កីឡាករ​សំខាន់​ៗ​២​ទៅ​៣​នាក់ មិន​ព្រម​ទៅ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​

បើ​តាម​សម្ដី​របស់​លោក Lee Tae Hoon ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ មាន​កីឡាករ​សំខាន់​ៗ​២​ទៅ​៣​នាក់​ ដែល​លោក​ព្យាយាម​ទាក់ទង​ទៅ​ដើម្បី​បាន​ហ្វឹកហាត់​ និង​ត្រៀម​ខ្លួន​ទៅ​ប្រកួត​ជាមួយ​ក្រុម​ស៊ីរី ប៉ុន្តែ​មិន​ទទួល​បាន​ចម្លើយ​អ្វី​នោះ​ទេ។ នេះ​មាន​ន័យ​ថា កីឡាករ​ទាំង​នោះ មិន​ព្រម​ទៅ​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​នេះ​ឡើយ។

 

កីឡាករ​សំខាន់​ៗ​២​ទៅ​៣​នាក់ មិន​ព្រម​ទៅ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​

លោក Lee Tae Hoon

 

ក្រោយ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម African All Stars ​នៅ​កីឡដ្ឋាន RSN ​កាល​ពី​ល្ងាច​មិញ​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មិន​មាន​វត្តមាន​កីឡាករ​សំខាន់​ៗ​ប៉ុន្មាននាក់​ ដែល​ត្រូវ​បាន​គេ​ដាក់​ចម្ងល់​គ្រប់​គ្នា។ ទន្ទឹម​នឹង​នេះ​ដែរ លោក Lee Tae Hoon ​បាន​បកស្រាយ​ថា លោក​ព្យាយាម​ទាក់ទង​ទៅ​កីឡាករ Key Players ​ទាំង​អស់​នោះ​ហើយ ប៉ុន្តែ​ពួកគេ​មិន​អាច​ទាក់ទង​បាន​នោះ​ទេ។ តួយ៉ាង​ដូចជា ​ចាន់ វឌ្ឍនាកា ​ដែល​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​អីចឹង ក្រុម​ការងារ​បាន​ព្យាយាម​ទាក់ទង​ទៅ​រហូត ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ទេ។

 

គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ត​ទៀត​ថា​ ការ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ជា​កាតព្វកិច្ច​និង​ទំនួល​ខុស​ត្រូវ​ដែល​កីឡាករ​កម្ពុជា​គ្រប់​គ្នា​ត្រូវ​ធ្វើ​ដើម្បី​ជាតិ ហើយ​ប្រសិន​បើ​ពួកគេ​មិន​ព្រម​ទេ​នោះ​គឺ​មានន័យ​ថា​ កីឡាករ​ទាំង​អស់​កំពុង​តែ​បាត់បង់​នូវ​ទំនូល​ខុស​ត្រូវ​របស់​ខ្លួន​ឯង​ហើយ។

 

ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​គ្រូ​បង្វឹក​ខាង​លើ​មិន​បន្ទោស​ទៅ​ខាង​ណា​នោះ​ទេ ហើយ​ក៏​មិន​និយាយ​ចំពោះ​ឈ្មោះ​កីឡាករ​ទាំង​អស់​នោះ​ដែរ ព្រោះ​លោក​ដឹង​ថា​លេង​នៅ​ជម្រើស​ជាតិ​មិន​មាន​ប្រាក់​ខែ​ច្រើន ដូច​លេង​នៅ​ក្លឹប​អាជីព​ឡើយ ហើយ​វា​ក៏​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​កីឡាករ​ដែរ។ លោក​នឹង​នៅ​តែ​ព្យាយាម​ទាក់ទង​កីឡាករ​សំខាន់​ទាំង​នោះ​បន្ដ​ទៀត ព្រោះ​នៅ​កម្ពុជា​មិន​សូវ​មាន​កីឡាករ​ល្អ​ប៉ុន្មាន​ទេ មាន​តែ​ពួកគេ​ហើយ​ដែល​ត្រូវ​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ឈាន​ទៅ​មុខ៕

 

អត្ថបទ៖ មុន្នី រម្យ