មន្ត្រី​ធំ​២​នាក់​ជាប់ចោទ​ឈូស​ភ្នំ​ពក​រំលោភ​ដីស្រែ​រាប់រយ​ហិ​កតា

មន្ត្រី​ធំ​២​នាក់​ជាប់ចោទ​ឈូស​ភ្នំ​ពក​រំលោភ​ដីស្រែ​រាប់រយ​ហិ​កតា



ខេត្តកោះកុង ៖ នៅ​ត្រង់​ចំណុច​ភ្នំ​ពក ស្ថិត​ក្នុងភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង មាន​មន្ត្រី​ធំ​ម្នាក់់ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ដា​ល់​យ៉ាង​ច្បាស់​ថា ឈ្មោះ ភឿ​ង សុ​ភ័​ណ្ឌ ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​ពង្រាប​ខ្នងភ្នំ​ពក ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។ ហើយ​ការ​បង្ហាញ​សាវតា​លោក​រដ្ឋលេខាធិការ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កោះសន្តិភាព​បានដឹង​ពេល​នេះ គឺ​ដោយសារ​តែ​ការ​ឈូស​ឆាយ​នោះ បាន​រាលដាល​ប៉ះ​លើ​ដីស្រែ​របស់​ពួក​គាត់​នៅ​ក្បែរ​ៗ​ជើងភ្នំ​ចំនួន​៨៥​គ្រួសារ ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ​១០០​ហិ​កតា​ទៀត​ផង ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​អះអាង​ថា សកម្មភាព​ឈូស​ឆាយ​ខាងលើ​នេះ បាន​កើត​ឡើងជា​ច្រើន​ខែ​មក​ហើយ តាំងពី​ចុងឆ្នាំ​២០១៥ រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ពួក​គេ​និយាយ​ថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៦ ពូក​គាត់​ជា​ច្រើន​នាក់​ដែល​តំណាង​ឱ្យ​អ្នក​ភូមិ​ចំនួន​៨៥​គ្រួសារ បាន​ធ្វើ​ពាក្យសុំ​ឱ្យ​លោក​មេឃុំ​ជួយ​រក​ដំណោះស្រាយ​ពី​សកម្មភាព​រំលោភ​នេះ នៅ​ក្នុង​សាលាឃុំ​ជ្រោយ​ស្វាយ​អស់​រយៈពេល​១​ថ្ងៃ ប៉ុន្តែ​មេឃុំ​មិន​ហ៊ាន​ចេញ​មុខ​ជួប​ប្រជាពលរដ្ឋ​ឡើយ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២២ ខែមីនា មេឃុំ​បាន​ចេញ​លិខិត​ជូនដំណឹង​ជា​សាធារណៈ​មួយ​ថា ផ្ទៃដី​នៅ​ចំណុច​ភ្នំ​ពក សាលាឃុំ​មិន​ចេញ​លិខិត​ផ្ទេរ​សិទ្ធ​កាន់កាប់ ឬ​ទទួល​ធ្វើ​ពាក្យសុំ​កាន់កាប់​ឱ្យ​ប្រជាពលរដ្ឋ ឬ​បុគ្គល​ណា​ឡើយ ព្រោះ​ដី​នោះ​ជា​ដី​ភ្នំ ។

ប្រជាពលរដ្ឋ​ក្នុងភូមិ​សា​រ៉ា​យ​ជា​ច្រើន​នាក់​បាន​បញ្ជាក់​ថា  ការ​ចូល​ដាក់​ពាក្យសុំ​រក​ដំណោះស្រាយ​នៅ​សាលាឃុំ​របស់​ពួក​គាត់ គឺ​ពុំ​មែន​សុំ​យក​ដី​ភ្នំ​ឯណា គឺ​ទាមទារ​ដីស្រែ​ពួក​គាត់​ដែល​នៅ​ក្បែរ​ជើងភ្នំ​ត្រូវ​គេ​រំលោភ​យក មេឃុំ​មិន​ទទួល​សំណើ​របស់​ពួក​គាត់​ទេ ។ មិន​ត្រឹមតែ​មិន​ទទួល​ពាក្យបណ្ដឹង​របស់​ពួក​គាត់​ទេ ថែម​ទាំង​ហ៊ាន​គំរាម​រឿង​កម្មសិទ្ធិ​ទៀត ដែល​ទំនង​សង្ស័យ​ត្រូវ​ដង ត្រូវ​ផ្លែ អ្នក​រំលោភ​ដី​ទេ​ដឹង ? ។

ការ​តវ៉ា​ក៏​ដូច​ជា​សំណូមពរ​របស់​ពលរដ្ឋ​ខាងលើ ត្រូវ​បាន​កប់​ទុក​មិន​ឱ្យ​អាជ្ញាធរ​ថ្នាក់លើ​ដឹង​ទេ ទោះបី​ប្រជាពលរដ្ឋ​កំពុង​មានទុក្ខ​ក៏​ដោយ​។

