ព្រឹក​នេះ ACU បើក​កិច្ចប្រជុំ​វិភាគ​លើ​បណ្តឹង​ក្រុម​យុវជន​ប្តឹង​លោក កឹ​ម សុខា

ព្រឹក​នេះ ACU បើក​កិច្ចប្រជុំ​វិភាគ​លើ​បណ្តឹង​ក្រុម​យុវជន​ប្តឹង​លោក កឹ​ម សុខា



រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​២២ មីនា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា ACU បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ពាក្យបណ្តឹង​របស់​យុវជន​មួយ​ក្រុម​ដែល​បាន​ប្ដឹង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដោយ​ពួក​គេ​ចោទ​ថា បាន​ផ្ដល់​លុយ​ឲ្យ​នារី​ម្នាក់​ទិញ​ផ្ទះ ទិញ​ដី ។

បើ​តាម​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​បើក​កិច្ចប្រជុំ​វិភាគ​លើ​ពាក្យបណ្តឹង​របស់​យុវជន​មួយ​ក្រុម ដែល​ប្តឹង​លោក​កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​បើ​តាម​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​គេហទំព័រ VOD ស្រង់​សម្ដី​នៅ​ថ្ងៃ​ទី​២១ មីនា​ថា លោក​បាន​ទទួល​ពាក្យបណ្តឹង​របស់​ក្រុម​យុវជន​ទាំងនោះ​តាំងពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​កន្លង​មក ។ លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រថា ត្រូវ​ចាត់ការ ឬ​យ៉ាងណា ។ លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជាក់​ថា «​ថ្ងៃ​អង្គារ វេលា​ម៉ោង​៩​ព្រឹក យើង​នឹង​ប្រជុំ​ដោះស្រាយ ហើយ​យើង​នឹង​អញ្ជើញ​ម្ចាស់​ពាក្យបណ្ដឹង​មក​ស្ដាប់​ការ​វិភាគ​របស់​យើង ហើយ​អ្នក​សារព័ត៌មាន​ក៏​អាច​ចូល​ស្ដាប់​បាន​ដែរ​» ។

សូម​រឭក​ថា កាលពី​ស​ប្ដា​ហ៍​មុន យុវជន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៣០​នាក់ ដែល​អះអាង​ថា​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ក្រុម​យុវជន​ទាំងនោះ​អះអាង​ថា ពួក​គេ​សង្ស័យ​ថា លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដល់​លុយ​ឲ្យ​ស្រី​ស្នេហ៍​ទិញ​ផ្ទះ ទិញ​ដី ហើយ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ។

លោក ស្រី ចំរើន តំណាង​ក្រុម​យុវជន បាន​ឲ្យ​ដឹង​ថា ពួក​គេ​ចង់​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​លើ​សំឡេង​ខ្សែអាត់​ដែល​ត្រូវ​គេ​អះអាង​ថា ជា​ការ​សាសង​រវាង​លោក កឹ​ម សុខា ជាមួយ​នារី​កំណាន់ចិត្ត ដោយ​អត្ថន័យ​នៃ​ខ្សែអាត់​នោះ​ក៏​មានការ​លើក​ឡើង​ពី​ការ​ទិញ​ដី និង​ផ្ទះ​ឲ្យ​នារី​នោះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ មីនា​កន្លង​ទៅ​ក៏​មាន​យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​មក​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​កោះហៅ​លោក កឹ​ម សុខា ចេញ​មុខ​បកស្រាយ​រឿង​ខ្សែអាត់​សំឡេង​នោះ​ផង​ដែរ ។ ចំណែកឯ​កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា សម្តេច​មាន​រូបភាព​អ្នកនយោបាយ​ល្បីឈ្មោះ​ម្នាក់​នាំ​ស្រី​ចូល​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ ប៉ុន្តែ​សម្តេច​តេ​ជោ​ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នកនយោបាយ​ណា​នោះ​ទេ តែ​មជ្ឈដ្ឋាន​ជា​ច្រើន​អាច​វាយតម្លៃ​និង​គិត​ថា សម្តេច​នាយក​រដ្ឋមន្ត្រី​សំដៅ​ដល់​លោក កឹ​ម សុខា ដែល​កំពុង​រង​ការ​ចោទ​ថា មានរឿង​អាស្រូវ​ស្នេហា​ជាមួយ​ស្រី​ក្មេង ។

គួរ​បញ្ជាក់​ថា ដោយសារ​តែ​រឿងអាស្រូវ​ជាមួយ​ស្រី​ក្មេង​ហើយ​ត្រូវ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​រឿង​ពិត CNRP បង្ហោះ​ខ្សែអាត់​សំឡេង​រហូត​ដល់​ទៅ​៣៤​វគ្គ ទើប​មាន​ពាក្យបណ្តឹង​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។ ហើយ​កាលពី​ថ្ងៃមុន​ក្រុម​និស្សិត​មួយ​ក្រុម និង​អ្នក​សារព័ត៌មាន បាន​នាំ​គ្នា​ទៅ​ជួប​លោក​កឹ​ម សុខា ក្នុង​វេទិកាសាធារណៈ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ ក្នុង​បំណង​ចង់​ឲ្យ​លោក​ប្រធាន​ស្តីទី​ធ្វើការ​បកស្រាយ​ចំពោះ​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​ទាំងនោះ​ជូន​មហាជន ប៉ុន្តែ​លោក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ ៕