ដឹង​តួ​ប៉ូលិស​ក្នុង​ចម្រៀង “ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍” ជា​នរណា​អត់?

បន្ទាប់ពី​បទ “ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍” បាន​ចេញ​ផ្សាយ​ជា​សាធារណ​កាលពី​ថ្ងៃ ១០ ខែ មីនា នេះ​រួច​មក​ មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​ការ​យល់​ឃើញ​ពី​ការ​លះបង់​របស់​ប៉ូលិស​ហើយ​នោះ​ ថ្ងៃនេះ Sabay សូម​ណែនាំ​ទស្សនិកជន​ឲ្យ​ស្គាល់​ពី ពូ​ប៉ូលិស​ខាង​លើ។

 

ដឹង​តួ​ប៉ូលិស​ក្នុង​ចម្រៀង “ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍” ជា​នរណា​អត់?

 

មាន​ឈ្មោះ​ពិត​ថា រចនា ដួង ហៅ​ក្រៅ បារាំង មាន​អាយុ ៤៧ ឆ្នាំ លោក​គឺជា​ចាងហ្វាង​ផលិតកម្ម “បូរី​អង្គរ​ភាពយន្ត” និង​មាន​អតីតកាល​ជា​តារា​សម្ដែង​ជំនាន់​លោក ទេព រិន្ទដារ៉ូ ហើយ​ក៏​ធ្លាប់​ជា​ប៉ូលិស​នៅ​នាយកដ្ឋាន​បុគ្គលិក​នៃ​​ក្រសួង​មហាផ្ទៃ​ តែ​បាន​ព្យួរ​ឈ្មោះ​តាំង​ពី​ឆ្នាំ ២០០១ ព្រោះ​រវល់​ការងារ​សិល្បៈ។ លោក​បាន​រៀបរាប់​ថា “កន្លង​មក​ផលិតកម្ម​ខ្ញុំ​ធ្លាប់​បាន​ផលិត​រឿង​ជាច្រើន​តាំងពី​ឆ្នាំ ២០០០ ម្ល៉េះ ហើយ​សព្វថ្ងៃ​កំពុងតែ​ធ្វើ​រឿង​ឲ្យ​ខាង​ទូរទស្សន៍ CTN គឺ​រឿង “រនាំង​វណ្ណៈ ” “។

 

លោក​បាន​ប្រាប់​ពី​ចំពោះ​មូលហេតុ​ដែល​ធ្វើឲ្យ​ខាង​ផលិតកម្ម​ថោន​ជ្រើសរើស​រូបលោក​ធ្វើជា​តួ​ប៉ូលិស​ក្នុង​ចម្រៀង​របស់​អ្នក​នាង ចេន សាយចៃ ថា ” ពូ​បាន​សួរ​ទៅ​គេ​វិញ​ថា ​ហេតុអ្វី​បាន​ជា​ជ្រើសរើស​ខ្ញុំ? គេ​ថា​មក​ពី​ទឹកមុខ​ខ្ញុំ​មើល​ទៅ​ជា​មនុស្ស​មាន​ព្រហ្មវិហារ​ធម៌ ស្លូតបូត ស័ក្ដិសម​ក្នុង​តួ​មួយ​នេះ។ ម្យ៉ាង​ទៀត​ពី​មុន​ពូ​ក៏​ជា​តួ​សម្ដែង​ដែរ តែ​មួយ​រយៈ​មក​ព្រោះ​តែ​រវល់​ទើប​ខាន​យូរ​ព្រោះ​រវល់​ធ្វើ​ជា​អ្នក​ដឹកនាំ​សម្ដែង​វិញ។ ទើបតែ​មួយ​រយៈ​មុន​ខាង​ថោន Call ហៅ​ និង​ប្រាប់​ថា​ ចង់​ឲ្យ​ខ្ញុំ​ដើរ​តួ​សម្ដែង​ជា​ប៉ូលិស​ចរាចរណ៍ ខ្ញុំ​ក៏​ព្រម​ចេញ​មុខ​ម្ដង​ទៀត​ទៅ។”

 

ដឹង​តួ​ប៉ូលិស​ក្នុង​ចម្រៀង “ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍” ជា​នរណា​អត់?

 

តារា​សម្ដែង​ក្នុង​ជំនាន់​លោក ទេព រិន្ទដារ៉ូ រូប​នោះ​បាន​បន្ថែម​ថា ​គ្រាន់តែ​ឮ​សំណើ​នេះ និង​និយាយ​សាច់រឿង​ចប់ បាន​ជំរុញ​ឲ្យ​លោក​ចង់ និង​យល់ព្រម​សម្ដែង​ភ្លាម​តែម្ដង​ ព្រោះ​ប៉ះ​ចំ​បេះដូង​ដែល​ស្រលាញ់​ការងារ​មួយ​នេះ ដោយ​សារ​វា​មាន​អត្ថន័យ​អប់រំ​ល្អ។

 

លោក រចនា ដួង បាន​បញ្ជាក់​ទៀត​ថា ពេល​សម្ដែង​ទើប​លោក​បាន​យល់​ពី​អារម្មណ៍​ពិត​ប្រាកដ​របស់​ប៉ូលិស​ចរាចរណ៍​គ្រប់រូប​។ “ពេល​សម្ដែង​ផ្ទាល់​ខ្ញុំ​ដឹង​ថា​ការងារ​មួយ​នេះ​មិន​មែន​ស្រួល​ទេ ហើយ​ត្រូវ​ហាល​ថ្ងៃ​ហាល​ភ្លៀង និង​ពេល​ខ្លះ​ត្រូវ​អ្នក​ធ្វើ​ដំណើរ​ជិះ​សឹងតែ​បុក​ក៏​មាន ពេល​នោះ​ហើយ​មាន​អារម្មណ៍​ខឹង​សម្បារ​ដែរ ព្រោះ​ជា​មនុស្ស​មាន​បេះដូង​ដូចគ្នា។”

 

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​សុខ​សុវត្ថិភាព​ទាំងអស់​គ្នា និង​កុំឲ្យ​មើល​ប៉ូលិស​តែ​ក្នុង​ផ្លូវ​អាក្រក់​អី៕

 

ដឹង​តួ​ប៉ូលិស​ក្នុង​ចម្រៀង “ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍” ជា​នរណា​អត់?

 

អត្ថបទ៖ទ្រី រ៉ាវី