុត្តិធម៌​តាមច្បាប់​ស្ដីពី​ការងារ៕