ការ​នាំចូល​សម្ភារៈ​សំណង់​មក​ក្នុង​ទីផ្សារ​កម្ពុជា កើន តែ​ទំហំ ទឹកប្រាក់​ធ្លាក់ចុះ

ទំហំ​បរិមាណ​នាំចូល​គ្រឿងសំណង់​របស់​ប្រទេស​កម្ពុជា​ កាលពី​ឆ្នាំ ២០១៥ កន្លងទៅនេះ មាន​ប្រមាណ ៥,៧​លាន​តោន។ តួលេខ​នេះ​បាន​កើន​ឡើង​យ៉ាង​គំហុក រហូតដល់​ទៅ១៨៥ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០១៤ ដែល​កាលនោះ​មាន​ប្រមាណ​ជាង២លាន​តោន​ប៉ុណ្ណោះ។ នេះ​បើ​តាម​របាយ ការណ៍​ពី​ក្រសួងពាណិជ្ជកម្ម។

 

ផ្ទុយទៅវិញ តម្លៃ​នៃ​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​ប្រមាណ ២៤ ភាគរយ ពី​តម្លៃ​ទឹកប្រាក់ ៤៣១ លាន​ដុល្លារ នៅ​ឆ្នាំ២០១៤ មក​នៅ ត្រឹម៣២៨លាន​ដុល្លារ​នៅ​ឆ្នាំ២០១៥។

 

ការ​នាំចូល​សម្ភារៈ​សំណង់​មក​ក្នុង​ទីផ្សារ​កម្ពុជា កើន តែ​ទំហំ ទឹកប្រាក់​ធ្លាក់ចុះ

 

 

លោក វង្ស ឡេង ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​អ៊ី​ឆែ​គ្រុប ដែល​នាំចូល​សម្ភារៈ​សំណង់​ពី​បរទេស​មក​ចែកចាយ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​កត់សម្គាល់​ឃើញ​ថា តម្លៃ​គ្រឿង សំណង់​មួយចំនួន​មានការ​ធ្លាក់ចុះ​គួរកត់សម្គាល់ ប៉ុន្តែ​ចំពោះ​តម្រូវការ​ប្រើប្រាស់​វិញ​មិនមាន​ការថយចុះ​នោះទេ ដោយសារ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍន៍​ដែល​ចាំបាច់​ត្រូវការ​សាងសង់ សំណង់​អគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី លើកកម្ពស់​សេដ្ឋកិច្ច និង សង្គម។

 

មន្ត្រី​ក្រសួងពាណិជ្ជកម្ម​និយាយ​ថា បរិមាណ​នៃ​ការ​នាំចូល​ផលិតផល​ស​ម្ពា​រៈ​សំណង់​ពី​បរ ទេស​មក​កម្ពុ​ជា​មាន​តម្រូវការ​កើន​ឡើង​ជា​សញ្ញា​ល្អ​ដែល​បង្ហាញ ឲ្យ​ឃើញ​ពី​ការ​រីកចម្រើន​លើ​វិស័យ​ឧស្សាហកម្ម​សំណង់​ដូចជា សំណង់​លំនៅ​ស្ថាន សំណង់​អគារ​ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ពន្ធ ផ្លូវ ថ្នល់ និង​ស្ពាន​និង​សំណង់ រោងចក្រ​ជាដើម។ មន្ត្រី​ដដែល​នេះ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​វិស័យ​សំណង់​មានការ​រីក​ដុះដាល​យ៉ាងច្រើន​នៅ​គ្រប់​ទីកន្លែង​មិន​ថា តែ​សំណង់ ស្ពាន ថ្នាល់ និង​លំនៅស្ថាន​ទេ​គឺ​សុទ្ធ​ត្រូវការ​ប្រើប្រាស់​សម្ភារៈ​នាំចូល​ពី​បរទេស មាន​ប្រទេស​ចិន ថៃ វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប។

 

សព្វថ្ងៃ​ផលិត​ផ​រល​សំណង់​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា ត្រូវ បាន​នាំចូល​ពី​បរទេស ដែល​មាន​ដូចជា ស៊ីម៉ងត៍ ដែក ឥដ្ឋការ៉ូ​និង សម្ភារៈ​សំខាន់ៗ​ដទៃ​ទៀត ខណៈ​ដែល​ការផលិត​ក្នុងស្រុក​នៅ​មាន​កម្រិត​នៅឡើយ៕

 

អត្ថបទ៖ ភិរុណ
ប្រភព៖ Khmerdaily