ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ រង​បណ្ដឹង​ព្រហ្មទណ្ឌ​ចូល​តុលាការ

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ រង​បណ្ដឹង​ព្រហ្មទណ្ឌ​ចូល​តុលាការ



ភ្នំពេញ ​៖​ មន្ត្រី​តុលាការ​ថ្លែង​ថា លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​​ត្រូវ​បាន​លោក គង់ សុភ័ក្ដ្រ មេធាវី​តំណាង​រោងចក្រ សៅ​លែ​ន កាលពី​ថ្ងៃ​ទី​២៩ ខែ​​កុម្ភៈ​ ឆ្នាំ​២០១៦ កន្លងទៅ ប្តឹង​ពី​បទ​ក្លែង​លិខិត ​និង​ផ្តល់​ព័ត៌មាន​មិន​ពិត ​តាម​រូបភាព​ផ្លាស់ប្តូរ​សមាសភាព​សមាជិក​សហជីព ប្រចាំ​រោងចក្រ​មិន​ត្រឹមត្រូវ​តាមច្បាប់​ការងារ និង ខុស​បច្ចេកទេស​រដ្ឋបាល។

យោងតាម​ពាក្យ​បណ្តឹង​នេះ លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​អញ្ជើញ​លោក គង់ សុភ័ក្ត្រ មេធាវី​តំណាង​រោងចក្រ​សៅ​លែ​ន មក​បំភ្លឺ​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦។ ក្នុងការ​បំភ្លឺ​នេះ លោក​មេធាវី បាន​រក្សា​ពាក្យ​បណ្តឹង​ដដែល ពោល​គឺ​សុំ​ឲ្យ​តុលាការ ផ្ដន្ទាទោស​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ តាមច្បាប់។

ដោយឡែក នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ តុលាការ​បានចេញ​ដីកា​កោះហៅ​លោក ប៉ាវ ស៊ីណា ឲ្យ​ចូល​មក​តុលាការ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ដែល​ត្រូវ​ចោទប្រកាន់​តាម​ពាក្យបណ្តឹង​នេះ។ ប៉ុន្តែ តាម​ប្រភព​មួយ​បាន​អះអាង ថា លោក ប៉ាវ ស៊ីណា បានដាក់​ពាក្យសុំ​ពន្យារ ដោយ​សំអាង ថា ដីកាកោះ​នេះ មាន​ភាព​ប្រញាប់​ពេក ដែល​ធ្វើ​ឲ្យ​លោក​ត្រៀមខ្លួន​មិនទាន់។

ក្នុង​ពាក្យបណ្តឹង​នេះ បាន​បញ្ជាក់ថា សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ប្រជុំ​បោះឆ្នោត ជ្រើសរើស​តំណាង​របស់ខ្លួន​ប្រចាំ​រោងចក្រ សៅ​លែ​ន នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ភ្ជាប់​ឈ្មោះ​ត្រឹមត្រូវ រាយការណ៍​មក​ប្រធាន​រោងចក្រ​។ ប៉ុន្តែ​ពេលដែល​លោក ប៉ាវ ស៊ីណា ធ្វើលិខិត ជូនដំណឹង​ទៅ​ប្រធាន​រោងចក្រ និង ក្រសួង​ការងារ​បែរជា មាន​សមាសភាព​ផ្សេង​ទៅវិញ ។ ហើយ​ជាងនេះទៀត ពោះ​លិខិត​ជូនដំណឹង​នេះ​ទៀត​សោត​ គឺ មាន​ភាព​មិនត្រឹមត្រូវតាម​បែប​ប​ទរដ្ឋបាល​ទេ ដែលភាគីរោងចក្រសង្ស័យថា ជាលិខិតក្លែង៕