ភាគី​ពាក់ព័ន្ធ​ខាង​វិស័យ​រ៉ែ​រិះរក​មធ្យោបាយ​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​មាន​ចិរភាព

ភ្នំពេញ—ក្រុម​វាគ្មិន​ដែល​ឆ្លាស់​វេន​គ្នា​ជាង​១០​នាក់​មកពី​អង្គការ​ ទី​ភ្នាក់​ងារ​ជំនួយ ​និង​អ្នក​តំណាង​ក្រុម​ហ៊ុន​ធ្វើអាជីវកម្មរ៉ែ​នៅ​កម្ពុជា ​បាន​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ​នៅ​ក្នុង​សិក្ខាសាលា​មួយ ក្នុង​ទីក្រុង​ភ្នំពេញ ​ដើម្បី​ឲ្យ​មាន​ការ​យក​រ៉ែដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដោយ​មាន​និរន្តរភាព ​ដែល​រួមមាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ការ​អភិវឌ្ឍ​បរិស្ថាន ​និង​ការ​អភិវឌ្ឍ​សង្គម ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។

ភាគី​ពាក់ព័ន្ធ​ខាង​វិស័យ​រ៉ែ​រិះរក​មធ្យោបាយ​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​មាន​ចិរភាព

វាគ្មីន​ចូលរួម​ពិភាក្សា​ពី​មធ្យោបាយ​អភិវឌ្ឍ​វិស័យ​រ៉ែ នៅក្នុង​សិក្ខា​សាលា​ស្តី​ពី​ឧស្សាហកម្ម​និស្សារណកម្មដែលត្រូវបាន​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​ផ្ដល់​យោបល់​ និង​ពិភាក្សា​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​សាជីវកម្ម​ចំពោះ​សង្គម ​ឬ​ហៅកាត់​ថា CSR នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី២១ ខែមីនា ឆ្នាំ​២០១៦។ (ពិន ស៊ីសុវណ្ណ/VOA)

សិក្ខា​សាលា​ស្តី​ពី​ឧស្សាហកម្ម​និស្សារណកម្ម ​ ត្រូវបាន​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​ផ្ដល់​យោបល់​ និង​ពិភាក្សា​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​សាជីវកម្ម​ចំពោះ​សង្គម ​ឬ​ហៅកាត់​ថា CSR រួម​សហការ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍ​អន្តរជាតិ (USAID) ​អង្គការ Oxfam ​សមាគម​ក្រុមហ៊ុន​ស្រាវជ្រាវ រុករក​ និង​ធ្វើ​អាជីវ​កម្ម​រ៉ែ​នៅ​កម្ពុជា (CAMEC) ព្រម​ទាំង​ស្ថាប័ន​មួយ​ចំនួន​ទៀត។

អ្នកស្រី​ Erin Lyon​ មន្ត្រី​ទទួល​ខុស​ត្រូវ​របស់​សាជីវកម្ម​ចំពោះ​សង្គម និង​បរិស្ថាន ឬ​ហៅ​កាត់​ថា CSRនិង​ជា​អ្នក​រៀបចំ​សិក្ខាសាលា​ស្តីពី​ឧស្សាហកម្ម​និស្សារណកម្ម (រ៉ែ ប្រេង​និង​ឧស្ម័ន) នេះ​ បាន​ប្រាប់ VOA ​ថា ​សិក្ខា​សាលា​នេះ​មាន​បំណង​ឲ្យ​ភាគី​ពាក់ព័ន្ធ​ការ​អភិវឌ្ឍ​ទាំងអស់​មាន​ឱកាសបង្ហាញ​បញ្ហា​នានា​ដែល​ខ្លួន​ប្រឈម​ដើម្បី​ឲ្យ​ភាគី​ផ្សេង​បាន​ដឹង។

ក្រៅ​ពី​នេះ សិក្ខាសាលា​នេះ​ក៏​បង្ហាញ​អំពី​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​អាជីវកម្មរ៉ែ​ប្រកប​ដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ដែរ។​

អ្នកស្រី Erin Lyon​ ​និយាយ​ថា ​ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព ​ត្រូវ​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់។​

