ការ​ពត់​ធ្មេញ​បាន ​ក្លាយ​ជា​ ចំណូលចិត្ត​ថ្មី​ របស់​យុវវ័យ

ការ​ពត់​ធ្មេញ​បាន ​ក្លាយ​ជា​ ចំណូលចិត្ត​ថ្មី​ របស់​យុវវ័យ

 

បច្ចុប្បន្ន​យុវវ័យ​កម្ពុជា​មិន​ថា​ ជា​នារី​ ឬ ​បុរស​នោះ​ទេ​ចូលចិត្ត​បង្កើន​សម្រស់​តាមរយៈ​ការ​ពត់​ធ្មេញ​និង​ ការ​ដាំ​ត្បូង​តាម​ធ្មេញ​ជា​លក្ខណៈ​បច្ចេកវិទ្យា​ទាន់សម័យ ​ដើម្បី​ជា​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកដទៃ។ សម្រស់​គឺជា​កត្តា​ទាក់ទាញ​យ៉ាង​សំខាន់។ ដូចនេះ​យុវជន​យុវតី​តែងតែ​ចូលចិត្ត​លេង​ស្ទីល តាម​ចំណង់​ចំណូលចិត្ត​រៀងៗខ្លួន។

 

ការ​ពត់​ធ្មេញ​បាន ​ក្លាយ​ជា​ ចំណូលចិត្ត​ថ្មី​ របស់​យុវវ័យ

 រូបតំណាង (ប្រភព​បរទេស)

 

យុវតី ឡេង​ថា​វី​ មាន​មាឌ​តូច​ច្រឡឹង​សម្បុរ​ស​ស្នាមញញឹម​គួរ​ឲ្យ​ស្រឡាញ់​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ទឹកមុខ​​ញញឹម​បង្កប់​ទៅ​ដោយ​ការ​រំលេចត្បូង​ភ្លឺ​ចែងចាំង​តាម​មាត់​ធ្មេញ​នៅ​ពេល​បញ្ចេញ​ស្នាមញញឹម​មក​ខាងក្រៅ។

 

ជា​និស្សិត​ដែល​បាន​បញ្ចប់​កា​សិក្សា​កន្លងទៅ​ថ្មីៗ​នេះ ​យុវតី​ ថា​វី​ បាន​និយាយ​ថា​ ការ​ពត់​ធ្មេញ​នេះ​ដំបូង​ឡើយ​ កញ្ញា​មិនបាន​គិត​ទេ​ថា​ត្រូវ​ពត់​ធ្មេញ​តាម​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​ទេ​ព្រោះ​កញ្ញា​មិន​ហ៊ាន​ខ្លាច​មានការ​ឈឺចាប់។ប៉ុន្តែ​បន្ទាប់ពី​កញ្ញា​បាន​ទៅ​ជួបពិភាក្សា​ជាមួយ​ទន្តពេទ្យ​រួចមក​ថា​វី​ក៏បាន​សម្រេចចិត្ត​ពុត​ធ្មេញ​និង​ដាំ​បង្គោល​ធ្មេញ​ដាក់​ត្បូង​តូចៗ​តាម​ធ្មេញ​ដោយមាន​ការ​ត្រួតពិនិត្យ​និង​ណែនាំ​យ៉ាង​ត្រឹមត្រូវ​ពី​ទន្តពេទ្យ។

 

កញ្ញា​ បាន​និយាយ​ថា​ កញ្ញា​បាន​ចំណាយ​លុយ​ចំនួន ៧៥០ ដុល្លារ​ សម្រាប់​ការ​ពុត​ធ្មេញ​ និង ៥០ ដុល្លារ​ទៀត​សម្រាប់​ការ​ដាក់​ត្បូង។ “ការ​ពត់​ធ្មេញ​មុនដំបូង​ ខ្ញុំ​​ហាក់​ទើសៗ​ពិបាក​បន្តិច​នៅ​ពេល​ខ្ញុំ​ញុំា​អាហារ​ ប៉ុន្តែ ២-៣ ថ្ងៃ ក្រោយ​ វា ​មក​ជា​ធម្មតា​វិញ”។ ថាវី និយាយ។

 

ក្រៅ​ពី​ការ​លេង​ស្ទិល​សម្ភារៈ​និយម​ ការ​ស្លៀក​ពាក់​ និង ការ​តុបតែង​មុខ​ឲ្យ​ស្រស់​ស្អាត​នោះ គឺ​ការ​បង្កើន​សម្រស់​តាម​រយៈ​ការ​ពត់​ធ្មេញ​ គឺជា ផ្នែក​មួយ​បង្កើន​ភាព​ទាក់ទាញ​នៅ​ពេល​​សើច ឬ ក៏​ញញឹម កាន់​តែ​ស្រស់​ស្អាត។ ថាវី បន្ថែម។

 

ទាក់ទង​នឹង​ការ​ពត់​ធ្មេញ ​ឬ ដាំ​បង្គោល​ធ្មេញ​នេះ លោក ​ជុំ​ សីហា​ អាយុ​៤១​ឆ្នាំ ​ដែល​ជា​ទន្តពេទ្យ​មួយ​រូប​ដោយមាន​ផ្លាក​យីហោ​ថា​ពេទ្យធ្មេញ​ធម្មជាតិ​មាន​ទីតាំងនៅ​ម្ដុំ​ ផ្លូវ​មុន្នី​វង្ស ​ទល់មុខ​វិទ្យាល័យ​បឹងត្របែក​មាន​ប្រសាសន៍​ថា ​អ្នក​ដាំ​បង្គោល​ធ្មេញ​ និង​តម្រង់​ធ្មេញ​ជាទូទៅ​ត្រូវ​មក​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​យ៉ាងហោចណាស់​រយៈពេល ៦ ខែម្តង។

 

លោក​បាន​បន្ត​ថា ​នៅ​ពេល​ដែល​ពត់​ធ្មេញ​រួចរាល់​បន្ទាប់មក​អ្នក​ ដែល​ពត់​ត្រូវតែ​មក​ជួប​ពិគ្រោះ​យោបល់​ថែទាំ​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់​ជាមួយ​អ្នក​ដែល​មាន​ឯកទេស​ច្បាស់លាស់​ និង​មាន​ជំនាញ​ត្រឹមត្រូវ​បើ​ពុំ​ដូច្នោះ​ទេ វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ថ្ងៃក្រោយ៕

 

អត្ថបទ៖ CJ