លោក ហ៊ុន សែន ថា​​នឹង​ធ្វើ​ជា​នាយករដ្ឋមន្រ្តីរហូត​ដល់​លោក​ខ្ជិលធ្វើ​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទ​នេះ​ បាន​ថ្លែង​ថា​ការផ្លាស់ប្តូរ​មិន​មែន​សំដៅ​តែ​លើ​ការផ្លាស់ប្តូរ​អ្នក​ដឹកនាំ​​នោះទេ​ ដោយ​លោក​លើក​ឡើង​ថា​លោក​នឹង​បន្ត​ធ្វើ​នាយករដ្ឋមន្រ្តី​រហូត​ដល់​លោក”ខ្ជិលធ្វើ”។

លោក​បាន​ថ្លែង​បែប​នេះ​ជា​ការ​ការ​ពារ​ហេតុ​ផល​នៃ​ការ​រុះរើ​គណៈ​រដ្ឋមន្រ្តី ដោយ​ឆ្លើយ​តប​នឹង​​អ្នក​រិះគន់មួយចំនួន​ដែល​លោក​ថា​រិះ​គន់​ថា​ការរុះរើគណៈរដ្ឋមន្រ្តី គឺ”​មុខដដែលៗ”។

លោក ហ៊ុន សែន ថា​​នឹង​ធ្វើ​ជា​នាយករដ្ឋមន្រ្តីរហូត​ដល់​លោក​ខ្ជិលធ្វើ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ក្នុងពិធីប្រកាសដាក់ឲ្យ​អនុវត្តដំណាក់កាលទី៣នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: លោក​ ហ៊ុន សែន បានលើក​ឡើង​ថា​​មនុស្ស​ចាស់ដែលមានគំនិតថ្មី​គឺ​ជា​យុវជនមួយរូប។ លោក​បន្ត​ថា​លោក​នឹង​កាន់​អំណាច​ជា​នាយករដ្ឋមន្រ្តី ដរាបណា​ប្រជា​ជន​នៅគាំទ្រ​រូបលោក។​

លោក​មានប្រសាសន៍ថា៖ “អាយុ៨០ក៏ដោយ ក៏ប៉ុន្តែបើ​សិន​ជា​មានគំនិតថ្មី វា​ក៏ជាយុវជនដែរ។ អាហ្នឹង​និយាយ​ឲ្យ​ច្បាស់គ្នាអញ្ចឹង។ អាផ្លាស់ប្តូរ វាមិន​ចាំ​បាច់​ផ្លាស់មនុស្សទេ។ និយាយ​អញ្ចឹងថាខ្ញុំមិន​ផ្លាស់ ទេ​ឲ្យ​ខ្ញុំទៅណា បើប្រជា​ជនបោះឆ្នោត​ឲ្យ​ខ្ញុំ  ខ្ញុំនៅតែធ្វើតែ​អញ្ចឹង ធ្វើ​រហូត​ដល់​ខ្ញុំទាល់​តែ​ខ្ជិលធ្វើ និយាយឲ្យ​វាត្រង់ៗអញ្ចឹងហ្មង”

លោក ហ៊ុន សែន ក៏​បាន​រិះគន់​គណបក្ស​ប្រឆាំងនិង​មនុស្ស​មួយ​ចំនួន​ដែល​លោក​ថាជា​មនុស្ស​ដដែល​ៗ​រិះគន់​រដ្ឋាភិបាល​។ លោក​មានប្រសាសន៍ថា​៖ “ខ្ញុំសូមផ្តាំអស់​លោកអ្នក បើ​ទោះ​បីមុខចាស់ក៏ដោយ ប៉ុន្តែ​ចរិតការងារ​ឲ្យ​វាថ្មី អាហ្នឹង​ហើយការផ្លាស់ប្តូរនោះ។ វាមិន​ចាំបាច់​តែ​មុខថ្មី បានវា​ហៅការផ្លាស់ប្តូរទេ​។ មុខចាស់ក៏ប៉ុន្តែ​ធ្វើសកម្មភាពផ្លាស់ប្តូរ អាហ្នឹង​បានវាផ្លាស់ប្តូរ វា​នៅ​កន្លែង​ហ្នឹង​ឯង។ អាមុខថ្មី វា​មិនទាន់​ប្រាកដ​ថា​វា​ផ្លាស់ប្តូរទេ។ វាផ្លាស់ប្តូរតែមនុស្ស ក៏​ប៉ុន្តែ​វាទៅរឿងមួយផ្សេង”។ តែ​អាមុខ​ចាស់ ដែលមិន​ផ្លាស់ប្តូរ ទើបវាខ្លាំង ព្រោះ​វា​ពូកេយល់ដឹងណាស់”

កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី​បាន​ដាក់​សំណើ​ទៅរដ្ឋសភា ដោយ​លោក​បាន​សម្រេចបញ្ចប់មុខ​ងារ​រដ្ឋមន្រ្តីចំនួន​៣រូបនិង​ផ្លាស់ប្តូរ​​រដ្ឋមន្រ្តីចំនួន​៥រូប ឲ្យ​ទៅ​ដឹកនាំ​ក្រសួងផ្សេងវិញ​។​ ​ រដ្ឋមន្រ្តី​ដែល​ត្រូវ​បានបញ្ចប់មុខងារនោះមាន​រដ្ឋមន្រ្តីការបរទេស លោក​ ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងដែនដី លោក អ៊ឹម ឈុនលឹម និង​រដ្ឋមន្រ្តីក្រសួង​ធម្មការ លោក មិន ឃិន។

​គួររំឮកថាកាលពីថ្ងៃ​ទី​៣ខែមីនា ឆ្នាំ​២០១៥ លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា​លោក​នឹង​អា​ច​រស់​នៅ​បាន​យ៉ាងតិច​៣០ឆ្នាំទៀត ប៉ុន្តែ​មិន​មែនមានន័យ​​ថា​លោក​នឹង​ឈរ​ជា​នាយករដ្ឋមន្រ្តីប្រទេស​កម្ពុជា រហូត​ដល់​៣០​ឆ្នាំ​ទៀត​នោះទេ​។ ចំណែក​កាលពីខែមេសា ឆ្នាំ​២០១៥ ហ៊ុន សែន បាន​ប្រកាស​ថាគណបក្សប្រជាជនកម្ពុជានឹង​ឈ្នះ​ការ​បោះឆ្នោត​​សម្រាប់​អាណត្តិ​ទី​៦​ នៅ​ឆ្នាំ​២០១៨ខាងមុខ​នេះ​ ដោយ​លោក​អះអាង​ថា​លោក​នឹង​ធ្វើ​ជា​បេក្ខភាព​នាយ​ក​រដ្ឋមន្រ្តីដដែល។​

គួរ​បញ្ជាក់​ថា​លោក​ ហ៊ុន សែន បាន​កាន់អំណាច​ជា​នាយក​រដ្ឋមន្រ្តី​បាន​ជាង​៣០ឆ្នាំមកហើយ​រហូត​មក​ដល់ពេលនេះ។ កាល​ពី​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​លើ​គណបក្ស​ប្រជាជ​នកម្ពុជាដែ​លដឹកនាំ​ រដ្ឋាភិបាល​បាន​ធ្លាក់​ចុះ​ពី​៩០​អាសនៈ​មក​ត្រឹម​៦៨អាសនៈប៉ុណ្ណោះ៕

ប្រភពៈ VOD