«ចំណុច​សំខាន់​ដែល​យើង​ចង់​ពិនិត្យ​មើល​ថ្ងៃ​នេះ​គឺ​ជា​របៀប​ដែល​ពួកគេ​អាច​ធ្វើការ​អភិវឌ្ឍ​រួមគ្នា​ ជួយ​គ្នា​ទៅ​វិញ​ទៅមក​ ដើម្បី​កុំ​ឲ្យ​ភាគី​ម្ខាង​មាន​ប្រយោជន៍​ ភាគី​ម្ខាង​ទៀត​ខាត​ប្រយោជន៍»។

ភាគី​ពាក់ព័ន្ធ​ខាង​វិស័យ​រ៉ែ​រិះរក​មធ្យោបាយ​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​មាន​ចិរភាព

សិក្ខា​សាលា​ស្តី​ពី​ឧស្សាហកម្ម​និស្សារណកម្ម ​ត្រូវបាន​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​ផ្ដល់​យោបល់​ និង​ពិភាក្សា​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​សាជីវកម្ម​ចំពោះ​សង្គម ​ឬ​ហៅកាត់​ថា CSR នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី២១ ខែមីនា ឆ្នាំ​២០១៦។ (ពិន ស៊ីសុវណ្ណ/VOA)

ក្នុង​ពេល​ថ្លែង​បើក​សិក្ខាសាលា​កាលពី​ថ្ងៃច័ន្ទ​នេះ អ្នកស្រី​ លឹម សូលីន​ នាយិកា​រង​ប្រចាំ​តំបន់អាស៊ី​របស់​អង្គការ​ Oxfam ​បាន​ថ្លែង​ទៅកាន់​អ្នក​ចូលរួម​ជាង​៧០​នាក់​ថា ​ក្រុម​ហ៊ុន​ដែល​វិនិយោគ​នៅ​កម្ពុជា ​អាច​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ​ហើយ​ក៏​មាន​ឥទ្ធិពល​ដល់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ផង​ដែរ។

អ្នកស្រី​បន្ថែម​ថា ក្រៅ​ពី​នេះ​ ក្រុម​ហ៊ុន​ក៏​មាន​កាតព្វកិច្ច​ជួយ​បង្ការ​ កាត់​បន្ថយផល​ប៉ះពាល់​ដល់​ការ​បរិស្ថាន​ ​និង​សិទ្ធិ​មនុស្ស​ផង​ដែរ។​

លោក ​ម៉េង សក្តិធារ៉ា ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែល​មាន​ការ​ប្រឹក្សា​ពី​ភាគី​ទាំងអស់ ​ដោយ​លោក​ហៅ​ថា ​ជា​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែល​នឹង​មិន​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ។

លោកនិយាយ​ថា ​រដ្ឋាភិបាល​បាន​ដក​ហូត​អាជ្ញាប័ណ្ណ​ពី​ក្រុម​ហ៊ុន​ជិត​១០០​ដែល​មិន​គោរព​ច្បាប់​ធ្វើ​អាជីវកម្ម​រ៉ែ។

លោក ម៉េង សក្តិធារ៉ា ប្រាប់​សិក្ខា​សាលា​ថា ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើន​ ហើយ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ មាន​តម្លាភាព​បាន​ចាប់​ផ្ដើម​ហើយ។

ប៉ុន្តែ លោក​ក៏​បាន​និយាយ​ដែរ​ថា ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មិន​ល្អ​អាច​បន្ត ​តែ​វា​នឹង​មិន​អាច​នៅ​យូរ​ត​ទៅ​ទៀត​ទេ។​ លោក​បាន​ឲ្យ​ដឹង​ថា ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្តី​អំពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ដើម្បី​ពិភាក្សា​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​ Richard Stanger ​ប្រធាន​សមាគម​ក្រុមហ៊ុន​ស្រាវជ្រាវ រុករក​ និង​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​ បាន​ប្រាប់​ VOA​ ថា​ ការ​ពិភាក្សា​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ភាគី​សាជីវកម្ម​នេះ​ បាន​ក្លាយ​ជា​ប្រធានបទ​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង។

លោក​និយាយ​ថា ​វេទិកា​អំពី​ឧស្សាហកម្ម​និស្សារណកម្ម​នេះ​ នឹង​ជួយ​ច្រើន​ដល់​ការ​ធ្វើការ​រួម​គ្នា​ដើម្បី​ការ​អភិវឌ្ឍ​ដែល​មាន​ចិរភាព។​

