៤ ឃ្លា​ដើម្បី​បង្កើន​ភាព​ជឿជាក់​មក​លើ​ខ្លួន​ឯង ពី​សំណាក់​បុគ្គល​ដទៃ​ក្នុង​ក្រុម​ការងារ

១) តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក?

 

នៅ​ពេល​ដែល​អ្នក​មាន​ឆន្ទៈ​ពិត​ចង់​ជួយ​ អ្នក​ដទៃ​ វា​នឹង​បង្កើត​សកម្មភាព​មួយ​ដ៏​មាន​ឥទ្ធិពល​មក​លើ​ខ្លួន​អ្នក​ទាំង​បច្ចុប្បន្ន និង អនាគត។ ក្រុម​ការងារ របស់​អ្នក ឬ មនុស្ស​ដែល​អ្នក​ចង់​ជួយ នឹង​មាន​អារម្មណ៍​ត្រូវ​ការ​អ្នក​កាន់​តែ​ខ្លាំង ដើម្បី​ធ្វើ​ការងារ​ជាមួយ​អ្នក ហើយ​សម្រាប់​អ្នក​ប្រសិន​បើ​ពួក​គេ​ជឿ​អ្នក​នោះ​មាន​ន័យ​ថា​ពួក​គេ​ជា​មនុស្ស​គាំ​ទ្រ​អ្នក។ នៅ​ពេល​ដែល​អ្នក​ចេះ​បង្ហាញ​ពី​រឿង​ដែល​មាន​សារសំខាន់​ចំពោះ​នរណា​ម្នាក់ ហើយ​អ្នក​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​ពួក​គេ​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ឥទ្ធិពល​ថែម​ទៀត ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ ខ្លួន​ឯង​ត្រូវ​អនុវត្តន៍ រាល់​អ្វី​ដែល​បាន​សន្យា​ដើម្បី​ជួយ​ពួក​គេ។

 

២) ខ្ញុំ​ជឿ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក

 

ប្រសិន​បើ​បុគ្គលិក​របស់​អ្នក​ មាន​អារម្មណ៍​ថា​អ្នក​មាន​ភាព​ជឿជាក់​លើ​ពួក​គេ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ វា​នឹង​ជួយ​បង្កើន និង ជំរុញ​នូវ ទឹកចិត្ត រួម​ទាំង ផលិតភាព​ការងារ​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត។ អ្នក​ត្រូវ​ចង​ចាំ​ថា ដើម្បី​ឲ្យ​គេ​ជឿ​អ្នក អ្នក​ត្រូវ​ជឿ​លើ​ពួក​គេ​ជា​មុន​សិន។

 

៣) តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​នេះ?

 

ត្រូវ​ចេះ​ធ្វើ​ឲ្យ​មនុស្ស​ដឹង​ពី​គំនិត​ទាំង​ឡាយ​ដែល​ពួក​គេ​មាន ហើយ​តួនាទី​បុគ្គល​ដែល​ជា​អ្នក​ដឹកនាំ​គេ​ គឺ ជា​អ្នក​ទម្លុះ​រនាំង​ឧបសគ្គ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ដោយ​សង្កេត​តើ​អ្វី​ដែល​ជា​ឧបសគ្គ​នៅ​ចំពោះ​មុខ​បុគ្គលិក​ខ្លួន​។ ត្រូវ​ចេះ​ផ្តល់​ជំនួយ​ តាម​របៀប​ណា​មួយ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ប្រសើរ​ឡើង​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​។

 

៤) តើ​អ្នក​គិត​ថា​អ្វី​ដែល​ពួក​យើង​ធ្វើ​គឺ​ជា​សកម្មភាព​ល្អ​បំផុត​ឬ?

 

ដើម្បី​ទទួល​បាន​នូវ​គំនិត​ដ៏​ទូលំទូលាយ អ្នក​ត្រូវ​ចេះ​សួរ​សំនួរ​ ដែល​ទាក់ទង​នឹង​គំនិត​របស់​បុគ្គល​ដទៃ។ មធ្យោបាយ​នេះ​នឹង​អាច​ជួយ​ឲ្យ​អ្នក​យក​ឈ្នះ​លើ​បេះ​ដូង​ នៃ​សមាជិក​ក្រុម​ការងារ​របស់​ខ្លួន ហើយ​អ្នក​ ក៏​បាន​បង្ហាញ​ពី​ខ្លួន​ឯង​ផង​ដែរ​ ពី​ទស្សនៈ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​អ្នក​ និង ចេះ​ខ្វល់​ខ្វាយ​ពី​គំនិត​របស់​មនុស្ស​ដទៃ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com