គម្រោង​បង្ហោះ​ផ្កាយរណប​​ប្រទេស​កម្ពុជា​ ទៅ​មិន​ទាន់​រួច

គម្រោង​ការ​បង្ហោះ​ផ្កាយ​រណប​របស់​ប្រទេស​កម្ពុជា មាន​រយៈ​ជិត ៥ ឆ្នាំ ប៉ុន្តែ​ការ​ដំណើរការ​ពិត​ប្រាកដ​នៅ​មិន​ទាន់​អាច​ទៅ​រួច​នៅ​ឡើយ។ លោក​សុខ ពុទ្ធិវុឌ្ឍ ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​​អាច​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត ទាំង​ការ​ស្វែង​រក​ប្រភព​ថវិកា​និង​ការ​ពង្រឹង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​អាច​ធ្វើការ​លើ​គម្រោង​នេះ។

លោក សុខ ពុទ្ធិវុធ ដែល​ជា​ប្រធាន​សហព័ន្ធ​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍ (ICT Federation) បាន​លើក​ឡើង​នា​ឱកាស​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Inno Tech ថ្មីៗ​នេះ​ថា កម្ពុជា​នៅ​មិន​ទាន់​អាច​ទៅ​រួច​ទេ​បើ​ទោះ​បី​ប៉ុន្មាន​ឆ្នាំ​មុន​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ចាប់​ដៃគូ​​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជំរុញ​គម្រោង​បង្ហោះ​ផ្កាយ​រណប​ដំណើរ​តាម​ការ​គ្រោង​ទុក។លោក​ថា មាន​កត្តា​ជា​ច្រើន​ដែល​នាំ​រាំង​ស្ទះ​ដល់​គម្រោង​បង្ហោះ​ផ្កាយរណប​របស់​ប្រទេស​កម្ពុជា​ដូចជា​ការ​ចំណាយ​វិនិយោគ​ដែល​មាន​ទំហំ​ធំធេង​ពេក និង​ណាមួយ​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​ក៏​នៅ​មាន​កម្រិត​។

យ៉ាង​ណា​លោក​ថា បច្ចេកវិទ្យា​ទំនើប​បាន​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​ការ​អនុវត្ត​គម្រោង​នេះ ស្រប​ពេល​ដែល​ធនធាន​មនុស្ស​ក្នុង​ស្រុក​ក៏​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​។លោក​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ពិចារណា​ឡើង​វិញ សម្រាប់​ការ​បន្ត​គម្រោង​បង្ហោះ​ផ្កាយរណប ដើម្បី​បញ្ជាក់​ពី​ស្វ័យភាព កិត្យានុភាព និង​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍​ ហើយ​ដែល​ប្រទេស​កម្ពុជា​នឹង​លែង​ចាំ​បាច់​ជួល​ផ្កាយរណប​ប្រទេស​ជិតខាង​ប្រើប្រាស់​ត​ទៅ​ទៀត។

កាល​ពី​ឆ្នាំ ២០១១ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​គម្រោង​បង្ហោះ​ផ្កាយ​រណប ដោយ​មាន​ការ​សហការ​ពី​ដៃគូ​ឯកជន។ ការ​អនុវត្ត​ការងារ​នេះ​ត្រូវ​ប៉ាន់​ប្រមាណ​ថា​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពី ២៥០ ទៅ ៣៥០ លាន​ដុល្លារ​អាមេរិក។ គេ​សង្ឃឹម​ថា ផ្កាយរណប​កម្ពុជា​លើក​ដំបូង​ដែល​មាន​ឈ្មោះ​ថា Cambodian Satellite 1 នឹង​អាច​បាញ់​បង្ហោះ​ក្នុង​តារា​វិថី​ក្នុង​ឆ្នាំ ​២០១៣។ យ៉ាង​ណា​គម្រោង​នេះ​​នៅ​ស្រពេចស្រពិល​និង​​​ជាប់​គាំង​មក​ទល់​ពេល​នេះ៕

ប្រភព៖ vow

  • គម្រោង​បង្ហោះ​ផ្កាយរណប​​ប្រទេស​កម្ពុជា​ ទៅ​មិន​ទាន់​រួច已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ជីវិតនិងសង្គម
Tags: