ក្រុមហ៊ុន​ចិន ១៣ ចុះហត្ថលេខា​អភិវឌ្ឍ​តំបន់ឆ្នេរ​មាស ​ឆ្នេរ​ប្រាក់ ​ឲ្យ​កា្ល​យ​ជា​តំបន់​ ទេសចរណ៍​ពិភពលោក

ក្រុមហ៊ុន​ចិន​ចំនួន១៣មាន​ជំនាញផ្សេងៗគ្នា​បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ស្តីអំពី​ការវិនិយោគ​តំបន់​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរ​ឆ្នេរ​មាសប្រាក់​កាលពី​ថ្ងៃ​សុក្រ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល។

 

កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​ធ្វើឱ្យ​តំបន់ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ដែលមាន​ទំហំ​ជាង ៣០០០ ហិកតា ​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​ប្រែក្លាយ​ទៅជា​តំបន់​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ពិភពលោក។ តំបន់​នេះ​នឹងមាន ខុន​ដូ សណ្ឋាគារ សេវាកម្ម​ហូបចុក ស្នាក់នៅ ដើរ​កម្សាន្ត​ទេសចរណ៍ ទិញ​អីវ៉ាន់ ទីលាន​វាយ​កូន​ហ្គោល​និង​ល្បែង​កម្សាន្ត​ជាច្រើន។

 

ក្រុមហ៊ុន​ចិន ១៣ ចុះហត្ថលេខា​អភិវឌ្ឍ​តំបន់ឆ្នេរ​មាស ​ឆ្នេរ​ប្រាក់ ​ឲ្យ​កា្ល​យ​ជា​តំបន់​ ទេសចរណ៍​ពិភពលោក

 

 

លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, ​លោកស្រី ពូ ចៀន​គួ (Bu JianGuo) ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន, ព្រមទាំង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​និង​វិនិយោគិន​ចិន​ជាច្រើនរូប​បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ។

 

លោក ពូ ស៊ាន​ជី​ង នាយក​ក្រុមហ៊ុន Yi Jia ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Gong Fa គ្រុប​អន្តរជាតិ​បាន​ថ្លែងឱ្យដឹងថា នៅ​ឆ្នាំ ២០១០ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជួល​ដី​ទំហំ ៣៣០០ហិកតា​ស្ថិតនៅ​តំបន់ ឆ្នេរ​ឧទ្យាន​ជាតិ​រាម​នៃ​ខេត្ត​ព្រះសីហនុ​ឱ្យទៅ​ក្រុមហ៊ុន​របស់​លោក​ប្រើប្រាស់​ក្នុង​រយៈពេល៩៩ឆ្នាំ ដើម្បី​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា។

 

លោក​បាន​បន្តថា នៅ​តំបន់​នោះ​រួមមាន ខុន​ដូ សេវា​ហូបចុក ស្នាក់នៅ ដើរ​កម្សាន្ត ទេសចរ ទិញ​អីវ៉ាន់ និង​ល្បែង​កម្សាន្ត។ ឆ្នេរ មាសប្រាក់​មាន​ប្រវែង២៨គីឡូម៉ែត្រ រួមមាន តំបន់​ជម្រាល ដី​សើម ទន្លេ សមុទ្រ និង ឆ្នេរ ខ្សាច់​ដ៏​ស្រស់ត្រកាល និង​គ្របដណ្តប់ ដោយ​ព្រៃ​ទឹកភ្លៀង ៩៥ភាគរយ​ដែលជា របា​អុកស៊ីហ្សែន​ធម្មជាតិ​ នៃ​ឈូង​សមុទ្រ​ភាគខាងត្បូង​ប្រទេស​កម្ពុជា ។ ពី​ប្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​ទៅ​ឆ្នេរ​មាសប្រាក់​មាន​ចម្ងាយ ៧.៣ គ.ម និង​ពី​ទីប្រជុំជន​ក្រុងព្រះសីហនុ​ទៅ​ឆ្នេរ​មាសប្រាក់​មាន​ចម្ងាយ ១៨ គ.ម។បើ​ធ្វើដំណើរ​តាម​ជើង យន្តហោះ​ពី​បាងកក​មក​ប្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ព្រះ-សីហនុ​មាន រយៈពេល ៤៥នាទី ពី​សិង្ហ​បុរី មាន​រយៈពេល១ម៉ោង ពី​ក្វាង​ចូ​វ-ហុងកុង ជាង២ម៉ោង និង​ពី​ប៉េកាំង​ជាង៤ម៉ោង។

 

