លោក Mourinho លួចចុះកុងត្រាជាមួយ Man Utd

លោក Jose Mourinho បានចុះហត្ថលេខាលើកុងត្រាមុនកាន់តំណែងមួយជាមួយនឹង Manchester United ដើម្បីចូលកាន់តំណែងជំនួសលោក Louis van Gaal ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិបយក្សរបស់អង់គ្លេសមួយនេះនៅរដូវកាលក្រោយ។ នេះបើយោងទោតាមកាសែតអេស្ប៉ាញ El Pais កាលពីថ្ងៃ អាទិត្យ។ ខណៈដែលបង្ហើបពីប្រភពផ្សេងៗពីក្រុម Gestifute ដែលជាក្រុមហ៊ុនទីភ្នាក់ងាររបស់អ្នកតំណាងឲ្យលោក Mourinho គឺលោក Jorge Mendes កាសែត El Pais ចេញផ្សាយថា កិច្ចព្រមព្រៀងគ្នានេះត្រូវបានធ្វើឡើងដែលអាចនឹងធ្វើឲ្យអតីតគ្រូបង្វឹករបស់ក្រុម Chelsea រូបនេះទទួលបានចំណូល១៥លានផោន (ស្មើនឹង២១,៧លានដុល្លារអាមេរិក) បើទោះបីលោកមិនទទួលបានតំណែងនៅឯកីឡដ្ឋាន Old Trafford ក៏ដោយ។ កាលពីសប្តាហ៍មុន លោក Mourinho បានបញ្ជាក់ថា លោកចង់ចូលរួមជាមួយនឹងក្លិបថ្មីមួយនៅរដូវក្តៅនេះ ក្រោយពីបាន «ដឹង និងស្តាប់នូវព័ត៌មានមិនពិតជាច្រើនអំពីអនាគតរបស់លោក»។ បើយោងទៅតាមកាសែតអេស្ប៉ាញ El Pais កាលពីរាត្រីថ្ងៃសៅរ៍ គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរួចជាស្រេចកាលពីខែមុនដើម្បីផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford បើទោះបី Man United នៅតែរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរចិត្តរបស់ពួកគេក៏ដោយ។ កាសែតនេះបានចេញផ្សាយថា៖ «ប្រសិនបើ Man United មិនចុះហត្ថលេខាលើកុងត្រាចុងក្រោយជាមួយនឹងលោក Mourinho នៅមុនថ្ងៃទី១ ខែឧសភា ទេនោះ ពួកគេត្រូវតែបង់ប្រាក់៥លានផោន ហើយប្រសិនបើនៅត្រឹមថ្ងៃទី១ ខែមិថុនា លោកនៅតែមិនទាន់ចុះហត្ថលេខា ពួកគេនឹងផ្តល់សំណង១០លានផោនផ្សេងទៀត»៕

លោក Mourinho លួចចុះកុងត្រាជាមួយ Man Utd

ប្រែសម្រួលដោយ៖ www.188bet.com
ប្រភព៖ Bangkok Post