សង្គម​ស៊ីវិល​សម្ដែង​ក្ដី​កង្វល់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ

សង្គម​ស៊ីវិល​សម្ដែង​ក្ដី​កង្វល់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ស្រី​ ​រ៉ូណា​ ស្មីត (​Rhona Smith​) និង​លោក​ណៃ វង់ដា​ ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ​នៅ​ឯ​ការិយាល័យ​សិទ្ធិ​របស់​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិនា​ ឆ្នាំ​២០១៦។​ (រូប​ភាព​ផ្តល់​ដោយ​លោក​ ណៃ​ វង់ដា)

សង្គម​ស៊ីវិល​សម្ដែង​ក្ដី​កង្វល់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ស្រី​ ​រ៉ូណា​ ស្មីត (​Rhona Smith​) បាន​ជួប​ជាមួយ​តំណាង​សង្គម​ស៊ីវិល​នៅ​ឯ​ការិយាល័យ​សិទ្ធិ​របស់​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិនា​ ឆ្នាំ​២០១៦។​ (រូប​ភាព​ផ្តល់​ដោយ​លោក​ ណៃ​ វង់ដា)​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​បញ្ហា​ថ្មីៗ​មួយ​ចំនួន ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ​ទាក់ទិន​នឹង​ការ​រឹតត្បិត​សេរីភាព​របស់​សង្គម​ស៊ីវិល សិទ្ធិ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​និង​ការ​បោះឆ្នោត​ប្រកប​ដោយ​សន្តិវិធី​នា​ពេល​ខាង​មុខ។
ភ្នំពេញ—

អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ច័ន្ទ​នេះ បាន​សម្ដែង​ក្តី​បារម្ភ​របស់​ខ្លួន​ដល់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កម្ពុជា​គឺ​លោក​ស្រី ​រ៉ូណា​ ស្មីត (Rhona Smith) ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ពិសេស​រយៈពេល​១០ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ បាន​ឲ្យ​ VOA ​ដឹង​ថា​ ពួក​គេ​បាន​លើក​បញ្ហា​ថ្មីៗ​មួយ​ចំនួន ​ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ​ទាក់ទិន​នឹង​ការ​រឹតត្បិត​សេរីភាព​របស់​សង្គម​ស៊ីវិល សិទ្ធិ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​និង​ការ​បោះឆ្នោត​ប្រកប​ដោយ​សន្តិវិធី​នា​ពេល​ខាង​មុខ។

​លោក​ស្រី​ ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ឬ ​CCHR​បាន​ប្រាប់​ VOA ​អំពី​កិច្ច​ប្រជុំ​នេះ​ថា៖​«អ្វី​ដែល​ខាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ជួប​រួច​ហើយ​នេះ​ គឺ​យើង​បាន​លើក​ពី​បញ្ហា​ ពី​លំហ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ច្រើន។ យើង​មើល​អំពី​ស្ថានភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហើយ​ជា​ពិសេស គឺ​ផ្ដោត​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ ដែល​ថ្មីៗ​នេះ​ខាង​រដ្ឋាភិបាល​បាន​ចេញ​ច្បាប់​ជា​ច្រើន​ ដែល​មាន​លក្ខណៈ​កំហិត​ទៅ​លើ​សេរីភាព​មូលដ្ឋាន ។ យើង​ឃើញ​ថា​មានច្បាប់​អង្គការ​ ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​អី​ហ្នឹង​ ដែល​មាន​បម្រាម​ទៅ​ដល់​តួអង្គ​ ​អង្គការ​សង្គម​ស៊ីវិល​អី​ហ្នឹង​ដែល​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ហ្នឹង»។​

លោក​ស្រី​ឲ្យ​ដឹង​ផង​ដែរ​ថា​ អង្គការ​សង្គម​ស៊ីវិល​ក៏​សម្ដែង​ក្តី​បារម្ភ​ទាក់​ទិន​នឹង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​ និង​២០១៨​ខាង​មុខ​ ​និង​ការ​ចូលរួម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​កិច្ចអង្កេត​ការណ៍​នេះ​ផង​ដែរ។

​ជាមួយ​គ្នា​នោះ​ដែរ លោក​ ​ណៃ វង់ដា​ ​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិមនុស្ស​ Adhoc ដែល​បាន​ជួប​លោក​ស្រី​ រ៉ូណា​ ស្មីត ​នា​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ប្រាប់​ VOA ​ថា​ មន្ត្រី​សង្គម​ស៊ីវិល​ក៏​បាន​លើក​ពី​សិទ្ធិ​បញ្ចេញ​មតិ​ និង​ការ​ជួបជុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល ​ដែល​កំពុង​តែ​រង​ការ​គាបសង្កត់ ជា​ពិសេស​ការ​បើក​សិក្ខាសាលា​តាម​ថ្នាក់​មូលដ្ឋាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Adhoc​ ​នៅ​ខេត្ត​មួយ​ចំនួន​ រួម​ទាំង​ខេត្ត​ព្រះ​វិហារ​ មណ្ឌលគិរី​ និង​រតនគិរី​ជា​ដើម។​