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា«គម្រោង អភិវឌ្ឍន៍​នេះ ជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ (One Belt One Road)ដែលជា​គំនិត​ផ្ដួចផ្ដើម​នៃ​ក្របខ័ណ្ឌ​នយោបាយ​ឈ្នះ ឈ្នះ របស់​រាជរដ្ឋាភិបាល​ចិន ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ទេសចរណ៍​ពហុ​ជាតិ​នៅ​តាម​បណ្ដោយ​វិថី​សូត្រ (Silk Road) ផងដែរ។ យើង​សង្ឃឹមថា​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នឹង​ទទួលជោគជ័យ​ក្លាយទៅជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ទេសចរ​ជាតិ​និង​អន្តរជាតិ ពិសេស​ទេសចរ​ចិន​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ»។

 

ក្នុង​ន័យ​នេះ​ដើម្បី​ធានា​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​និរន្ត​ភាព និង​ការទទួលខុសត្រូវ​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ក្នុងនាម​ក្រសួងទេសចរណ៍​សូម​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​និង​ដៃគូ​ក្នុង​គម្រោង​នេះ៖

 

ទី១៖ មានការ​យកចិត្តទុកដាក់​ខ្ពស់​និង​កំណត់​ទិសដៅ​របស់​ខ្លួន​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​បៃតង​ដែល​ជា​គំរូ​នៃ​ការអភិវឌ្ឍ​គិតគូរ​ដល់​ការអភិរក្ស ថែរក្សា​សម្បត្តិ​វប្បធម៌ ធនធាន ធម្មជាតិ និង​បរិស្ថាន​តំបន់ឆ្នេរ​ដែល​ទាំងនេះ​ទាមទារ​ឲ្យ​មានការ​ដាក់ចេញ​នូវ​ផែនការ​ជា​យុទ្ធសាស្ត្រ​អនុវត្ត​គម្រោង​វិនិយោគ​ច្បាស់លាស់ មាន​ភាពប្រាកដប្រជា​ក្នុងការ​គ្រប់គ្រង ពិសេស​ត្រូវ​ផ្តល់​អាទិភាព​ដល់​ការ ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​ធានាបាន​នូវ​ការការពា​បរិស្ថាន  សោភ័ណភាព ទស្សនីយភាព​ធម្មជាតិ​នៃ​តំបន់​វិនិយោគ​នេះ។  ពោលគឺ​ត្រូវធ្វើ​យ៉ាងណា​គោរព​ឲ្យ​បាន​នូវ​គោលការណ៍«ការអភិវឌ្ឍ​បម្រើ​ឲ្យ​ការអភិរក្ស  រឺ​ឯ​ការអភិរក្ស​បម្រើ​ឲ្យ​ការអភិវឌ្ឍ» សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​បច្ចុប្បន្ន និង​កូនចៅ​ជំនាន់​ក្រោយ។

 

ទី២ ៖យកចិត្តទុកដាក់​ក្នុងការ​រួមចំណែក​សមា​ហ​រណកម្ម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទៅក្នុង​ការអភិវឌ្ឍ​ទេសចរណ៍​ច្រក​ល្បៀ​ង​ខាងត្បូង (Southemcoridor Tourism Development)។ ជាក់ស្តែង​ឆ្នាំ២០១៥ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ដែល​មក​ទស្សនា​កម្ពុជា​ប្រមាណ​ជាង៤,៧៨លាន​នាក់(ក្នុង​កំណើន៦១ភាគរយ) គឺមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ៦៥ម៉ឺន​នាក់ ដែល​បានមក​ទស្សនា​តំបន់​ឆ្នេរ​ជាមួយ នឹង​ភ្ញៀវទេសចរ​ជាតិប្រមាណ​ជាង២លាន​នាក់។ តាម​ការ​រ​ព្យា​រក​នៅ​ឆ្នាំ ២០២០ កម្ពុជា​គ្រោង​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ​ជាង៧លាន​នាក់ ក្នុងនោះ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​អាច​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ២លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ៤លាន​នាក់។

 

ជាមួយ​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ភ្ញៀវទេសចរ​ជាតិ  និង​អន្តរជាតិ​មកកាន់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា គឺ​អាស្រ័យ​ដោយ​ភាព​ទោល​នៃ​សក្តានុពល​ទេសចរណ៍​តំបន់ឆ្នេរ ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ប្រព័ន្ធ អេកូឡូស៊ី​ជីវៈចម្រុះ​ដ៏​សម្បូរបែប​នានា​ទាំង
ក្នុង​សមុទ្រ និង​លើគោក ពិសេស​នៅក្រោយ​ពេលដែល​ឆ្នេរសមុទ្រ​កម្ពុជា«តារា​រះ​នា​ទិសនិរតី»ត្រូវបាន​ដាក់បញ្ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក និង មានការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ជា​រៀងរាល់ឆ្នាំ​នៅតាម​បណ្តា​ខេត្ត​ទាំង៤នៃ​តំបន់ឆ្នេរ។

