អាជ្ញាធរ​អប្សរា​ប្រាប់​ហេតុផល​ខ្លះ​ដែល​មិនអាច​បន្ថែមចំនួន​ទេសចរ​នៅលើ​ភ្នំ​បាខែង​

​សៀមរាប​៖ ប្រាសាទភ្នំបាខែង គឺជា​កន្លែង​មើល​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។ ភ្នំ​បាខែង មាន​កម្ពស់​ប្រមាណ​១០០​ម៉ែត្រ​។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​តែង​ឡើង​ភ្នំ​នេះ ដើម្បី​គយគន់​ថ្ងៃ​លិច​ពីលើ​កំពូល​ប្រាសាទ ដែល​សង់​នៅលើ​កំពូលភ្នំ​។ ភ្ញៀវទេសចរ ក៏​អាច​មើលឃើញ​តំបន់​អង្គរ​ពី​កំពូលភ្នំ​ដ៏​ស្រស់ស្អាត​ផងដែរ​។

​ដើម្បី​ការពារ​ប្រាសាទ​ដែលមាន​សភាព​ចាស់ ក៏ដូចជា​ការការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ស្ថាប័ន​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ បានកំណត់​ចំនួន​ភ្ញៀវទេសចរ ឡើង​ទៅលើ​ភ្នំ​បាខែង​។ ចំនួន​ត្រូវ​បានកំណត់​ត្រឹម​៣០០​នាក់ និង​អាច​ឡើង​ចុះ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ភ្ញៀវទេសចរ​។

​កន្លងមក​ធ្លាប់មាន​សំណួរ​ជាច្រើន សួរ​អំពី​លទ្ធភាព​បង្កើន​ចំនួន​ភ្ញៀវ​ឡើង​ប្រាសាទភ្នំបាខែង​លើសពី​៣០០​នាក់​។ ដើម្បី​ពន្យល់​ពី​មូល​ហេតុដែល​អាជ្ញាធរ​មិនអាច​បង្កើន​បរិមាណ​ភ្ញៀវទេសចរ​នៅលើ​ភ្នំ​បាខែង​នោះ អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ហេតុផល​៧​ចំណុច ដើម្បី​ពន្យល់​ប្រាប់​សាធារណជន​។

​ហេតុផល​ទីមួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ “​អភិរក្ស​ដើម្បី​អភិវឌ្ឍ អភិវឌ្ឍ​ដើម្បី​អភិរក្ស​” ជាគោលការណ៍​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​ក្នុងការ​គ្រប់គ្រង​និង​ថែរក្សា​តំបន់​អង្គរ ដើម្បី​រៀបចំ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឲ្យ​មាន​ចីរភាព​ក្នុងន័យ​រក្សា​គុណ​តម្លៃ​ដែល​មិនអាច​ជំនួស​បាន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។ បេសកកម្ម​ដ៏​ចំបង​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ចាំបាច់​រក្សា​ដែល​ប្រៀប​បានជា មេមាន់​ពង​មាស​។ ទី​ពីរ ការកំណត់​ចំនួន​ភ្ញៀវ ធ្វើឡើង​ដោយ​ភាគី​អប្សរា និង​អង្គការ WMF ដែល​កំពុង​ជួសជុល​ប្រាសាទ​បាខែង​។ ព្រោះ​អ្នកជំនាញ​បាន​សិក្សា និង​បានប្រកាស​ពី​ហានិភ័យ​របស់​ភ្នំ​បាខែង​។ ភ្ញៀវទេសចរ នឹង​អាចមាន​គ្រោះថ្នាក់​ជាយថាហេតុ រួម​និង​ប្រាសាទ​ផងដែរ បើសិន​មិន​គោរព​ការ​គោលការណ៍​របស់​អា​ជ្ញា​ធរ​។​

​ហេតុផល​ទី​បី វា​ជាការ​ធម្មតា​សម្រាប់​តំបន់​ទេសចរណ៍ មិន​ថា​នៅ​កម្ពុជា​។ អាជ្ញាធរ​អប្សរា បាន​លើកយក​ករណី​នៅ​តំបន់​ទេសចរណ៍​មួយ​នៅ​ក្រុងប៉ារីស គឺ​ភ្ញៀវទេសចរ​ត្រូវ​រង់ចាំ​រហូតដល់​៣​ម៉ោង​ក៏មាន ដើម្បី​ចូល​ទស្សនា​វាំង​នៅ​ទីក្រុង​ប៉ារីស​។ ហើយ​ករណី​នៅ​ភ្នំ​បាខែង គឺ​ដូចគ្នា​។ ទី​បួន តំបន់​អង្គរ​មាន​កន្លែង​មើល​ថ្ងៃ​លិច​ផ្សេងទៀត​មាននៅ​ប្រាសាទប្រែរូប ភ្នំ​ក្រោម ទន្លេសាប​ជាដើម​។ ដូច្នេះ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ និង​មគ្គុទ្ទេសក៍ គួររៀបចំ​ឲ្យ​ភ្ញៀវទេសចរ​ទៅ​តំបន់​ទាំងនោះ ដើម្បី​កុំ​ឲ្យ​មានការ​រង់ចាំ​យូរ​។​

​ចំណុច​ទី​ប្រាំ​អាជ្ញាធរ​អប្សរា បញ្ជាក់​ពី​ហានិភ័យ​សារជាថ្មី​ទៅលើ​ប្រាសាទ ប្រសិនបើ​មានការ​បង្កើន​ចំនួន​អ្នក​ឡើង​ទស្សនា ហើយ​វា​ក៏​មិនអាច​បញ្ជៀ​សបាន​ពី​ការតម្រង់​ជួរ​រង់ចាំ​នោះដែរ ព្រោះថា​ចំនួន​ទេសចរ​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ទី​ប្រាំមួយ អាជ្ញាធរ​កំពុង​ពិនិត្យ​ពី​ជំហាន​បន្ទាប់ នឹង​ឈានដល់​ប្រព័ន្ធ​កក់​ទុកជាមុន និង​ទី​ប្រាំពីរ  ដោយ​យល់ច្បាស់​ពី​តម្រូវការ​ទីតាំង​ទស្សនា​ថ្ងៃ​លិច​របស់​ភ្ញៀវទេសចរ និង​ដើម្បី​កាត់បន្ថយ​សម្ពាធ​នៅ​ប្រាសាទភ្នំបាខែង អាជ្ញាធរ​ជាតិ​អប្សរា​បាន​សិក្សា​ពី​ផែនការ​រៀបចំ​បរិក្ខារ​ទេសចរណ៍​ចាំបាច់​មួយចំនួន​សម្រាប់​បម្រើ​ដល់​ការ​ទស្សនា​ថ្ងៃ​លិច​នៅ​ប្រាសាទភ្នំបូក​ផងដែរ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​