​លោក​ ​ណៃ វង់ដា ​បន្ថែម​ថា៖ ​«យើង​មាន​ការ​សប្បាយចិត្ត​ដោយ​សារ​យើង​បាន​លើក​គ្រប់​ទិដ្ឋភាព​ទាំង​អស់​នៃ​បញ្ហា​ការ​រំលោភ​សិទ្ធិ​ ហើយ​នឹង​ការ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល ​យើង​បាន​ប្រាប់​ដល់​លោក​ស្រី​បាន​ជ្រាប​ ​ហើយ​លោក​ស្រី​បាន​ស្ដាប់​ និង​កត់ត្រា​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​សន្យា​ពាំនាំ​បញ្ហា​ទាំង​អស់​នេះ​ទៅ​ពិភាក្សាជាមួយ​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ឬ​ក៏​មាន​ការ​កែ​លម្អ​ ឬក៏​ឲ្យ​មាន​ការ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ​បាទ!»។​

ការ​មក​ដល់​របស់​លោក​ស្រី រ៉ូណា​ ស្មីត ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​នា​ថ្ងៃ​ច័ន្ទ​នេះ គឺ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០ថ្ងៃ ដើម្បី​វាយ​តម្លៃ​ការ​គោរព​សិទ្ធិ​ស្ត្រី​ និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។

សង្គម​ស៊ីវិល​សម្ដែង​ក្ដី​កង្វល់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ស្រី​ ​រ៉ូណា​ ស្មីត (​Rhona Smith​) បាន​ជួប​ជាមួយ​តំណាង​សង្គម​ស៊ីវិល​នៅ​ឯ​ការិយាល័យ​សិទ្ធិ​របស់​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិនា​ ឆ្នាំ​២០១៦។​ (រូប​ភាព​ផ្តល់​ដោយ​លោក​ ណៃ​ វង់ដា)

លោកស្រី​ក៏​នឹង​ផ្ដោត​លើ​ក្តី​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល​ទាក់​ទិន​នឹង​ការ​វិវឌ្ឍ​ថ្មីៗ​ក្នុង​ប្រទេស​នេះ​ដែរ។ នេះ​គឺ​ជា​ទស្សនកិច្ច​ផ្លូវ​ការ​ជា​លើក​ទី​ពីរ​របស់​លោកស្រី​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​ពី​ចូល​កាន់​តំណែង បន្ទាប់​ពី​លោក ​សុរិយា ប្រាសាទ​ ស៊ូប៊ែឌី​ នា​ដើម​ឆ្នាំ​២០១៥​កន្លង​មក។

​ការ​មក​ដល់​របស់​ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ គឺ​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ដដែល​នេះ ​ចេញ​សេចក្ដី​ប្រកាស​ថ្កោល​ទោស​ចំពោះ​ការ​កាត់​ទោស​និស្សិត គង់ រ៉ៃយ៉ា ដាក់​ពន្ធនាគារ​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​អាទិ៍»​ដោយ​សារ​តែ​និស្សិត​រូប​នេះ​បាន​បង្ហោះ​សារ​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​បណ្ដាញ​សង្គម​ហេ្វសប៊ុក។​

លោក​ ណៃ វង់ដា​ ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មុនស្ស​ Adhoc បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្នុង​ជំនួប​ជា​មួយ​លោកស្រី ​រ៉ូណា​ ស្មីត កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ សង្គម​ស៊ីវិល​ក៏​បាន​លើក​បញ្ហា​យុវជន​ គង់ រ៉ៃយ៉ា និង​ការ​កៀប​សង្កត់​លើ​ការ​បញ្ចេញ​មតិ​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​

«បាទ​រឿង​ហ្នឹង​ដែរ​ យើង​បាន​លើក​ដែរ ទាក់ទង​ទៅ​នឹង​ការ​គំរាមកំហែង​តាម​ Online ​ ការ​ចាប់​ខ្លួន​តាមរយៈ​ការ​បញ្ចេញមតិ​តាម​ Onlineហ្នឹង​ ដូច​ជា​ករណី​ គង់ រ៉ៃយ៉ា​ ដូចជា​ករណី​លោក​ ហុង សុខហួរ​ ហើយក៏​ដូចជា​ករណី​យុវជន​ផ្សេងៗ​ទៀត​ហ្នឹង យើង​បាន​លើក​ជម្រាបទៅ​លោក​ស្រី​ដែរ​ ​ហើយ​សុំ​ឲ្យ​លោក​ស្រី ​លើក​បញ្ហា​ទាំងអស់​នេះ​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​ អ្នក​នយោបាយ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ថា​ទាំងអស់​នេះ​គឺ​ជា​សេរីភាព​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។​