 

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​លើកឡើងថា​ការចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​រវាង​ក្រុមហ៊ុន Yeejia Tourism Deveiopment និង​ដៃគូ​អភិវឌ្ឍន៍​ដែលជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​នានា​នេះ គឺ​មិន​ត្រឹម​ជាការ​ឆ្លុះ​ប​ញ្ជាំ​ង​ថ្មី​មួយទៀត​នៃ​ការជឿទុកចិត្ត​នៃ​អ្នកវិនិយោគ​ចិន ចំពោះ​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​បង្ហាញ​នូវ​ការរីកចម្រើន​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​ខាង​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​របស់ ចិន​នៅ​កម្ពុជា ដែល​ទាំងនេះ​អាច​សម្រេច​ទៅបាន​ដោយសារ​ទំនាក់ទំនង​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន។សម្រាប់​កម្ពុជា​ក៏ដូចជា​បណ្តារ​ប្រទេស​សមាជិក​អាស៊ាន និង​ក្នុង​តំបន់​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​ទីផ្សារ​ទេសចរណ៍​ចិន។ យោងតាម​អង្គការ​ទេសចរណ៍​ពិភព- លោក បានឱ្យដឹងថា​ចិន គឺជា​ទីផ្សារ​ទេសចរណ៍​មួយ​ដ៏​ធំ​និង​ទាក់ទាញ​លើ​សកលលោក​ជាមួយនឹង​ការចំណាយ​ប្រមាណ២៦០ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈពេលដែល​អាស៊ាន​ទទួល​ទេសចរ​ចិន​ប្រមាណ​ជាង១៣លាន​នាក់​ក្នុងនោះ​ប្រទេស​ថៃ  ម៉ាឡេស៊ី សិង្ហ​បុរី​ទទួលបាន​ទេសចរ​ចិន​យ៉ាងច្រើន​រីឯ​កម្ពុជា​ទើបនឹង​ទទួលបាន​ទេសចរ​ចិន​ប្រមាណ៧០ម៉ឺន​នាក់​ប៉ុណ្ណោះ។

 

លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​ថ្លែងថា លោក​មាន​សុទិដ្ឋិនិយម​ថា ការវិនិយោគ​នៅ​តំបន់​អភិវឌ្ឍន៍​វិស្សមកាល​ទេសចរណ៍​ឆ្នេរ​មាស ឆ្នេរ​ប្រាក់​កម្ពុជា​គឺ​ពិតជា​នឹង​រួម​ចំ​ណែ​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌​និង​បរិស្ថាន​នៅ
តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​រយៈពេល៣-៥ ឆ្នាំទៅ មុខ​ទៀត ការអភិវឌ្ឍ​តំបន់ រមណីយដ្ឋាន ទេសចរណ៍​ឆ្នេរ​មាសប្រាក់​កម្ពុជា​នឹង​ក្លាយ ជាទី​ក្រុង​តូច​មួយ​ដ៏​ល្អ​ប្រណីត​ផុស​ឡើង​នៅ​កណ្តាល​ព្រៃ​ធម្មជាតិ​នៃ​តំបន់ឆ្នេរ​ព្រះសីហនុ ហើយនឹង​ក្លាយទៅជា​ឋានសួគ៌​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​មកពី​គ្រប់
តំបន់​នៃ​ពិភពលោក​ទាំងមូល។

 

លោកស្រី ជូ ជៀន​គ័​រ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​តាមរយៈ​គម្រោង​អភិវឌ្ឍ​ឆ្នេរ​មាស ឆ្នេរ​ប្រាក់ ចំនួន​ទេសចរ​ចិន​មក​ទស្សនា​ប្រទេស​កម្ពុជា​នឹង​កើនឡើង។ ឆ្នាំ២០១៤ទេសចរ​ចិន​មក​កម្ពុ​ជាជាង៥៦ម៉ឺន​នាក់ ឆ្នាំ២០១៥ មាន ៧០ម៉ឺន​នាក់ ហើយ​រំពឹងថា ឆ្នាំ២០២០នឹង កើន​ដល់២លាន​នាក់៕

 

ប្រភព៖ Kherdaily