អ្នក​យក​ព័ត៌​មាន​គេហទំព័រ​ Everyday.com.kh ​បានជា​មួយ​លោក មាស សុខ​ជា អភិបាលរង​ស្រុកស្រែ​អំបិល ជួប​លោក ជា នាង ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុកស្រែ​អំបិល​តាម​ទូរស័ព្ទ ជួប​លោក រស់ វី​រ៉ា​វុ​ឌ្ឍ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណល់​ខេត្ត​តាម​ទូរស័ព្ទ គឺ​អស់លោក​ទាំង​៣​នាក់​ឆ្លើយ​ដូច​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គាត់​អត់​បានដឹង​អំពី​ករណី​ឈូស​ឆាយ​យក​ដី​ភ្នំ និង​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​ប្រជាពលរដ្ឋ​នេះ​ទេ ។

គួរ​ឆ្ងល់​ដែរ គ្រឿងចក្រ​ឈូស​ឆាយដី​ភ្នំ ដីស្រែ​រាប់រយ​ហិ​កតា​ប៉ុណ្ណឹង​ហើយ ឆ្លើយ​ថា​អត់​ដឹង !

ចំណែក​លោក ពេជ្រ ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា អ្នកធំ ឈូស​អី ឈូស​ទៅ គាត់​អត់​ហ៊ាន​ហាមឃាត់​ទេ ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា ផ្ទៃដី​នៅ​ចំណុច​ភ្នំ​ពក មាន​រាប់រយ​ហិ​កតា ត្រឹមតែ​ចំណុច​ខាងលើ​ខ្នងភ្នំ ។ សព្វថ្ងៃ​មាន​មន្ត្រី​ធំ​២​នាក់ កំពុង​ចែក​គ្នា​មួយ​ចំហៀង​ភ្នំ​ម្នាក់ គឺ​ខ្នងភ្នំ​ខាងលិច លោក​រដ្ឋលេខាធិការ​កំពុង​ឈូស​ឆាយ ។ ចំណែក​ខ្នងភ្នំ​ខាងកើត​មាន​លោក សួន មាន មន្ត្រី​ក្រសួងបរិស្ថាន បាន​ជីក​ប្រឡាយ​ព័ទ្ធ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​មានការ​ឈូស​ឆាយ​នៅឡើយ​ទេ ជីក​បណ្ដើរ​សម្ងំ​ស្ដាប់​ខ្យល់​បណ្ដើរ ។ ប្រភព​ដដែល​និយាយ​ទៀត​ថា មន្ត្រី​ទាំង​២​រូប​ខាងលើ​បាន​ប្រើ​ឧបករណ៍​GPS ចុច​កំណត់​យក​ផ្ទៃដី​ដែល​ខ្លួន​ត្រូវការ ទោះបី​ដឹង​ថា ប៉ះ​លើ​ដី​ប្រជាពលរដ្ឋ​ក៏​ដោយ ហាក់ដូចជា​បាន​រៀបចំ​ដី​ទុក​លក់​ឱ្យ​ក្រុមហ៊ុន​ណាមួយ​អ៊ីចឹង ។

មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ តាម​រយៈ​ទូរស័ព្ទ​ពី​លោក​រដ្ឋលេខាធិការ​ដែល​ឈូស​យក​ដី​នេះ ។ ប្រ​សិន​មាន​ប្រតិកម្ម​បែប​ណា​មួ​​យ យើង​នឹង​ចុះ​ផ្សាយ​ជូន​បន្ត​ទៀត ។

បន្តិចទៀត លោក​ជា សុ​ផា​រ៉ា ឡើង​កាន់​ដំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ សង្ឃឹមថា នឹង​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​រដ្ឋលេខាធិការ​មួ​យ​រូប ក្នុង​ក្រសួង​របស់​លោក​ទៅ​រំលោភ​ដូច​រៀបរាប់​ខាងលើ​ជាក់​ជា​មិន​ខាន ។ ចាំ​មើល​ទៀត ក្រោយ​ពេល​ឈូស​ហើយ តើ​ប្រើ​ល្បិច​បែប​ណា ? តើ​ជា​ល្បិច​ទិញ​ថោក លក់​ឬ​មិន​លក់ ហី​ទៅ ដូច​សម័យ​មុន​មែន ឬ​អត់ ? ឈូស​រាប​ប៉ុណ្ណេះ​ហើយ បើ​មិន​លក់​ទេ​...​ហី​ទៅ !

ពាក្យចាស់​ពោល​ថា ច្របាច់ក​ចិន លៀន​អណ្ដាត​ខ្មែរ ប៉ុន្តែ​រឿង​នេះ គឺ​ច្របាច់​.​ក​ខ្មែរ​ទៅ​ប៉ោង​ដុះពោះ​ចិន​ឯណោះ​ទេ​...​ឱ ! លោក​រដ្ឋលេខាធិការ​អើយ​...​សម័យនេះ​ហើយ ទោះ​ប្រើ​វេទមន្ត​ណា ក៏​គេច​មិន​រួច​ពី​ពលរដ្ឋ​ថ្កោលទោស​ដែរ ៕