«ខ្ញុំ​គិត​ថា ​ក្រុមហ៊ុន​ដែល​មាន​អ្នក​តំណាង​នៅ​ថ្ងៃ​នេះ ​ជាពិសេស​អ្នក​ដែល​ចៅហ្វាយ​របស់​គេ​ចាត់តាំង​ឲ្យ​មក​នោះ​ គឺ​ពួកគេ​កំពុង​ធ្វើ​រឿង​ជាច្រើន​បាន​ត្រឹម​ត្រូវ»។

លោក​និយាយ​ថា ​ក្រុមហ៊ុន​ធ្វើ​អាជីវ​កម្ម​រ៉ែ​ត្រូវ​គេ​ចាប់​អារម្មណ៍​ច្រើន ​និង​ងាយ​រង​ការ​ពិនិត្យ​ពិច្ច័យ​ពី​អ្នករិះគន់ រីឯ​ក្រុម​ហ៊ុន​ផ្សេងទៀត​ ដូចជា​ក្រុមហ៊ុន​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ហាក់​ដូច​ជា​មិន​ប្រឈម​នឹង​ការ​ពិនិត្យ​ពិច្ច័យ​ច្រើន​ទេ។

អ្នកស្រី​ ដាំ ច័ន្ធី ​អាយុ​៦០ឆ្នាំ​ ជនជាតិ​ដើម​ភាគតិច​ទំពួន​ មក​ពី​ភូមិ​តាឡាវ ​ឃុំ​តាឡាវ​ ស្រុក​អណ្ដូង​មាស ​ខេត្ត​រតនគិរី​ បាន​ប្រាប់ ​VOA​ ថា ​សិក្ខា​សាលា​នេះ​ល្អ​ ព្រោះ​វា​បាន​ផ្ដល់​បទ​ពិសោធន៍​ល្អៗ​ពី​ប្រទេស​នានា។

អ្នកស្រី​និយាយ​ថា ​ក្រុមហ៊ុន ​និង​រដ្ឋាភិបាល​ត្រូវ​ស្វែង​យល់​ពី​ការ​លំបាក​របស់​សហគមន៍។ រី​ឯ​សហគមន៍​ក៏​ត្រូវ​យល់​ដឹង​អំពី​ផល​ប្រយោជន៍​នៃ​ការ​យក​រ៉ែ។ ​អ្នកស្រី​និយាយ​ថា ​សហគមន៍​ត្រូវ​បាន​ផល​ប្រយោជន៍​ពី​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ។​

«អ្នក​ដែល​រស់នៅ​ទីនោះ​មាន​ផល​ប៉ះពាល់​ច្រើន​មែនទែន។​ ស្រែ​គាត់​ ចម្ការ​គាត់ ​ភូមិ​គាត់​នៅ​ក្បែរៗ​នោះ​ អញ្ចឹង​ទៅ​ណា៎។​ គាត់​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​មែនទែន​ បើ​សិន​ណា​យើង​អត់​យក​ចិត្ត​ទុកដាក់ អត់​បណ្ដុះ​បណ្ដាល​ឲ្យ​គាត់​យល់​ ​ហើយ​និយាយ​ឲ្យ​ច្បាស់ៗ​ពី​ផល​ប្រយោជន៍​នៃ​ការ​រុករក​នៃ​ការ​ប្រើប្រាស់។​ ហើយ​ពួកគាត់​ត្រូវ​មាន​ប្រយោជន៍​អី​ខ្លះ?»

តំណាង​ក្រុម​ហ៊ុនក៏​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ដែរ​ថា ​ពន្ធ​និង​សួយសារអាករ​លើ​សាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​ មាន​កម្រិតខ្ពស់ ហើយ​ក្រុម​ហ៊ុន​ប្រឈម​នឹង​ការ​ចំណាយ​ផ្សេង​ទៀត ​ព្រម​ទាំង​មាន​ការ​ទទួល​ខុសត្រូវ​ជួយ​សហគមន៍​ពាក់​ព័ន្ធ​ទៀត​ផង។​

សិក្ខាសាលា​ដែល​ធ្លាប់​បាន​រៀបចំ​ឡើង​ម្តង​ហើយនៅ​ប្រទេស​សិង្ហបុរី​នោះ ក៏​នឹង​បន្ត​ធ្វើ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​នេះទៀត ដែល​ជា​ថ្ងៃ​ចុង​ក្រោយ៕

ប្រភពៈ VOA