បេក្ខជន​៥៦​នាក់​ហើយ ដាក់​ពាក្យ​​​ប្រកួតប្រណាំង​ម៉ូតូ Kara Cup Race 2016

ការ​ប្រកួត​ពាន​រង្វាន់​ប្រណាំង​ម៉ូតូ Kara Cup Race 2016 ​មាន​បេក្ខជន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​៥៦​នាក់​ហើយ នៅ​លើ​ការ​ប្រកួត​៥​វិញ្ញាសា​ផ្សេង​គ្នា​នៅ​ទីលាន​វាល​រាប​ កោះ​ពេជ្រ ​នា​ថ្ងៃ​ទី​២៦​ដល់​២៧​ខែ​មីនា​ ឆ្នាំ​២០១៦​នេះ។

 បេក្ខជន​៥៦​នាក់​ហើយ ដាក់​ពាក្យ​​​ប្រកួតប្រណាំង​ម៉ូតូ Kara Cup Race 2016ពិធី​សន្និសីទ

 

បន្ទាប់​ពី​ធ្វើ​ការ​ប្រកាស​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​​ KARA Cup Race 2016 ​កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​កុម្ភៈ​កន្លង​ទៅ មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​ចូល​ចិត្ត​ជិះ​ម៉ូតូ ​ព្រោះ​កម្មវិធី​នេះ​មាន​ការ​បែងចែក​ដល់​ទៅ​៥​កម្រិត​ផ្សេង​គ្នា ដែល​អាច​តម្រូវ​តាម​ចិត្ត​របស់​អ្នក​គ្រប់​គ្នា​បាន។ ​៥​ប្រភេទ​វិញ្ញាសា​ដែល​នឹង​ធ្វើ​ឱ្យ​កក្រើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​តាំង​ពិព័រណ៍​កោះ​ពេជ្រ​នៅ​ថ្ងៃ​២៦​ខាង​មុខ​នេះ រួម​មាន​ម៉ូតូ​កែច្នៃ ​មាន​កម្លាំង​ម៉ាស៊ីន​ ក្រោម​១៣៥​សេ​សេ ម៉ូតូ​អំប្រីយ៉ា ១២៥​ ទៅ​១៣៥​សេ​សេ ម៉ូតូ​ចង្កឹះ​លេខ ១១០​ សេ​សេ​ទៅ​១២៥​សេ​សេ ម៉ូតូ​លេខ​អូ​តូ​១២៥​សេ​សេ​ និង​​ប្រភេទ​ម៉ូតូ​អូ​តូ​១១០​ សេ​សេ​ ដល់​១១៥​ សេ​សេ។

 

​គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​២១ មីនា ម្សិល​មិញ​នេះ លោក ផេង ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ចំនួន​៥៦​នាក់​ហើយ ដោយ​ម៉ូតូ​កែច្នៃ ​មាន​១២​នាក់ ម៉ូតូ​អំប្រីយ៉ា​មាន​១៧​នាក់ ម៉ូតូ​ចង្កឹះ​លេខ​មាន​៦​នាក់ ម៉ូតូ​លេខ​អូតូ មាន​១៣​នាក់ ​និង​ម៉ូតូ​លេខ​អូតូ​កម្លាំង​ម៉ាស៊ីន​ទាប មាន​៨​នាក់។ ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​វិញ ​ប្រភេទ​វិញ្ញាសា​ដែល​មាន​បេក្ខភាព​ចូល​រួម​តិច នៅ​បន្ត​នៅ​ឡើយ ប៉ុន្តែ​បើ​វិញ្ញាសា​ដែល​មាន​បេក្ខភាព​ចាប់​ពី​១២​នាក់​ឡើង​ទៅ លែង​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​ទៀត​ហើយ។

 

អ្នក​ដែល​អាច​ចូលរួម​ប្រណាំង​បាន​ត្រូវ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង​ទៅ​ ហើយ​ការ​ប្រណាំង​​ត្រូវ​បាន​កំណត់​ល្បឿន​​ចន្លោះ​​ពី​៦០​ទៅ​៧០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​លើ​ផ្លូវ​​រាប​ ដោយ​សារ​ជា​ការ​ប្រណាំង​លើក​ដំបូង ប៉ុន្តែ​ការ​គណនា​លទ្ធផល​ឈ្នះ​ ឬ​ចាញ់​ដោយ​ម៉ាស៊ីន​ស្កែន។ អ្នក​ចូល​រួម​ត្រូវ​មាន​​បង់​​ប្រាក់​១០០​ដុល្លារ​ ប៉ុន្តែ​ទទួល​បាន​មក​វិញ​នូវ​​​អាវ​យឹត​២​ មួក​២ ​និង​សំបក​កង​២។ លើស​ពី​នេះ​ អ្នក​ចូល​រួម​ត្រូវ​មាន​មួក​សុវត្ថិភាព​ ស្រោម​ដៃ​ ស្រោម​ជើង​ ស្រោម​កែង​ដៃ​-ជើង។ ប្រាក់​រង្វាន់​លេខ​១​ទទួល​បាន​ពាន​១​ និង​ប្រាក់​រង្វាន់​៣០០​ដុល្លារ​​ លេខ​២​នឹង​ទទួល​បាន​២០០​ដុល្លារ​ និង​លេខ​៣​នឹង​ទទួល​បាន​១០០​ដុល្លារ។

 

ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង ​ទូរសព្ទ​ 077 678 958/012 636 636 ឬ​ Facebook.com/page/KARA។ ព្រឹត្តិការណ៍​នេះ​ឧបត្ថម្ភ​ដោយ​ Motul និង Firelli៕

 

អត្ថបទ៖ មុន្នី រម្យ