ប្រើ​ល្បិច​ធ្វើ​ជា​ខូច​រថយន្ត​ខ្ចី​ម៉ូតូ​ជិះ​គេចខ្លួន​បាត់

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្រែក​ទ្រហោយំ រហូត​លែង​ខ្មាស​អៀន​អ្នក​ដ​ទៃ បន្ទាប់​ពី​ដឹង​ថា​បាន​ចាញ់ល្បិច​ជនខិលខូច​ម្នាក់​អស់​ម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦ នៅ​ក្នុង​បុរី​ញូ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​មានឈ្មោះ ឡឹ​ង វាសនា អាយុ​២៨​ឆ្នាំ ជា​ជាងសំណង់ ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ល្វា ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រីឯ​ម៉ូតូ​ដែល​បាត់​​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FG-0665​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ទៅ​ទទួល​ប្រពន្ធ​ដែល​ចេញពី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​។ លុះ​ពេល​ដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ជួបនឹង​ជនសង្ស័យ​ម្នាក់​នោះ កំពុង​នៅ​ក្បែរ​រថយន្ត​មួយ​គ្រឿង ហើយ​ជន​នោះ​បាន​ស្ទាក់​ឲ្យ​ឈប់ និង​បាន​ប្រើ​ល្បិច​ថា​រថយន្ត​របស់​ខ្លួន​ខូច​។ បន្ទាប់​មក​បាន​ឲ្យ​បុរស​រង​គ្រោះ​ជូន​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​បុរី​ញូ​ថោ​ន​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ដែល​ជន​រង​គ្រោះ​បាន​យល់ព្រម​ឌុ​ប ដោយ​មិនដឹង​ថា​ជន​នោះ​មានគំនិត​ខិល​ខូច​នោះ​ឡើយ លុះ​ពេល​ឌុ​ប​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ឲ្យ​ជន​រង​គ្រោះ​ឈប់​នៅ​មុខ​ផ្ទះល្វែង​មួយ និង​បាន​ប្រាប់​ថា​នេះ​គឺជា​ផ្ទះ​របស់​ខ្លួន​ហើយ​។ បន្ទាប់​ពី​ឃើញ​ជន​រង​គ្រោះ​ជឿជាក់ និង​ទុកចិត្ត​ហើយ ជន​កំហូច​បាន​ខ្ចី​ម៉ូតូ​ជិះ​ដោយ​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ចាំ​នៅផ្ទះ​នេះ​សិន ព្រោះ​មានការ​បន្តិច ហើយ​ជន​រង​គ្រោះ​បាន​ឲ្យ​ខ្ចី​ម៉ូតូ​ជិះ​ដោយ​គ្មាន​ការ​សង្ស័យ​អ្វី​ឡើយ ព្រោះ​យល់​ថា​ទីនោះ​គឺជា​ផ្ទះ​របស់​ជន​នោះ​ហើយ មិន​នឹក​ស្មានថា​ជា​រឿង​ចាញ់បោក​គេ​នោះ​ទេ​។

ចំណែក​ជនសង្ស័យ ក្រោយ​ពេល​បាន​ម៉ូតូ​ដល់​ដែ​ហើយ ក៏​បាន​ជិះ​យ៉ាង​លឿន​គេចខ្លួន​ទៅ​បាត់​ស្រមោល រីឯ​បុរស​រង​គ្រោះ​ក្រោយ​ចាំ​បាត់​ៗ ដឹង​ថា​ចាញ់បោក​ជនខិលខូច​ហើយ ឈឺចិត្ត​ផង ស្ដាយ​ម៉ូតូ​ផង និង​ខ្លាច​ប្រពន្ធ​ស្ដីបន្ទោស​ផង ក៏​បាន​ស្រែក​ទ្រហោយំ បន្ទាប់​មក​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ស្វែងរក​ជន​កំហូច​ម្នាក់​នោះ​៕