បំបែក​កំណត់ត្រា​ពិភពលោក​ដោយ​មើល​ទូរទស្សន៍​៩២​ម៉ោង​ជាប់​គ្នា​

​អង្គុយ​មើល​ទូរទស្សន៍​រយៈពេល​ជិត​៤​ថ្ងៃ​ជាប់​គ្នា​។ វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច ប៉ុន្តែ​ទង្វើ​នេះ បាន​នាំ​ឲ្យ​យុវជន​ជាតិ​ជាតិ​អូទ្រីស​៥​រូប មានឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក (Guinness World Records)​។

​នា​កម្មវិធី​មួយ​ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស ក្រុមយុវជន​៥​នាក់​ដែល​ជ្រើសរើស​ចេញពី​បេក្ខជន​ប្រមាណ​៤០០​នាក់ ត្រូវបាន​តម្រូវ​ឲ្យ​អង្គុយ​មើល​ទូរទស្សន៍​ក្នុង​រយៈពេល​ដ៏​យូរ​តាម​ដែល​អាចធ្វើ​ទៅបាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​យុវជន​៥​នាក់ ធ្វើបាន​សម្រេច​ប្រកបដោយ​ជោគជ័យ​តាមរយៈ​ការចំណាយ​ពេល​៩២​ម៉ោង​នៅមុខ​កញ្ចក់​ទូរទស្សន៍​។ «​ពិតជា​លំបាក​ខ្លាំងណាស់​សម្រាប់​ពួកគាត់​»​។ នេះ​ជាការ​អះអាង​របស់​អ្នករៀបចំ​កម្មវិធី លោក Moritz Arnold បន្ទាប់ពី​អបអរសាទរ​ដល់​ជ័យលាភី​ទាំង​៥​រូប​ដែល​ទទួលបាន​លិខិតបញ្ជាក់​ពី​សៀវភៅ​កំណត់ត្រា​ពិភពលោក​។​

​បេក្ខជន​ទាំង​៥​នាក់​ដែលមាន​អាយុ​ពី​១៩​ឆ្នាំ ដល់​២៤​ឆ្នាំ អាចមាន​សិទ្ធិ​សម្រាក​តែ​៥​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង ដោយ​ពួកគេ​មាន​សិទ្ធិ​ចូល​បន្ទប់ទឹក និង​ងូតទឹក​ផងដែរ​។ នាពេល​ទស្សនា ពួកគេ​ក៏​អាច​ញ៉ាំ​អាហារ ផឹក​កាហ្វេ និង​ភេសជ្ជៈ​ផ្សេង​ផងដែរ​។ ជាមួយគ្នានេះ ពួកគេ​បានជ្រើសរើស​កម្មវិធី​ទស្សនា​តាម​ការពេញចិត្ត​។​

​នេះ​ជាការ​បំបែក​កំណត់ត្រា​ចាស់​ដោយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ មាន​មនុស្ស​មួយក្រុម​នៅ​ទីក្រុង Toronto ប្រទេស​កាណាដា បាននាំគ្នា​ទស្សនា​រយៈពេល​៩១​ម៉ោង​។ កន្លងមក ក៏មាន​អ្នកកាសែត​ម្នាក់​ធ្លាប់បាន​រាយការណ៍​តាម​ទូរទស្សន៍ NRJ 12 ក្នុង​រយៈពេល​៧២​ម៉ោង​ពេញ​ផងដែរ​៕

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​