យ៉ាង​ណា​ក៏​ដោយ​ លោក ​ម៉ក់ សម្បត្តិ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​កម្ពុជា​ ថ្លែង​ការពារ​ចំណាត់​ការ​រដ្ឋាភិបាល​លើ​ការ​អនុវត្តន៍​ច្បាប់​នា​នា​ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ក៏​បាន​ឲ្យដឹង​ផង​ដែរ​ថា ​រដ្ឋាភិបាល​យល់​ច្បាស់​ពី​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ក៏​ប៉ុន្តែលោក​បន្ថែម​ថា ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ជន​គ្រប់​រូប​គឺ​ស្ថិត​ក្រោម​ច្បាប់។

«ដូច្នេះ​បើ​ចង់​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ ​ទាល់​តែ​នាំ​គ្នាគោរព​ច្បាប់​ ​មិនមែន​បង្កើត​ភាព​អនាធិបតេយ្យ​អី​យើង​ស្រេចតែចិត្ត​ទេ។ ឧបមា​ថា​នៅ​តាម​បណ្ដាញ​សង្គម​ ​ឃើញ​ហ្អេ ​រដ្ឋាភិបាល​មិន​ដែល​ហាម​ឃាត់​ហ្អេ ប្រើ​ចុះ​ណា។​ ធ្វើ​ម៉េច​បើ​រិះ​គន់​រដ្ឋាភិបាល ​រិះគន់​ចុះ​ក្នុង​ន័យ​ស្ថាបនា។ ប៉ុន្តែ​យើង​កុំ​យក​ហ្អា​កន្លែង​ហ្នឹង​ យក​មក​ធ្វើ​ការ​ញុះញង់​ឬ​មួយ​ក៏​ការ​បំបែក​បំបាក់។ ថ្នាក់​ការ​ប្រមាថ​ថ្នាក់​ដឹក​នាំ​អ៊ីចឹង​ ​ហ្អា​ហ្នឹង​គឺ​មិន​មែន​ទេ​ ​មិន​មែន​យក​ហ្អា​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិទេ។ គិត​ទៅ​មើល តើ​ប្រទេស​ណា​នៅ​អាស៊ាន​ ​ខ្ញុំ​មិន​បាច់​ទៅដល់​អាស៊ី​ហ្អេ​ ​តើ​ប្រទេស​ណា​ដែល​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ខ្លាំង​ជាង​ប្រទេស​កម្ពុជា។​ វា​អត់​មាន​តែ​ម្តង​ហ្នឹង​ហ្អា!»។

លោក​ ម៉ក់ សម្បត្តិ​ នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បញ្ជាក់​ប្រាប់ ​VOA ​ផង​ដែរ​ថា ​ការ​រិះគន់​របស់​សង្គម​ស៊ីវិល​មួយ​ចំនួន​មក​លើ​រដ្ឋាភិបាល​របស់​លោក​គឺ​ជា​រឿង​ធម្មតា ​និង​ដដែលៗ​ដែល​មិន​គួរ​ឲ្យ​បារម្ភ​អ្វី​នោះ​ទេ។​ មន្ត្រី​កម្ពុជា​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​តាម​ការ​កំណត់​ លោក​គ្រោង​នឹង​ជួប​លោក​ស្រី​ ​រ៉ូណា​ ស្មីត ​នា​ថ្ងៃ​សុក្រ​ខាង​មុខ​ ​ដើម្បី​ពិភាក្សា​លើ​របាយការណ៍​សិទ្ធិ​មនុស្ស​តាម​ការ​កំណត់ និង​ការ​បង្កើត​ស្ថាប័នជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ជា​ដើម។ ​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ឧត្ដម​ស្នង​ការ​សហ​ប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ពី​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ដែល​ VOA ទទួល​បាន​នោះ ​បាន​ឲ្យដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០ថ្ងៃ​របស់​លោក​ស្រី​ រ៉ូណា​ ស្មីត ដែល​ចាប់​ផ្ដើម​នា​ថ្ងៃ​ច័ន្ទ​នេះ ​លោក​ស្រី​គ្រោង​នឹង​ជួប​ផ្ទាល់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយ​ចំនួន​ សមាជិក​រដ្ឋ​សភា​ និង​ព្រឹទ្ធសភា​ មន្ត្រី​សង្គម​ស៊ីវិល​ និង​អង្គ​ទូត​នានា​ក្នុង​ប្រទេស​កម្ពុជា​ជា​ដើម៕