រថយន្ត​បា​ឡែ​ន​ព្រលះ​គូថ​ហុងដា​ឌ្រី​មលាន់​ដូច​រន្ទះ

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​បង្ក​ឡើង​ដោយ​រថយន្ត​កាម​រី​បា​ឡែ​ន​បើកបរ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពីក្រោយ​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួម​ជាមួយ​ឪពុកមា​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ដូច​គ្នា​។ ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​អាក្រក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៦/១៣៧ ខាង​មុខ​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ ស្ថិត​នៅ​ភូមិ​ប្រសូតិ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ ពេ​ជ រ​ត្ន័ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ចំបក់​ធំ ឃុំ​មេសរ​ថ្ង​ក ស្រុក​ច​ន្ទ្រា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ 1H-1526 ឌុ​ប​ស្ត្រី​ម្នាក់​ជា​ក្មួយ​ឈ្មោះ ម៉ៅ បុប្ផា អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ ទាប​មក​ចេញពីផ្ទះ​ការ​បងប្អូន​ទៅ​ចូល​បុណ្យ​អ្នក​ភូមិ​ជា​សាច់ញាតិ​ដែរ រួច​ម្ចាស់​ដើមបុណ្យ​រក​ឲ្យ​ទៅ​ទិញ​ទឹកកក​មក​ទទួលភ្ញៀវ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ពូ និង​ក្មួយ​ពី​ទិស​ខាង​លិចទៅ​កើត​ ។

ពេលនោះស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AH-0737 បើកបរ​ដោយ​ឈ្មោះ អ៊ឹម ច​ន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បើក​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត បើកបរ​ពី​ខាង​លិចទៅ​កើត​ស្រប​ទិស​គ្នា​មាន​ល្បឿន​យ៉ាង​លឿន​ក៏​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​បែកក្បាល​របួស​ដាច់​ដងខ្លួន​ដៃជើង​សន្លប់​នៅ​នឹង​កន្លែង រីឯ​ស្ត្រី​រួម​ដំណើរ​ឈ្មោះ ម៉ៅ បុប្ផា ត្រូវ​រថយន្ត​បុក​អូស​ចម្ងាយ​ជាង​១០​ម៉ែត្រ ហើយ​កិន​ពីលើ​ដងខ្លួន​របួសធ្ងន់​បែកក្បាល​ផុង​លលាដ៍ និង​ដាច់​ជើង​ទាំង​សងខាង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​រន្ធត់​។

ក្រោយ​ពី​គ្រោះថ្នាក់​ភ្លាម​ៗ​ជន​បង្ក​បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​រថយន្ត និង​ឯកសារ​នៅ​ក្នុង​រថយន្ត ចំពោះ​ជន​រង​គ្រោះ​ឈ្មោះ ពេ​ជ រ​ត្ន័ ត្រូវ​សាច់ញាតិ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ រីឯ​ស្ត្រី​រង​គ្រោះ​បាន​បាត់បង់​ជីវិត ហើយ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប ដើម្បី​កសាង​សំណុំរឿង​រួច​បញ្ជូន​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​។ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច គឺ​មូលហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​៕